គណបក្សនយោបាយមួយចំនួនគាំទ្រទាំងស្រុងចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ គណបក្សនយោបាយមួយចំនួន បានប្រកាសគាំទ្រទាំងស្រុងចំពោះការធ្វើវិសោធនកម្មមាត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងបានហៅការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ជាការ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងស្របទៅតាមគោលការណ៍របបសភានិយម និងដើម្បីផលប្រយោជន៍ជាតិ។

គណបក្សនយោបាយដែលចេញសេចក្តីថ្លែងការណ៍គាំទ្រទាំងស្រុងចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មានដូចជា គណបក្សខ្មែររួបរួមជាតិ គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែរតែមួយ។ ការគាំទ្រនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភាបានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដោយសំឡេងគាំទ្រ ១០៥លើ១០៦សំឡេង។

នៅក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សខ្មែររួបរួមជាតិ គឺបានប្រកាសគាំទ្រទាំងស្រុង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា ១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃ រដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម ដែលរដ្ឋសភាបានអនុម័តកាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយសំឡេងយល់ព្រម ១០៥ លើ១០៦។
គណបក្សខ្មែររួបរួមជាតិ បានយល់ឃើញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ ជាការ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងស្របទៅតាមគោលការណ៍របបសភានិយម។

ចំណែកគណបក្សយុវជនកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍ប្រកាសគាំទ្ររដ្ឋសភាជាតិ នៃកម្ពុជា ដែលបានធ្វើវិសោធនកម្មនូវ មាត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញ ដើម្បីបម្រើផលប្រយោជន៍ជាតិ។ គណបក្សយុវជនកម្ពុជា មើលឃើញថា មាននូវមាត្រាមួយចំនួនដែលវិសោធនកម្មនោះបានតម្រូវឱ្យថ្នាក់ដឹកនាំកំពូលជាតិមានសញ្ញាតិតែមួយ គឺចំណុចយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជនបរទេសមកត្រួតត្រាប្រទេសកម្ពុជា និងទប់ស្កាត់បានពួកបរទេសឡើងកាន់អំណាចក្នុងស្ថាប័នកំពូលប្រទេសកម្ពុជារបស់យើង។ ជាហេតុនាំកម្ពុជាបាត់បង់ភាពជាម្ចាស់ប្រទេសខ្លួនឯង ក្នុងន័យនេះ គណបក្សយុវជនកម្ពុជា សូមគាំទ្រចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ។

រីឯកគណបក្សខ្មែរតែមួយ បានប្រកាសគាំទ្រទាំងស្រុងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលបានអនុម័តលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការស្នើសុំធ្វើវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម។ គណបក្សខ្មែរតែមួយ បានកត់សម្គាល់ឃើញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺដើម្បីការពារប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ តាមបែបរបបសភានិយម និងការពង្រឹងបន្ថែមនូវលទ្ធិប្រជាធិបតេយ្យមូលដ្ឋានដែលមានប្រជាពលរដ្ឋជាម្ចាស់ឆ្នោត និងម្ចាស់អំណាច ដូចសព្វថ្ងៃនេះ។

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបានបញ្ជាក់ជូនរដ្ឋសភាថា “ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នៃរដ្ឋធម្មនុញ្ញនាពេលនេះ គឺមិនត្រឹមតែមិនប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ តាមបែបរបបសភានិយមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលមានប្រជាពលរដ្ឋជាម្ចាស់អំណាច ហើយធ្វើឲ្យប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស និងប្រព័ន្ធរបបសភានិយម មានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូន និងមិនមានការរាំងស្ទះជាពិសេសការបំពេញបាននូវចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញនិងការធានាឲ្យស្ថាប័នរដ្ឋ ពិសេសអំណាចនីតិប្រតិបត្តិដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋមានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូនមិនជាប់គាំងប្រកបដោយនិរន្តភាពនៅគ្រប់កាលៈទេសៈ ដើម្បីបំពេញបេសកកម្មបម្រើផលប្រយោជន៍របសើជាតិ និងប្រជាជនកម្ពុជា ដូចអ្វីដែលរាជរដ្ឋាភិបាលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងហេតុជូនមករដ្ឋសភា”។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបានបញ្ជាក់ទៀតថា ការលើកឡើងរបស់អង្គការសង្គមស៊ីវិល អ្នកវិភាគមួយចំនួនតូច និងគណបក្សនយោបាយ ដោយមិនបានសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់លើសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ និងរដ្ឋធម្មនុញ្ញទាំងមូលនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការលើកឡើងនៅក្នុងញ្ញត្តិរួមរបស់គណបក្សនយោបាយចំនួន៤ ដែលបានដាក់ជូនរដ្ឋសភា គឺជាការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ មិនត្រឹមត្រូវតាមខ្លឹមសារពិតប្រាកដ នៃសំណើវិសោធនកម្មនោះទេ ហើយការលើកឡើងដែលមានចរិកជាការបំភ្លៃការពិតខុសពីខ្លឹមសារពិតប្រាកដទាំងស្រុង នៃសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០៕
ដោយ៖ពលជ័យ

ads banner