សមត្ថកិច្ចឃាត់ខ្លួនម្ចាស់ ក្រុមហ៊ុនអចលនទ្រព្យម្នាក់ ក្រោយពីស៊ីដាច់លុយជាង ១០ម៉ឺនដុល្លារ

ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុន ប៉ាត់ តាវី អចលនទ្រព្យ រកស៊ីទិញលក់ដីនិងសាងសង់លំនៅដ្ឋាន មានទីលំនៅភូមិ១«ខ» សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ដែលគេស្គាល់ថា ឈ្មោះ ប្រសើ ប៉ាត់តាវី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ ត្រូវកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួន ពាក់ព័ន្ធបទល្មើស រំលោភលើទំនុកចិត្ត រឿងស៊ីដាច់លុយជាង ១០ម៉ឺនដុល្លារអាមេរិក ដែលម៉ៅការសាងសង់ផ្សារបំណក់ ខេត្តពោធិ៍សាត់។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា លោក ប្រសើ ប៉ាត់តាវី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីកាបញ្ជាអោយចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និង ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដើម្បីចាត់ការតាមនីតិវិធី។

យោងតាមប្រភពព័ត៌មាន បង្ហើបឱ្យដឹងថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិ១ ខ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានអតិថិជនម្នាក់ បានធ្វើកិច្ចសន្យាព្រមព្រៀងទទួលម៉ៅការសាងសង់ ផ្ទះល្វែង និងផ្សារពីឈ្មោះ ប្រសើ ប៉ាត់ តាវី អគ្គនាយកក្រុមហ៊ុន ប៉ាត់ តាវី ដែលមានទីតាំងស្ថិតនៅផ្សារ បំណក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងតម្លៃទឹកប្រាក់សរុបប្រមាណ ជាង១លានដុល្លារអាមេរិក។

ក្រោយពីធ្វើកិច្ចសន្យារួចហើយ អតិថិជនរូបនេះ បានកុម្ម៉ង់ទិញសម្ភារៈសំណង់ដាក់ចូលការដ្ឋាន ដើម្បីសាងសង់ ដោយត្រូវចំណាយទឹកប្រាក់ផ្ទាល់ខ្លួនអស់ចំនួន ១២ម៉ឺនអាមេរិក និងប្រាក់ទិញឧបករណ៍ផ្សេងៗចំនួន៧.៥០០ដុល្លារ ទៀត។ បន្ទាប់មកទៀត អតិថិជណ ចាប់ផ្តើមសាងសង់ផ្ទះល្វែងបានមួយរយៈ ក៏ស្រាប់តែ ឈ្មោះ ប្រសើ ប៉ាត់ តាវី មានបញ្ហាទំនាស់គ្នាជាមួយម្ចាស់ដី ហើយក៏បានឲ្យអតិថិជន ផ្អាកការសាងសង់ដោយប្រើល្បិចកលទុច្ចរិត យល់ព្រមទូទាត់ប្រាក់ ដែល អតិថិជន ចំណាយអស់ប៉ុន្មានឱ្យគ្រប់ចំនួនវិញ។ ជាក់ស្តែង រហូតមកដល់ពេលនេះ ឈ្មោះ ប្រសើ ប៉ាត់ តាវី មិនបានទូទាត់ប្រាក់នោះ ឱ្យទៅ ឈ្មោះ អតិថិជន ដែលជាជនរងគ្រោះទេ ទើបអតិថិជន ដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួន អគ្គនាយក ក្រុមហ៊ុន ប្រសើ ប៉ាត់ តាវី នាំទៅអនុវត្តតាមផ្លូវច្បាប់តែម្តង៕ ដោយ ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner