គណបក្សធម្មាធិបតេយ្យ គាំទ្រទាំងស្រុងនូវវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញ

ភ្នំពេញៈ គណបក្សធម្មាធិបតេយ្យ បានប្រកាសគាំទ្រទាំងស្រុងនូវវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភាបានអនុម័តទាំងស្រុងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ សំដៅបម្រើឧត្តមប្រយោជន៍របស់ជាតិ គឺការធានាឲ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិ ដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋមានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាពនៅ គ្រប់កាលៈទេសៈ និងការធានាការពារ និងថែរក្សា ឲ្យបាននូវសន្តិភាពសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។ នេះបើយោងតាមញ្ញត្តិគាំទ្ររបស់គណបក្សធម្មាធិបតេយ្យ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

សូមបញ្ជាក់ថា សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដានេះ បានធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្ម មាត្រា១៩ថ្មី (មួយ) មាត្រា ៨៩ មាត្រា ៩៨ ថ្មី មាត្រា ១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា ១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ថ្មី និង មាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ក្នុងសំឡេង១០៥ លើ១០៦សំឡេង។

សូមជម្រាបថា គណៈរដ្ឋមន្ត្រី​បាន​បញ្ជូន​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រាមួយ​ចំនួន​ទៅ​រដ្ឋសភា​កាលពី​ថ្ងៃទី​១៣ ខែកក្កដា​បន្ទាប់ពី​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​៨​ខែកក្កដា​បាន សម្រេច​អនុម័ត​ទាំងស្រុង​និង​ការបញ្ជាក់​អំពី​ធម្មនុញ្ញភាព​ដោយ​ក្រុមប្រឹក្សាធម្មនុញ្ញ​កាលពី​ថ្ងៃទី​១៣​ខែកក្កដា ផងដែរ​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៣​ខែកក្កដា ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ក្រាបបង្គំ​ទូលថ្វាយ​ព្រះមហាក្សត្រ​ដោយ​ផ្អែកលើ​មាត្រា​១៥៣​ថ្មី (​ពីរ មាត្រា​១៥១​ថ្មី​) មាត្រា​១៥៤​ថ្មី (​ពីរ មាត្រា ១៥២​ថ្មី​) និង​មាត្រា​១៥៥​ថ្មី (​ពីរ មាត្រា​១៥៣​ថ្មី​) នៃ​រដ្ឋធម្មនុញ្ញ​ការស្នើសុំ​ធ្វើ​វិសោធនកម្ម​មាត្រា​១៩​ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា​១១៩ ថ្មី​(​មួយ​) និង​មាត្រា​១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ ថ្មី និង​មាត្រា​៤ ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​អាចធ្វើ​ទៅបាន គឺ​ស្របតាម​បរិបទ​នៃ​សភាពការណ៍​ជាក់ស្ដែង និង​ពុំមាន​អ្វី​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​របបរាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ​ព្រមទាំង​ធ្វើឡើង​នៅពេល​ប្រទេសជាតិ​មិន​ឋិត​ក្នុង​ភាពអាសន្ន​។​

​ដោយឡែក​កាលពី​រសៀល​ថ្ងៃទី​១៤ ខែកក្កដា ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ក៏បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​បង្ហាញ​ដល់​អ្នកសារព័ត៌មាន ក៏ដូចជា​សាធារណជន​អំពី​គោលបំណង និង​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ដែលជា​សំណើ​ធ្វើ​វិសោធនកម្ម​លើក​ទី​១០ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕
ដោយ៖ពលជ័យ

ads banner