គណបក្សកម្លាំងប្រជាធិបតេយ្យ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការរធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
ភ្នំពេញ៖ គណបក្សកម្លាំងប្រជាធិបតេយ្យ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការរធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា លើកទី១០ ក្នុងបុព្វហេតុនៃនិរន្តភាពជាតិ និងឧត្តប្រយោជន៍ជាតិ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងប្រជាធិបតេយ្យ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។
នៅក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងប្រជាធិបតេយ្យបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយបានធ្វើការ និងអនុម័ត របៀបវារៈ ចំនួន៥ និងមានវត្តមានសមាជិកសភាចូលរួម ចំនួន១០៦ នៅពេលចាប់ផ្តើម។ សម្រាប់របៀបវារៈទី២ រដ្ឋសភាបានធ្វើការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា១៩ ថ្មី(មួយ)មាត្រា៨៩ថ្មី មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី មាត្រា៤ថ្មីនៃច្បាប់ធម្មនុញ្ញបន្ថែម។ ជាមួយគ្នានេះ គណបក្សកម្លាំងប្រជាធិបតេយ្យ បានកត់សម្គាល់ឃើញថា អង្គរដ្ឋសភា បានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ ទាំងមូលដោយមានចំនួនសំឡេង១០៥លើ១០៦សំឡេង ហើយខ្លឹមសារ នៃសេចក្តីព្រាងច្បាប់ទាំងអស់សុទ្ធតែសំដៅធានា នូវដំណើរជាប្រក្រតីនៃស្ថាប័នជាតិ និងបម្រើនូវឧត្តមប្រយោជន៍ជាតិ មិនសំដៅប្រយោជន៍ បុគ្គល ឬ គណបក្សណាមួយឡើយ។
សូមបញ្ជាក់ថា សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដានេះ បានធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្ម មាត្រា១៩ថ្មី (មួយ) មាត្រា ៨៩ មាត្រា ៩៨ ថ្មី មាត្រា ១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា ១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ថ្មី និង មាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ក្នុងសំឡេង១០៥ លើ១០៦សំឡេង។
សូមជម្រាបថា គណៈរដ្ឋមន្ត្រីបានបញ្ជូនសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រាមួយចំនួនទៅរដ្ឋសភាកាលពីថ្ងៃទី១៣ ខែកក្កដាបន្ទាប់ពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៨ខែកក្កដាបាន សម្រេចអនុម័តទាំងស្រុងនិងការបញ្ជាក់អំពីធម្មនុញ្ញភាពដោយក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី១៣ខែកក្កដា ផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ខែកក្កដា ក្រុមប្រឹក្សាធម្មនុញ្ញបានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រដោយផ្អែកលើមាត្រា១៥៣ថ្មី (ពីរ មាត្រា១៥១ថ្មី) មាត្រា១៥៤ថ្មី (ពីរ មាត្រា ១៥២ថ្មី) និងមាត្រា១៥៥ថ្មី (ពីរ មាត្រា១៥៣ថ្មី) នៃរដ្ឋធម្មនុញ្ញការស្នើសុំធ្វើវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិអាចធ្វើទៅបាន គឺស្របតាមបរិបទនៃសភាពការណ៍ជាក់ស្ដែង និងពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន។
ដោយឡែកកាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក៏បានធ្វើសន្និសីទសារព័ត៌មានមួយដើម្បីបង្ហាញដល់អ្នកសារព័ត៌មាន ក៏ដូចជាសាធារណជនអំពីគោលបំណង និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដែលជាសំណើធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ពលជ័យ
