ជនសង្ស័យ ០២នាក់ ជាមុខសញ្ញាឆក់ទ្រព្យសម្បត្តិពីប្រជាពលរដ្ឋ យ៉ាងសកម្ម ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ
ភ្នំពេញ ៖ នៅរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងជំនាញ ការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ បានបញ្ជូនខ្លួន ជនសង្ស័យចំនួន ០២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធី ពាក់ព័ន្ធនឹងករណីឆក់ទូរស័ព្ទដៃ ០១គ្រឿង ពីប្រជាពលរដ្ឋ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យចំនួន ០២នាក់ ខាងលើនេះ ទី១: ឈ្មោះ សូ តុលា ហៅខ្លា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងទី២: ឈ្មោះ ថា សុធារិទ្ធិ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស ស្រុកកំណើត រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
សូមជម្រាប់ថា ជនសង្ស័យទាំងពីររូបនេះ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ ចាប់ឃាត់ខ្លួន ខណៈដែលពួកគេ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPhone 8 ពណ៌មាស កាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ចំពោះមុខ កម្លាំងសមត្ថកិច្ចជំនាញ ជនសង្ស័យខាងលើនេះ បានសារភាពថា ពួកខ្លួន បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ០១គ្រឿង ពីជនរងគ្រោះ ពិតប្រាកដមែន។ ហើយពួកខ្លួន ក៏ជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិមានតម្លៃពីប្រជាពលរដ្ឋជាច្រើនលើក ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញផងដែរ ៕ ដោយ ៖ ឆៃហួត





