កិច្ចប្រជុំគណៈកម្មាធិការរប្រតិបត្តិអាស៊ានប៉ារ៉ាហ្គេមលើកទី១១អបអរសាទរកម្ពុជាទទួលធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣
សូឡូ៖ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាជនពិការអាស៊ាន (APSF) ស្តីពីដំណើរការរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅឥណ្ឌូនេស៊ី តាំងពីម៉ោង៩ព្រឹករហូតដល់ជិតម៉ោង៣រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារ Swiss BelHotel ក្នុងទីក្រុងសូឡូបានធ្វើការអបអរសាទរដល់ប្រទេសកម្ពុជាដែលទទួលរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះដឹកនាំដោយលោក Osoth Bhavilai ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន គណៈកម្មការម្ចាស់ផ្ទះឥណ្ឌូនេស៊ី និងតំណាងប្រតិភូមកពីប្រទេសទាំង១១។ ជាមួយគ្នានេះ ឯកឧត្តម យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានចូលរួមជាគណៈអធិបតីក្នុងកិច្ចបប្រជុំ។
ឯកឧត្តមអគ្គលេខាធិការបានរៀបរាប់ថា គណៈកម្មការប្រតិបត្តិបានពិភាក្សាលំអិតលើរបៀបវារៈ និងសម្រេចបាននូវផ្លែផ្កាមួយគឺរបាយការណ៍ស្តីពីការអភិវឌ្ឍឆ្នាំមុនៗ។ កន្លងមក មានការរីកចម្រើនគួរឲ្យកត់សំគាល់ បើទោះជាមានវិបត្តិកូវីដ-១៩។ ការខកខានរៀបចំការប្រកួតមានតែប្រទេសហ្វីលីពីនប៉ុណ្ណោះ។ អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ត្រូវបានផ្ទេរមកម្ចាស់ផ្ទះឥណ្ឌូនេស៊ីជាផ្លូវការ។
ឯកឧត្តម យី វាសនា បានលើកឡើងថា ៖«អង្គប្រជុំបានធ្វើការអបរអសាទរនូវអ្វីដែលជាសកម្មភាពបានធ្វើ។ ក្រៅពីនេះ នាយករបស់ APSF ដែលដឹកនាំដោយលោកស្រី Wandee Tosuwan ជាអគ្គលេខាធិការ ហើយនាយកគណៈកម្មការនីមួយៗបានរាយការណ៍ម្នាក់ៗម្តងពាក់ព័ន្ធនឹងការរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ដែលមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាង APSF និងគណៈកម្មការទាំង១៤ជាមួយម្ចាស់ផ្ទះឥណ្ឌូនេស៊ីដើម្បីរៀបចំអាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះរយៈពេលតែ៣ខែគត់ដែលអាចដំណើរការបានដោយប្រសិទ្ធភាព»។
«ក្នុងនោះក៏មានការធ្វើបទបង្ហាញពីការរៀបចំអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។ ប្រតិភូមានការអបអរសាទរ និងត្រេកអរយ៉ាងខ្លាំងនូវការរៀបចំដ៏ល្អប្រពៃសម្រាប់អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ ជាពិសេសឆ្លើយតបទៅនឹងលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរវាង APSF និងគណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ របស់កម្ពុជា ដែលបានរៀបចំយ៉ាងរលូនក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ អីចឹងអង្គប្រជុំសូមចូលរួមគាំទ្រ និងអបអរសាទរនូវការត្រៀមលក្ខណៈដ៏អស្ចារ្យ មានសារសំខាន់ និងយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា»។ ឯកឧត្តម យី វាសនា បានសង្កត់ធ្ងន់។
ឯកឧត្តមបានបន្ថែមថា អង្គប្រជុំក៏បានសិក្សាលើរបៀបវារៈដែលនឹងត្រូវដាក់ជូនទៅក្រុមប្រឹក្សាសហព័ន្ធកីឡាជនពិការអាស៊ានសម្រាប់រៀបចំកិច្ចប្រជុំនៅថ្ងៃស្អែក ទី២៩ ខែកក្កដា ឆ្នាំ២០២២។
ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នឹងធ្វើពិធីបើកជាផ្លូវការនៅថ្ងៃទី៣០ ខែកក្កដា និងបិទនៅថ្ងៃទី៦ ខែសីហា នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី៕ ចាន់ វិចិត្រ












