គ.ជ.ប នឹងចាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ពីថ្ងៃ២០ តុលា ដល់៨ ធ្នូ

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានរយៈពេល៥០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា រហូតដល់ថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២។


ក្រៅពីខ្លឹមសារនេះ គ.ជ.ប ក៏បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួន ដែលអគ្គលេខាធិការដ្ឋាន គ.ជ.ប ស្នើសុំពិនិត្យ និងសម្រេចពី គ.ជ.ប។

ឯកសារដែលអគ្គលេខាធិការដ្ឋាន គ.ជ.ប ស្នើសុំ គ.ជ.ប ពិនិត្យ និងសម្រេច រួមមាន ៖

១. សេចក្តីព្រាង៖ សេចក្តីណែនាំស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ ។ ប្រតិទិននៃការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ ។ គំរូលិខិតអញ្ជើញសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ។ ទម្រង់បែបបទរបាយការណ៍ស្តីពីការផ្តល់លិខិតអញ្ជើញតាមភូមិសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ។ ទម្រង់បែបបទរបាយការណ៍សរុបលទ្ធផលស្តីពីការផ្តល់លិខិតអញ្ជើញក្នុងឃុំ សង្កាត់ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។
២. សៀវភៅគោលស្តីពីលទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតនៅកម្ពុជា។
៣. សេចក្តីណែនាំស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់បម្រើឱ្យការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។
៤. ឯកសារផ្សព្វផ្សាយអប់រំសាធារណជន រួមមាន ខ្លឹមសារបដាផ្សព្វផ្សាយអំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ខិត្តប័ណ្ណសំណួរ-ចម្លើយស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ។ ខិត្តប័ណ្ណគំរូប្លង់ការិយាល័យចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។
៥. លិខិតជូនឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ពាក់ព័ន្ធនឹងការផ្តល់យោបល់លើ Factual Errors នៃសេចក្តីព្រាងរបាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពីតួនាទី និងសមិទ្ធផលរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងការជួយរដ្ឋាភិបាល និងប្រជាជនកម្ពុជា លើកកម្ពស់ និងការពារសិទ្ធិមនុស្ស។
៦. ទម្រង់បែបបទសម្រាប់ក្រុមចុះឈ្មោះបោះឆ្នោតបំពេញការងារ និងទម្រង់ស្រោមសំបុត្រដាក់សម្ភារឯកសារសម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់រួចមក គ.ជ.ប បានសម្រេចកែសម្រួល និងឯកភាពជាគោលការណ៍លើខ្លឹមសារឯកសារដែលបានស្នើឡើង លើកលែងតែសៀវភៅគោលស្តីពីលទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតនៅកម្ពុជា ដែលអង្គប្រជុំ គ.ជ.ប សម្រេចឱ្យអង្គភាពជំនាញពិនិត្យ និងរៀបចំខ្លឹមសារឡើងវិញ រួចដាក់ឆ្លង គ.ជ.ប ម្តងទៀត ដោយមិនឱ្យផុតពីឆ្នាំ២០២៣ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner