គណបក្សហ៊្វុនស៊ិនប៉ិច គាំទ្រទាំងស្រុងទាំងនូវវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើការគាំទ្រទាំងស្រុងនូវកិច្ចប្រជុំពេញអង្គរដ្ឋសភាកាលពីនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលបានអនុម័តលើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី និងមាត្រា៣ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

គណបក្សហ៊្វុនស៊ិនប៉ិច យល់ឃើញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺជាការអនុវត្តនូវរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងជាការធានាដល់ស្ថាប័នកំពូលរបស់ជាតិ ឱ្យដំណើរការប្រព្រឹត្តទៅដោយរលូននៅគ្រប់កាលៈទេសៈ ការពារ និងថែរក្សាបាននូវសុខសន្តិភាព ស្ថេរភាព នយោបាយ ជាពិសេសការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដើម្បីការអភិវឌ្ឍប្រទេសជាតិ មាតុភូមិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ និងភាពសុខដុមរមនារបស់ប្រជានុរាស្ត្រខ្មែរ។

សូមបញ្ជាក់ថា សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដានេះ បានធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្ម មាត្រា១៩ថ្មី (មួយ) មាត្រា ៨៩ មាត្រា ៩៨ ថ្មី មាត្រា ១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា ១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ថ្មី និង មាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ក្នុងសំឡេង១០៥ លើ១០៦សំឡេង។

សូមជម្រាបថា គណៈរដ្ឋមន្ត្រី​បាន​បញ្ជូន​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រាមួយ​ចំនួន​ទៅ​រដ្ឋសភា​កាលពី​ថ្ងៃទី​១៣ ខែកក្កដា​បន្ទាប់ពី​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​៨​ខែកក្កដា​បាន សម្រេច​អនុម័ត​ទាំងស្រុង​និង​ការបញ្ជាក់​អំពី​ធម្មនុញ្ញភាព​ដោយ​ក្រុមប្រឹក្សាធម្មនុញ្ញ​កាលពី​ថ្ងៃទី​១៣​ខែកក្កដា ផងដែរ​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៣​ខែកក្កដា ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ក្រាបបង្គំ​ទូលថ្វាយ​ព្រះមហាក្សត្រ​ដោយ​ផ្អែកលើ​មាត្រា​១៥៣​ថ្មី (​ពីរ មាត្រា​១៥១​ថ្មី​) មាត្រា​១៥៤​ថ្មី (​ពីរ មាត្រា ១៥២​ថ្មី​) និង​មាត្រា​១៥៥​ថ្មី (​ពីរ មាត្រា​១៥៣​ថ្មី​) នៃ​រដ្ឋធម្មនុញ្ញ​ការស្នើសុំ​ធ្វើ​វិសោធនកម្ម​មាត្រា​១៩​ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា​១១៩ ថ្មី​(​មួយ​) និង​មាត្រា​១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ ថ្មី និង​មាត្រា​៤ ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​អាចធ្វើ​ទៅបាន គឺ​ស្របតាម​បរិបទ​នៃ​សភាពការណ៍​ជាក់ស្ដែង និង​ពុំមាន​អ្វី​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​របបរាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ​ព្រមទាំង​ធ្វើឡើង​នៅពេល​ប្រទេសជាតិ​មិន​ឋិត​ក្នុង​ភាពអាសន្ន​។​

​ដោយឡែក​កាលពី​រសៀល​ថ្ងៃទី​១៤ ខែកក្កដា ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ក៏បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​បង្ហាញ​ដល់​អ្នកសារព័ត៌មាន ក៏ដូចជា​សាធារណជន​អំពី​គោលបំណង និង​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ដែលជា​សំណើ​ធ្វើ​វិសោធនកម្ម​លើក​ទី​១០ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕
ដោយ៖ពលជ័យ

ads banner