ពិធីបញ្ចុះបឋមសិលាសាងសង់ទីបញ្ជាការផ្នែកសឹករងតាំងគោក ក្រោមជំនួយគណៈបញ្ជាការយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម
ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលា សាងសង់ទីបញ្ជាការផ្នែកសឹករងតាំងគោក នៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ដែលជាជំនួយឧបត្ថម្ភរបស់គណៈបញ្ជាការយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជន វៀតណាម នៅ ភូមិកាតាយ ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២២ ។
លោកវរសេនីយ៍ត្រី ឃួន សុខមករា នាយផ្នែកវិស្វកម្ម បានបញ្ជាក់ គម្រោងប្លង់សាងសង់អគារ ទីបញ្ជាការផ្នែកសឹករងតាំងគោក ដែលមានទំហំ ១៩៥ម៉ែត្រការ៉េ ដែលត្រូវសាងសង់ពីបេតុង ប្រក់ក្បឿងលើផ្ទៃដីទំហំ ១៨៤០ម៉ែត្រការេ របស់ផ្នែកសឹករងតាំងគោក ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំណរគុណគណៈបញ្ជាការយោធាទីក្រុងហូជីមិញ យោធភូមិភាគទី ៧ នៃកងទ័ពប្រជាជនវៀតណាម ដែលបានផ្ដល់អាគារថ្មីមួយខ្នងនៅថ្ងៃនេះ កន្លងមកបានជួយសាងសង់អគារទីបញ្ជាការផ្នែកសឹករងទាំង៨ចំនួន ៨ ខ្នង និងវរសេនាតូចទាំង២ ចំនួន២ខ្នង សរុបចំនួន១០ខ្នងរួចមកហើយ និងបានបន្តឧបត្ថម្ភការសាងសង់អគារទីបញ្ជាការផ្នែកសឹករងតាំងគោក មួយខ្នងបន្ថែមទៀត សរុបចំនួន ១១ខ្នង ចំណុះឱ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី ៤ ។
ឧត្តមសេនីយ៍ ទោ សោម ស៊ុន បានណែនាំដល់ក្រុមវិស្វកម្ម និងក្រុមជាងសំណង់ ធ្វើការសាងសង់ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងសំណង់មានគុណភាព ដើម្បីប្រើប្រាស់ជាសម្បត្តិអង្គភាព របស់រដ្ឋបានយូរអង្វែងតទៅ និងសូមបួងសួង ឲ្យដំណើរការសាងសង់អគារថ្មីនេះ ប្រកបដោយសេចក្តីសុខ សេចក្តីចំរើន សុវត្ថិភាពនិងជោគជ័យ នៅក្នុងពិធីបានជួយឧបត្ថម្ភ ថវិកាមួយចំនួនជូនដល់ លោកយាយ លោកតា ដែលបានចូលរួមនៅក្នុងកម្មវិធីនេះផងដែរ ៕ ដោយ ប៊ុន រដ្ឋា







