វិនិយោគិន ខ្មែរបោះទុន ៧៨លានដុល្លារ សាងសង់រោងចក្រស្រាបៀរដ៏ធំមួយ និងបង្កើតការងារបាន ៥៥០កន្លែង

ភ្នំពេញ៖ រោងចក្រសា្របៀរ របស់ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) ដ៏ធំ និងទំនើបដែលយើងបានឃើញនៅទីនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីនផលិតស្រាបៀរបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតពីអឺរ៉ុប ដែលជាប្រទេសមានភាពល្បីល្បាញលើវិស័យផលិតស្រាបៀរលំដាប់ពិភពលោក ។

លោកជំទាវ ឧកញ៉ា សុខ សុភាព អគ្គនាយិកា ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) បានថ្លែងបែបនេះ ក្នុងពិធីផលិតស្រាបៀរដំបូងរបស់ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលរោងចក្រផលិតស្រាបៀរនេះមានទីតាំងស្ថិតនៅក្នុងភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

លោកជំទាវបន្តថា រោងចក្រដ៏ធំអស្ចារ្យមួយនេះ ចាប់ផ្ដើមសាងសង់កាលពីខែកក្កដា ឆ្នាំ២០២២ នៅលើផ្ទៃដី ១៥ហិចតា និងមានសមត្ថភាពផលិតស្រាបៀរបានចំនួន ៥០០,០០០ហិចតូលីត្រ ឬស្មើរនឹង ៦,៥០០,០០០កេសក្នុងមួយឆ្នាំៗ ព្រមទាំងអាចរួមចំណែកជាមួយរាជរដ្ឋាភិបាលបង្កើតការងារដល់យុវជនកម្ពុជាយើងចំនួន ៥៥០កន្លែងផងដែរ។

លោកជំទាវអគ្គនាយិការបន្ថែមថា រោងចក្រស្រាបៀរអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) មានអ្នកជំនាញផលិតដែលមានបទពិសោធខ្ពស់ រួមផ្សំនឹងសម្រិតសម្រាំងគ្រឿងផ្សំផលិតប្រកបដោយគុណភាពខ្ពស់ ដែលនឹងផ្ដល់នូវរសជាតិដ៏មហស្ចារ្យ និងទទួលបានភាពរីករាយលើសគេដល់អ្នកពិសាស្រាបៀរជាក់ជាមិនខានឡើយ ។

នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា “ការអភិវឌ្ឍប្រទេសមួយប្រកបដោយភាពរឹងមាំ ត្រូវការជាចាំបាច់នូវការចូលរួមយ៉ាងសកម្ម និងរស់រវើកពីវិស័យឯកជន។

ឯកឧត្តម ហ៊ុន ម៉ាណែត បន្តថា ជាមួយនឹងការគាំទ្រ និងលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច-វិនិយោគ គឺវិស័យឯកជននៅកម្ពុជាអាចអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស និងបានដើរតួនាទីជាឆ្អឹងខ្នងនៃខឿនសេដ្ឋកិច្ចជាតិ ដែលអាចចូលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងដោយប្រយោល តាមរយៈបង្កើនចំណូលពន្ធ និងការបង្កើនការវិនិយោគ ដែលអាចបង្កើតការងារជាបន្តបន្ទាប់ និងពង្រឹងភាពប្រកួតប្រជែង ព្រមទាំងលើកកម្ពស់ពិពិធកម្មសេដ្ឋកិច្ចជាតិ។

បន្ថែមលើនេះ វិស័យឯកជន ក៏មានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមដោះស្រាយបញ្ហាសង្គមផ្សេងៗ ដូចដែលយើងទាំងអស់គ្នាបានឃើញកន្លងមករួចមកហើយ តួយ៉ាងដូចជាការចូលរួមក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ជាដើម។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍នេះបានបង្ហាញឱ្យឃើញអំពីសក្តានុពលនៃវិស័យវិនិយោគនៅកម្ពុជា ហើយក៏ជាការគាំទ្រដល់ការបោះជំហានទៅមុខនៃចក្ខុវិស័យក្នុងការជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពី ”ឧស្សាហកម្មអតិពលកម្ម“ ឈានទៅជា “ឧស្សាហកម្មផ្អែកលើជំនាញ និងបច្ចេកវិទ្យា” ដូចមានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ របស់រាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) នឹងផ្តើមដំណើរការផលិតស្រាបៀរចំនួនពីរប្រភេទមុនគេ គឺ ស្រាបៀរ ម៉ាទ្រីដ និង ស្រាបៀរ ឡឺ ស្កុទី។

ការយកចិត្តទុកដាក់ខ្ពស់លើប្រព័ន្ធសុវត្ថិភាព សុខភាព អនាម័យយ៉ាងល្អឥខ្ចោះកម្រិតស្ដង់ដាអន្តរជាតិ និង ប្រព័ន្ធត្រួតពិនិត្យគុណភាពដែលប្រតិបត្តិដោយក្រុមការងារជំនាញច្បាស់លាស់ពីមន្ទីពិសោធន៍ចាប់តាំងពីដំណាក់កាលដំបូងរហូតដល់ចេញជាផលិតផលសម្រេច នឹងធ្វើឱ្យអ្នកពិសាទទួលបាននូវបទពិសោធថ្មីនៃរសជាតិស្រាបៀរដ៏ឆ្ងាញ់ប្លែក ស្រាល ស្រទន់ និងភាពរីករាយមិនអាចបំភ្លេចបាន៕ ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner