មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ទេសចរណ៍ធម្មជាតិដើរតួយ៉ាង សំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាមូលដ្ឋាន និងបានរួមចំណែក ក្នុងការអភិរក្សធនធានធម្មជាតិ ក៏ដូចជាជួយអភិវឌ្ឍសង្គមជាតិ
ឧត្តរមានជ័យ៖ ទេសចរណ៍ធម្មជាតិ ដើរតួយ៉ាងសំខាន់ក្នុង ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាមូលដ្ឋាន និងបានរួមចំណែក ក្នុងការ អភិរក្សធនធានធម្មជាតិ ក៏ដូចជាជួយអភិវឌ្ឍសង្គមជាតិ។ នេះជាការ លើកឡើង របស់ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួង បរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីបើកយុទ្ធនាការ ផ្សព្វផ្សាយ សក្កានុពលនៃធនធានធម្មជាតិ និងសត្វស្លាបក្នុង ប្រទេសកម្ពុជា ក្រោមប្រធានបទ « ភាពសម្បូរបែបនៃជីវិតសត្វស្លាបនៅតំបន់ការពារ ធម្មជាតិកម្ពុជា » នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅក្រុង សំរោង ខេត្តឧត្តរមានជ័យ។
ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ បានចាត់ទុក យុទ្ធនាការ ផ្សព្វផ្សាយ សក្កានុពលនៃធនធានធម្មជាតិ និងសត្វស្លាបក្នុងប្រទេស កម្ពុជា ដែលទាំងអស់គ្នាកំពុងនឹងធ្វើនាពេលនេះ ជាឳកាសសម្រាប់ ផ្សព្វផ្សាយដល់សាធារណជនឲ្យកាន់តែយល់ដឹងពីតម្លៃនៃធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី រួមជាមួយស្មារតី សូមអ្នកទាំងអស់គ្នា ចូល រួមបន្តអនុវត្តសកម្មភាពជាគំរូដ៍ល្អសម្រាប់ថែទាំបរិស្ថានរបស់យើងជាប្រចាំ។
ក្នុងឱកាសនេះដែរ ឯកឧត្តម ខ្វៃ អាទិត្យា មានប្រសាសន៍បន្ថែមថា យុទ្ធនាការផ្សព្វផ្សាយ សក្កានុពលនៃធនធានធម្មជាតិ និងសត្វស្លាប ក្នុងប្រទេសកម្ពុជា ធ្វើឡើងក្នុងគោលបំណង ទាក់ទាញដល់វិស័យ ទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិ ដោយរួមបញ្ចូលសកម្មភាព មើលសត្វស្លាប ដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍ ផ្សព្វផ្សាយពី សក្តានុពលសត្វស្លាបកម្ពុជា នៅតាមតំបន់ការពារធម្មជាតិក្នុង ប្រទេស កម្ពុជា ដល់សាធារណជន តាមរយៈការរៀបការដាក់បង្ហាញរូបភាព នៅក្នុងកម្មវិធីបង្កើនចំណេះដឹងដល់សាធារណជន អំពីសារៈសំខាន់នៃ សត្វស្លាប និងការងារអភិរក្សនៅកម្ពុជា ។ ក្នុងនោះតាមរយៈការធ្វើបទបង្ហាញជាសាធារណៈពីអ្នកជំនាញសត្វស្លាប និងអ្នកអនុវត្តការងារផ្ទាល់ បណ្តុះទឹកចិត្តស្រឡាញ់ និងការចូលរួមពី សាធារណជន ជាពិសេសក្នុងស្រទាប់យុវជន កុមារា កុមារី ក្នុងការ ថែរក្សា និងអភិរក្សធនធានធម្មជាតិ និងសត្វស្លាបនៅក្នុងប្រទេស កម្ពុជា។
ឯកឧត្តម អនុរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា តំបន់ការពារ ធម្មជាតិនៃប្រទេសកម្ពុជា គឺជាផ្នែកមួយដ៏សំខាន់នៃសម្បត្តិធម្មជាតិ ដ៏អស្ចារ្យរបស់ប្រទេស និងផ្តល់អត្ថប្រយោជន៍ជាច្រើនលើផ្នែក បរិស្ថាន សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ ក្រសួងបរិស្ថាន បានបង្កើនប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលមានផ្ទៃដីកើន រហូតដល់៤១ភាគរយ នៃផ្ទៃដីទូទាំងប្រទេស និងធ្វើទំនើបកម្ម នៃការគ្រប់គ្រងស្ថាប័ន និងធនធានធម្មជាតិ។ ប្រព័ន្ធតំបន់ការពារ ធម្មជាតិ ជាទីជម្រកដ៏សំខាន់សម្រាប់សត្វព្រៃ ដែលក្នុងនោះរួម ទាំងសត្វស្លាប ជាសមាសភាគមួយ ក្នុងចំណោមសមាសភាគ ផ្សេងទៀតនៃធនធានធម្មជាតិ ដែលមានសារៈសំខាន់ និងផ្តល់ ប្រយោជន៍ជាច្រើនដល់ប្រព័ន្ធធម្មជាតិ នៅប្រទេសកម្ពុជា។
ឯកឧត្តម អនុរដ្ឋលេខាធិការ លើកឡើងបន្ថែមថា កម្ពុជាដែល ជាប្រទេសសម្បូទៅដោយធនធានធម្មជាតិ និងប្រភេទសត្វស្លាប កម្រជាច្រើនគឺជាសក្តានុពលដល់វិស័យទេសចរណ៍ធម្មជាតិនៅអាស៊ី និងនៅលើសសកលលោក។ យោងសៀវភៅ«សត្វស្លាបកម្ពុជា» អ្នកនិពន្ធបានកត់ត្រានូវប្រភេទសត្វស្លាបដែលមានវត្តមាននៅប្រទេសកម្ពុជាយើង រហូតដល់៦៤១ប្រភេទ ក្នុងនោះ៤២ប្រភេទកំពុងរង ការគំរាមគំហែង និងជិតផុតពូជ។ តាមលទ្ធផលស្រាវជ្រាវក្នុងឆ្នាំ២០០៧ បានបង្ហាញថា ក្នុងខេត្ត ឧត្តរមានជ័យ មានសត្វស្លាបប្រមាណជា២៥៥ ប្រភេទ។ ដូច្នេះ ការរៀបចំកម្មវិធីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិ និងសត្វស្លាប ក្នុងខេត្តឧត្តរមានជ័យ គឺមានសារៈសំខាន់ បំផុតដល់សាធារណ ជន ក្នុងការជួយអភិរក្សសត្វស្លាបនៅកម្ពុជា ក៏ដូចជាសម្រាប់សកលលោកទាំងមូល។
សូមបញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយសក្កានុពលនៃធនធានធម្មជាតិ និងសត្វស្លាបក្នុងប្រទេសកម្ពុជា ប្រារព្វធ្វើឡើង រយះពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។ នេះ គឺជាកម្មវិធីលើកទី៣ហើយ ដែលក្រសួង បរិស្ថានបានរៀបចំឡើងមិនតែប៉ុណ្ណោះជារៀងរាល់ឆ្នាំនៅតាមបណ្តាប្រទេសជាច្រើនក្នុងសកលលោក និងបណ្តាប្រទេសនៅ អាស៊ីមួយ ចំនួន គឺតែងតែរៀបចំកម្មវិធីសត្វស្លាបនេះឡើង ក្នុងគោលដៅលើក កម្ពស់ចំណេះដឹង ការស្រលាញ់ និងអភិរក្សសត្វស្លាប ថែមទាំង ផ្សព្វផ្សាយ សក្តានុពលទេសចរណ៍សត្វស្លាប និងធម្មជាតិដល់ សាធារណជន៕ ដោយ ៖ គ្រី សម្បត្តិ
























