ក្រសួងការពារជាតិគាំទ្រទាំងស្រុងការអនុម័តលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ  

ភ្នំពេញ៖ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃក្រសួងការពារជាតិ បានធ្វេីញ្ញត្តិគាំទ្រទាំងស្រុងនៃកិច្ចប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលបានអនុម័តលើសេចក្តីព្រាង ច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។​ នេះបេីយោងតាមញ្ញត្តិគាំទ្ររបស់ក្រសួងការពារជាតិនៅថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០២២។ 

នៅក្នុងញ្ញត្តិគាំទ្ររបស់ក្រសួងការពារជាតិបានបញ្ជាក់ថា​ ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនាពេលនេះ ពិតជាធ្វើឡើងក្នុងគោលបំណងជាឧត្តមប្រយោជន៍របស់ជាតិ សំដៅធានាស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិ ដែលមានបេសកកម្ម ចំបងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ ដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តភាពនៅគ្រប់កាលៈទេសៈ ធានាការពារ និងថែរក្សាឱ្យបាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាព នយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ ដែលជាគ្រឹះសម្រាប់អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និង សេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។

“យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃក្រសួងការពារជាតិ សូមធ្វើការគាំទ្រការធ្វើវិសោធនកម្មធម្មនុញ្ញលើកនេះ ពិតជាធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ គោរព គោលការណ៍គ្រឹះ នៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលជារបបដឹកនាំប្រទេសតាមបែបរបបសភានិយម និងលើកកម្ពស់គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលប្រជាជនកម្ពុជាបង្ហាញឆន្ទៈប្រើអំណាច របស់ខ្លួន តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររៀងរាល់៥ឆ្នាំម្តងប្រកបដោយលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់និងបទដ្ឋានគតិយុត្តជាធរមាន របស់ជាតិ។”

សូមបញ្ជាក់ថា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៧​នីតិកាល​ទី​៦​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​ខែកក្កដា​នេះ​បានធ្វើការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រា​១៩ ថ្មី (​មួយ​) មាត្រា​៨៩ មាត្រា​៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា​១១៩ ថ្មី (​មួយ​) និង​មាត្រា​១២៥ ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ ថ្មី និង​មាត្រា​៤ ថ្មី​នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ ក្នុង​សំឡេង​១០៥​លើ​

១០៦​សំឡេង​។​

​សូមជម្រាបថា គណៈរដ្ឋមន្ត្រី​បាន​បញ្ជូន​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រាមួយ​ចំនួន​ទៅ​រដ្ឋសភា​កាលពី​ថ្ងៃទី​១៣ខែកក្កដា​បន្ទាប់ពី​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​៨​ខែកក្កដា​បាន សម្រេច​អនុម័ត​ទាំងស្រុង​និង​ការបញ្ជាក់​អំពី​ធម្មនុញ្ញភាព​ដោយ​ក្រុមប្រឹក្សាធម្មនុញ្ញ​កាលពី​ថ្ងៃទី​១៣​ខែកក្កដា ផងដែរ​។​

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៣​ខែកក្កដា ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ក្រាបបង្គំ​ទូលថ្វាយ​ព្រះមហាក្សត្រ​ដោយ​ផ្អែកលើ​មាត្រា​១៥៣​ថ្មី (​ពីរមាត្រា​១៥១​ថ្មី​) មាត្រា​១៥៤​ថ្មី (​ពីរ មាត្រា ១៥២​ថ្មី​) និង​មាត្រា​១៥៥​ថ្មី (​ពីរ មាត្រា​១៥៣​ថ្មី​) នៃ​រដ្ឋធម្មនុញ្ញ​ការស្នើសុំ​ធ្វើ​វិសោធនកម្ម​មាត្រា​១៩​ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា​១១៩ ថ្មី​(​មួយ​) និង​មាត្រា​១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ ថ្មី និង​មាត្រា​៤ ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​អាចធ្វើ​ទៅបាន គឺ​ស្របតាម​បរិបទ​នៃ​សភាពការណ៍​ជាក់ស្ដែង និង​ពុំមាន​អ្វី​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​របបរាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ​ព្រមទាំង​ធ្វើឡើង​នៅពេល​ប្រទេសជាតិ​មិន​ឋិត​ក្នុង​ភាពអាសន្ន​។​

ដោយឡែក​កាលពី​រសៀល​ថ្ងៃទី​១៤ ខែកក្កដា ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ក៏បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​បង្ហាញ​ដល់​អ្នកសារព័ត៌មាន ក៏ដូចជា​សាធារណជន​អំពី​គោលបំណង និង​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ដែលជា​សំណើ​ធ្វើ​វិសោធនកម្ម​លើក​ទី​១០ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

ដោយ​៖​ពល​ជ័យ

ads banner