រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក នឹងធ្វើដំណើរមកកម្ពុជា ចាប់ពីថ្ងៃទី៣-៥ ខែសីហា 

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony J. Blinken នឹងធ្វើដំណើរមកប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០៣ដល់ថ្ងៃទី០៥ ខែសីហា ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសហរដ្ឋអាមេរិក អាស៊ាន​ ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសហរដ្ឋអាមេរិកអាស៊ាន កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ជាផ្នែកមួយ​នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន ដែលលោកនឹងធ្វើការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះមជ្ឈភាពអាស៊ាន និងការអនុវត្តប្រកបដោយជោគជ័យនៃទស្សនវិស័យអាស៊ាន ស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបេីតាមការប្រកាសរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០២២។ 

ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបន្តថា​ លោករដ្ឋមន្ត្រីក៏នឹងជួបទ្វេភាគីផងដែរជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ​ ហ៊ុន សែននិងឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងការបរទេស លោកឧបនាយករដ្ឋមន្ត្រី​ ប្រាក់ សុខុន ដើម្បីពិភាក្សាពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអាស៊ាន និង​កិច្ច​ខិតខំប្រឹងប្រែងក្នុងការពង្រឹងនូវទំនាក់ទំនង​ទ្វេភាគីរបស់យើងជាមួយ​កម្ពុជា។

កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស​អាស៊ាន លើក​ទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។​ 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស​អាស៊ានលើក​ទី៥៥ និងកិច្ចប្រជុំ ពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ហើយនឹងទទួលការចូលជួបសម្តែងការគួរសមរួមគ្នា​​ ដោយរដ្ឋមន្រ្តីការបរទេស និងអគ្គលេខាធិការអាស៊ាន។​

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស​អាស៊ានលើក​ទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ រួមមាន ៖

​-​កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ

​-​ជំនួបរវាងរដ្ឋមន្រ្តីការបរទេស​អាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន  ស្តីពីសិទ្ធិមនុស្ស

​-​កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស​អាស៊ានលើកទី៥៥

​-​សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស​អាស៊ាន ជាមួយដៃគូសន្ទនារបស់អាស៊ាន

​-​កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស​អាស៊ានបូកបី លើកទី២៣

​-​កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស​នៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១២

​-​កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៩

​ស្របពេល​ជាមួយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស​អាស៊ានលើកទី៥៥ ​​  រដ្ឋមន្រ្តីការបរទេស  និងអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញធ្វើជាសាក្សីការចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព    និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC)   ដោយ ព្រះរាជាណាចក្រដាណឺម៉ាក, សាធារណរដ្ឋក្រិក, ព្រះរាជាណាចក្រហូឡង់, ប្រទេសអូម៉ង់, រដ្ឋកាតានិងអារ៉ាប់រួមអេមីរ៉ាត់។  រដ្ឋមន្រ្តីការបរទេស និងអគ្គលេខាធិការអាស៊ាន ក៏នឹងអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់អាស៊ានឆ្នាំ២០២១ ផងដែរ។

ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស​អាស៊ានលើកទី៥៥ នឹងមានកិច្ចប្រជុំត្រីភាគីចំនួនបីដាច់ដោយឡែកពីគ្នា រវាងកម្ពុជានិងលេខាធិការដ្ឋានអាស៊ាន ជាមួយនឹងប្រទេសដៃគូសន្ទនារបស់អាស៊ានចំនួនបី រួមមាន ប្រទេសន័រវេស ប្រទេសតួកគី និងប្រទេសស្វីស។

ក្រៅពីប្រទេសដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន និងប្រទេសទាំងប្រាំមួយ​  ដែលចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍​​ (TAC) ខាងលើ ប្រទេសចំនួនបួនផ្សេងទៀត នឹងត្រូវបានអញ្ជើញជាភ្ញៀវនៃប្រធានអាស៊ានឆ្នាំ២០២២ រួមមានប្រទេសប៉ាពួញូវហ្គីណេ ម៉ារ៉ុក ទីម័រខាងកើត និងអាស៊ែបៃហ្សង់។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ AMM លើកទី៥៥  និងកិច្ចប្រជុំពាក់ព័ន្ធ  ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា រំពឹងថានឹងមានជំនួបទ្វេភាគីមួយចំនួនជាមួយនឹងសមភាគីបរទេសរបស់ឯកឧត្ដម៕​

ដោយ៖ពលជ័យ

ads banner