ដែនជម្រកសត្វព្រៃកែវសីមា មានសារសំខាន់កម្រិតអន្តរជាតិ ក្នុងការអភិរក្សសត្វកម្រៗបំផុតក្នុងលោក
ខេត្តមណ្ឌលគិរី៖ ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី បានក្លាយជាទីកន្លែងដ៏មានសារៈសំខាន់កម្រិតអន្តរជាតិក្នុងការអភិរក្សសត្វដំរីអាស៊ី សត្វពានរ រួមមានទោចថ្ពាល់លឿង ស្វាកន្ទុយស កង្កែបដុះស្នែងអូររាំង ប្រភេទមាំសាសី និងប្រភេទសត្វស្លាបជាច្រើនប្រភេទដែលក្នុងនោះប្រភេទសត្វ និងរុក្ខជាតិ ៧៥ប្រភេទជាប្រភេទរងការគំរាមកំហែងស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ។
នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ថ្លែងក្នុងពេលដឹកនាំក្រុម អ្នកសារព័ត៌មាន ចុះសិក្សាស្វែងយល់នៅដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរី នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ។
ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងទៀតថា ដែនជម្រកសត្វព្រៃកែវសីមា មិនត្រឹមតែជាដែនជម្រកសត្វព្រៃដែលមានព្រៃស្រោង និងអាចលក់ឥណទានកាបូននោះទេ តែជាតំបន់ការពារធម្មជាតិដែលមានសារៈសំខាន់កម្រិតអន្តរជាតិក្នុងការអភិរក្សសត្វព្រៃនិងជីវៈចម្រុះជាច្រើនទៀត។
ឯកឧត្តម រដ្ឋលេខាធិការ នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា ជាមួយប្រភេទសត្វ រុក្ខជាតិនិងបុចផសិត (fungi species) ចំនួន ៩៥៩ប្រភេទដែលជារបកគំឃើញនៃការសិក្សាស្រាវជ្រាវនិងបានកត់ត្រាដោយក្រុមសិក្សាស្រាវជ្រាវរបស់អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) និងមន្ត្រីគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមានាពេលថ្មីៗនេះ បានធ្វើឱ្យដែនជម្រកសត្វព្រៃកែវសីម៉ាក្លាយជាតំបន់ការពារធម្មជាតិមួយដែលមានធនធានជីវៈចម្រុះសម្បូណ៌បែបជាងគេក្នុងចំណោមតំបន់ការពារធម្មជាតិផ្សេងទៀតក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះឯកឧត្តមមានប្រសាសន៍ថា តាមរយៈការស្រាវជ្រាវនិងអភិរក្សឃើញថាសត្វមួយចំនួននៅកម្ពុជាមានការកើនឡើង ក្នុងខណៈសត្វមួយចំនួននៅថេរ និងសត្វប្រភេទខ្លះទៀតពិសេសសត្វក្រចកជើងជំពាមដូចជា ឈ្លូស ប្រើស រមាំង ក្តាន់ជាដើមកំពុងមាននិន្នាការថយចុះ។
ឯកឧត្តមរដ្ឋលេខាក្នុងពិធីនេះដែរបានអំពាវនាវឱ្យពលរដ្ឋបញ្ចប់ការដាក់អន្ទាក់ ឈប់បរិភោគសាច់សត្វ ហើយងាកមករួមគ្នាមកអភិរក្សសត្វព្រៃដ៏មានតម្លៃមហាសាលមិនកាត់បាននេះបន្តទៀតសម្រាប់បម្រើលើវិស័យទេសចរណ៍ដែលជាប្រភពចំណូលមិនចេះរីងស្ងួតជូនជាតិមាតុភូមិនិងក៏ដូចជាបន្សល់ទុកសម្រាប់ក្មេងៗសម័យក្រោយបានស្គាល់ផងដែរ៕ ដោយ៖ ម៉ាដេប៉ូ












