ក្រសួងការងារបើកកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាអំពីការអនុវត្តធានា អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យ នៅក្រៅឃុំបណ្តោះអាសន្ន

ភ្នំពេញ៖ ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្តាល វិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំកិច្ច ប្រជុំជាមួយតំណាងអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ដើម្បីពិនិត្យនិងពិភាក្សាអំពីការអនុវត្តកិច្ចធានាឱ្យបាននៅក្រៅឃុំជាបណ្ដោះអាសន្នរបស់តំណាង អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍។

គួរបញ្ជាក់ថា កន្លងមក តំណាងអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ក៏បានស្នើសុំឱ្យក្រសួងជួយធ្វើអន្តរាគមន៍ឱ្យបាននៅក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីចូលរួម ដោះស្រាយវិវាទជាមួយក្រុមហ៊ុន ណាហ្គាវើលដ៍ ដោយបានសន្យាថា មិនបន្តធ្វើការប្រមូលផ្តុំ ឬដឹកនាំតវ៉ាណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខ សង្គមជាតិឡើយ។ ប៉ុន្តែ ជាក់ស្តែង ក្រសួងបាន សង្កេតឃើញថា បងប្អូនអតីតបុគ្គលិកនៅតែបន្តធ្វើការប្រមូលផ្តុំ ឬដឹកនាំតវ៉ា ដែលធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ ធ្នាប់សាធារណៈដដែល។

ភាគីតំណាងអតីតបុគ្គលិកបានចូលរួមប្រជុំ រួមមាន លោកស្រី ឈឹម សុខន, លោកសី ឃ្លាំង សុបិន្ត, លោកស្រី ហៃ សុភាព និងលោកស្រី រឺ សុវណ្ណឌី ចំណែកតំណាងអតីតបុគ្គលិកផ្សេងទៀតបាន អវត្តមាន ដោយសារកំពុងនៅខេត្ត និងមានធុរៈផ្ទាល់ខ្លួន។

ប្រភពខាងលើនេះបញ្ជាក់ថាក្នុងកិច្ចប្រជុំនេះ ក្រសួងបានក្រើនរំលឹក អំពីការ សន្យារបស់តំណាងអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ និងស្នើឱ្យរាយការណ៍អំពីស្ថានភាពនៃការអនុវត្តការសន្យានោះ ព្រមទាំងបានណែនាំឱ្យតំណាងអតីតបុគ្គលិក ទាំងនោះបន្តអនុវត្ត តាមការសន្យាថា មិនបន្តធ្វើការប្រមូលផ្តុំឬដឹកនាំតវ៉ាណាមួយ ដែលធ្វើ ឱ្យប៉ះពាល់ដល់ សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមជាតិ ឡើយ។

ក្រសួងក៏បានជម្រាបជូនសមាជិកអង្គប្រជុំផងដែរថា ក្រសួងស្វាគមន៍ ក្នុងការផ្តល់សេវាប្រឹក្សាផ្នែកច្បាប់ ជូនអតីតបុគ្គលិកដែលបានអនុញ្ញាត ឱ្យនៅក្រៅឃុំ និងបានស្នើឱ្យតំណាងអតីតបុគ្គលិកទាំង នោះផ្តល់ការ សហការ និងរាយការណ៍ជូនក្រសួង ក្នុងករណីចាំបាច់៕ ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner