ខេត្តបាត់ដំបង និងមានស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាតថ្មីទី៣ មួយកន្លែងបន្ថែមទៀត ក្រោមគម្រោងហិរញ្ញប្បទានសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដែលមានសមត្ថភាពផ្គត់ផ្គង់ ចំនួន៥ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ
ខេត្តបាត់ដំបង៖ នៅពេលឆាប់ៗ ខាងមុខនេះ អង្គភាពរដ្ឋាករទឹកបាត់ដំបង នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង និងទទួលបាននូវសមិទ្ធផលថ្មីបន្ថែមទៀត ដើម្បីផ្តល់ការផលិត និងផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងខេត្តបានកាន់តែប្រសើរឡើងថែមទៀត ក្រោយពីបញ្ចប់ការសាងសង់នូវស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាតថ្មីទី៣ របស់ខ្លួនក្រោមគម្រោងហិរញ្ញប្បទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) ដែលមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត ចំនួន ៥ម៉ឺនម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃ ។
នេះបើតាមការគូសបញ្ជាក់ ពីលោក អ៊ុត ក្លឹង ប្រធានអង្គភាពរដ្ឋាករទឹកបាត់ដំបង បន្ទាប់ពីមានកិច្ចប្រជុំពិភាក្សាការងារអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត(PWSSP )ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ រវាង លោក តូច ឈួនសៅរិទ្ធ ប្រធានមន្ទីរឧស្សាហកម្មខេត្ត ។
លោក អ៊ុត ក្លឹង ប្រធានអង្គភាពរដ្ឋាករទឹកបាត់ដំបង សហការជាមួយនឹងក្រុមហ៊ុនម៉ៅការសាងសង់”China Civil Engineering Construction Corporation” ដឹកនាំដោយលោក Sun Tonhe អគ្គនាយក និងលោក XuQiao អគ្គនាយករងរបស់ក្រុមហ៊ុនCCECC ដើម្បីពិនិត្យទីតាំង និងសិក្សារៀបចំគំនូសប្លង់លំអិត នៃគម្រោង (Detailed Design)ដែលជាគម្រោងហិរញ្ញប្បទាន សម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) ដែល និងត្រូវសាងសង់នូវស្ថានីយ៍បូមទឹកឆៅ មួយទីតាំងថ្មីបន្ថែមទៀត ដែលស្ថិតនៅភូមិកំពង់សីម៉ា សង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង ដែលកន្លងមកនេះអង្គភាពរដ្ឋាករទឹកបាត់ដំបង មានស្ថានីយ៍ចំនួន០២ទីតាំងរួចមកហើយ។ ដោយក្នុងនោះនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង១ទីតាំង និងមួយទីតាំងទៀតស្ថិតនៅមុខវត្តកណ្តឹង ភូមិវត្តគរ សង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង ។
លោក អ៊ុត ក្លឹង បានគូសបញ្ជាក់ថា ការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដែលមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតចំនួន ៥ម៉ឺនម៉ែត្រត្រីគុណគូក្នុង១ថ្ងៃនេះ គឺ៖ ដើម្បីផ្គត់ផ្គង់បន្ថែមទៅលើសមត្ថភាពរោងចក្រផលិតទឹកស្អាតដែលមានស្រាប់ចំនួន២ទីតាំងរួចមកហើយ ដែលមានសមត្ថភាពផលិត បានចំនួន ៣៣ពាន់ ៥២០ម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃ។ហើយតាមរយៈគម្រោងថ្មីនេះនិងក្នុងពេលអនាគតឆាប់ៗខាងមុខ អង្គភាពរដ្ឋាករទឹកបាត់ដំបងនិងអាចផលិតទឺកស្អាត សរុបបានកើនដល់ទៅ ៨៣.៥២០ ម៉ែត្រត្រីគុណ ក្នុង១ថ្ងៃ។
តាមរយៈសមិទ្ធផលថ្មីក្នុងថ្ងៃអនាគតដ៏ខ្លីខាងមុខឆាប់ៗនេះ លោក អ៊ុត ក្លឹង ប្រធានអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបងបានគូសបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖ ក្រោយពីទទួលបាននូវសមិទ្ធផលថ្មីនេះ អង្គភាពរដ្ឋាករទឹកបាត់ដំបងនិងធ្វើការពង្រីកបំពង់ទឹកស្អាតមេខ្នាតប្រវែង ១២៥គ.ម.បន្ថែមទៅលើប្រវែងបំពង់ទឹកស្អាត ដែលមានក្នុងពេលបច្ចុប្បន្នប្រវែង ៧២៧គ.ម. ដែលផ្តល់លទ្ធភាពឲ្យអង្គភាពរបស់លោក បានធ្វើការពង្រីក នូវវិសាលភាព ទៅលើតំបន់ផ្គត់ផ្គង់ទឹកស្អាតបានយ៉ាងទូលំទូលាយក្នុងដែនអាជ្ញាប័ណ្ណ របស់ខ្លួនដែលមាន ៣ក្រុង-ស្រុកស្មើនិង១៧ឃុំ-សង្កាត់ និង ៩៩ភូមិ ។
ក្នុងគោលដៅនៃការខិតខំប្រឹងប្រែងដើម្បីជំរុញគោលដៅអភិវឌ្ឍន៍ទឹកស្អាតរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៥ ដោយកំណត់ថា៖ ប្រជាពលរដ្ឋនៅតាមទីប្រជុំជននឹងទទួលបានសេវាទឹកស្អាតសម្រេចបាន ៨៥% និងគោលដៅអភិវឌ្ឍន៍ទឹកស្អាតសាកលសម្រាប់ឆ្នាំ២០៣០ ខា
ងមុខ និងសម្រេចឱ្យបាន១០០% ដែលត្រូវអនុវត្តជាជំហានៗ និងរក្សាឱ្យបាន នូវបុរេលក្ខខ័ណ្ខទឹកស្អាត ៤យ៉ាង គឺ៖” ទឹកមានគុណភាព ទឹកមានសុវត្ថិភាព ទឹកមាននិរន្តរភាពនិងទឹកមានតម្លៃសមរម្យ”៕ (អត្ថបទ-រូបភាព៖ អ៊ុក សំអាន)






