ខេត្តមណ្ឌលគិរី គឺជាខេត្តទី៤នៃយុទ្ធនាការអន្ទាក់សូន្យត្រូវបាន អបអរ និងមានការចូលរួមយ៉ាងច្រើនពីសំណាក់ពលរដ្ឋដើម្បីអភិរក្សសត្វព្រៃ

មណ្ឌលគិរី៖ ខេត្តមណ្ឌលគិរី គឺជាខេត្តទី៤ នៃតំបន់ភាគខាងកើត ទន្លេមេគង្គដែលបានចូលរួមរៀបចំយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិ ដើម្បីបញ្ឈប់ការដាក់អន្ទាក់ និងការបរបាញ់សត្វព្រៃ ដោយខុសច្បាប់ និងធ្វើឱ្យតំបន់ការពារធម្មជាតិកាន់តែមានសុវត្ថិភាព សម្រាប់ជីវៈចម្រុះគ្រប់ប្រភេទ និងសម្រាប់មនុស្ស។

គួរបញ្ជាក់ថា“ យុទ្ធនាការជាតិសំដៅលើកកម្ពស់ការយល់ដឹង ស្តីពីផល ប៉ះពាល់នៃការប្រើប្រាស់អន្ទាក់សត្វខុសច្បាប់ នេះត្រូវបានប្រកាស ចាប់ផ្តើមនាថ្ងៃនេះនៅក្នុងទឹកដីខេត្តមណ្ឌលគិរី រៀបចំធ្វើឡើង ដោយ ក្រសួងបរិស្ថាន រដ្ឋបាលខេត្តមណ្ឌលគិរី ទីភ្នាក់ងារសហរដ្ឋ អាមេរិក សម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) អង្គការ មូលនិធិ សកល សម្រាប់ អភិរក្ស ធម្មជាតិ (WWF) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការជីវិតសត្វស្លាបកម្ពុជា (BirdLife) មជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (RECOFTC) និងអង្គការ សម្ព័ន្ធ សត្វព្រៃ និង ធម្មជាតិ (Wild Earth Allies)។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមាន ប្រសាសន៍ថា៖ «ស្ថានភាពដ៏អាក្រក់នៃការធ្លាក់ចុះជីវៈចម្រុះមិន មែនបានកើតឡើងតែក្នុងប្រទេសកម្ពុជានោះទេ គឺចំនួនសត្វព្រៃនៅ លើសកលលោកទាំងសត្វរស់នៅលើដីនិងក្នុងទឹក ក៏បានធ្លាក់ចុះ ខ្លាំង បំផុតរហូតដល់ ៦៨ភាគរយ ជាមធ្យម ក្នុងរយៈពេល ៥០ ឆ្នាំចុង ក្រោយ នេះ បើគិតចាប់តាំងពីឆ្នាំ១៩៧០ មក។ ការបរបាញ់ខុសច្បាប់ ចាប់ តាំងពីអតីតកាលមកដល់ពេលបច្ចុប្បន្ន រួមផ្សំនឹងបរិមាណអន្ទាក់ បាន ដាក់ជាច្រើនក្នុងព្រៃធម្មជាតិ ជាកត្តាជំរុញ ដោយការជួញដូរ សត្វព្រៃ ខុសច្បាប់ សុទ្ធសឹងជាមូលហេតុចម្បងៗ ដែល
បណ្តាល ឱ្យសត្វព្រៃនៅកម្ពុជាប្រឈមមុខនឹងការបាត់បង់។អន្ទាក់ ជាឃាតករលាក់មុខ និងជាកត្តាគំរាមកំហែង ដ៏ចម្បងមួយ ចំពោះ សត្វព្រៃ។

ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានគូសបញ្ជាក់បន្ថែម ថា៖ «នេះជាពេលវេលាមួយដែលយើងទាំងអស់គ្នាត្រូវ រួមសហការគ្នា ចាត់វិធានល់ការអភិរក្សបន្ទាន់និងប្រកប ដោយភាពច្នៃប្រឌិតដើម្បី ចូលរួមទប់ស្កាត់កត្ដាគំរាមកំហែងចម្បងៗទាំងនេះជាពិសេសពីកត្តាអន្ទាក់។ ដោយសារតែការអភិរក្សមានភាពប្រសើរឡើង ជម្រក ប្រភព ទឹក និងកន្លែងរកចំណី ត្រូវបានការពារ យើងសង្កេតឃើញសត្វព្រៃ ប្រភេទខ្លះមានការកើនឡើង ខ្លះនៅថេរ និងប្រភេទសត្វខ្លះបន្តធ្លាក់ចុះ ជាពិសេសប្រភេទសត្វក្រចកជើងចំពាមដែលរកស៊ីលើដី។ វិធានការ ដែលនឹងត្រូវអនុវត្តដើម្បីលុបបំបាត់អន្ទាក់គឺវិធានការច្បាប់ និង វិធានការ សេដ្ឋកិច្ចនឹងត្រូវដើរទន្ទឹមគ្នា»។

យុទ្ធនាការនេះត្រូវបានប្រកាសចាប់ផ្តើមនៅក្នុងបណ្តាខេត្តជាច្រើន រួមទាំងខេត្តមណ្ឌលគិរីផងដែរ ដែលបានផ្តោតលើការ ប្រើប្រាស់ វិធីសាស្រ្តប្រព័ន្ធទីផ្សារមានមេត្រីភាពចំពោះការអភិរក្សដើម្បីដោះស្រាយចំពោះវិបត្តិអន្ទាក់ និងការគំរាមកំហែងផ្សេងៗទៀតដែលប៉ះពាល់ ដល់តំបន់ការពារធម្មជាតិ និងជីវចម្រុះរបស់ប្រទេសកម្ពុជា។

ឯកឧត្តម ជាក់ ម៉េងហ៊ាង អភិបាលរង ខេត្តមណ្ឌលគិរីបានថ្លែងគាំទ្រ យុទ្ធនាការអន្ទាក់សូន្យផ្តួចផ្តើមរៀបចំឡើងដោយក្រសួងបរិស្ថានដោយឯកត្តមបានគូសបញ្ជាក់ថាយុទ្ធនាការនេះពិតជាមានសារៈសំខាន់ដើម្បីជួយសង្គ្រោះសត្វព្រៃនៅកម្ពុជា។

ចំណែកអ្នកនាង Andrea Pavlick នាយកស្តីទីនៃការិយាល័យ កំណើន សេដ្ឋកិច្ចប្រកបដោយចីរភាពនៃទីភ្នាក់ងារ យូសេដ(USAID) ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «សត្វព្រៃគឺជាផ្នែកមួយ ដ៏សំខាន់នៃបេតិកភណ្ឌជាតិរបស់ប្រទេសកម្ពុជា ហើយក៏ជាផ្នែកដ៏ សំខាន់ មួយនៃការអភិវឌ្ឍន៍ដែលផ្តល់អត្ថប្រយោជន៍ទាំងសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាជន»។

អ្នកនាងបានបន្តថា៖ «សហគ្រាស និងខ្សែច្រវាក់តម្លៃដែល រួមបញ្ចូល វិស័យអេកូទេសចរណ៍ធម្មជាតិ ការកាត់បន្ថយការបំភាយឧស្ម័ន ដែល បណ្ដាលមកពីការបាត់បង់ និងរេចរឹលព្រៃឈើ (REDD+) និងរបស់ ប្រើប្រាស់ ដែលមានមេត្រីភាពចំពោះការអភិរក្ស ពិតជាអាចផ្តល់នូវ ការជំរុញ ទឹកចិត្តដ៏មានឥទ្ធិពលដើម្បីដោះស្រាយវិបត្តិអន្ទាក់ និងការ គំរាមកំហែងផ្សេងៗទៀតដល់ជីវចម្រុះរបស់ប្រទេសកម្ពុជា»។

លោក ញ៉ែម សុធន ប្រធានគ្រប់គ្រងគម្រោងកែវសីមា នៃអង្គការ WCS Cambodia បានថ្លែងថា៖ «ការគំរាមកំហែងដ៏ធំចំពោះពពួក សត្វព្រៃ នៅក្នុងតំបន់ការពារធម្មជាតិ គឺការបរបាញ់ដោយមិនរើសមុខ ជា ពិសេស តាមរយៈការប្រើប្រាស់អន្ទាក់លួស។ អង្គការ WCS Cambodia ដោយមានកិច្ចសហការជាមួយក្រសួងបរិស្ថាន និង សហគមន៍មូលដ្ឋាន ប្តេជ្ញាពង្រឹងវិធីសាស្រ្ត និងធនធានជាយុទ្ធសាស្ត្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងការដាក់អន្ទាក់សត្វខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមានៃខេត្តមណ្ឌលគិរី »។

លោក សេង ទៀក នាយកអង្គការ WWF បានថ្លែងថា៖ «ស្របគ្នានេះ វិធានការរួម និងការពង្រឹងការអនុវត្តច្បាប់ដ៏តឹងរឹង គឺជាការចាំបាច់ បំផុតដើម្បីបញ្ឈប់តម្រូវការសាច់សត្វព្រៃ និងបិទចោលនូវរាល់ ទីផ្សារ លក់ដូរសត្វព្រៃគ្រប់ប្រភេទ’ »។ លោកបានបន្តថា «មធ្យោបាយសំខាន់ ក្នុង ការដោះស្រាយបញ្ហាឫសគល់នៃការបរបាញ់ និងការជួញដូរ សត្វព្រៃ គឺដើម្បីធានាថាប្រជាជនរស់នៅក្នុង និងនៅខាងក្រៅតំបន់ ការពារ ធម្មជាតិអាចចូលរួមយ៉ាងជិតស្និទ្ធក្នុងការអភិរក្សសត្វព្រៃ ដំណោះស្រាយផ្អែកលើមូលដ្ឋានធម្មជាតិនិងការអភិវឌ្ឍ សេដ្ឋកិច្ច ប្រកបដោយចីរភាព »។

លោក ប៊ូ វរសក្ស នាយកប្រតិបត្តិនៃអង្គការ NatureLife Cambodia បានថ្លែងថា៖ «ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២ យ៉ាងហោច ណាស់អន្ទាក់ចំនួន ៥០០ ត្រូវបានរឹបអូស និងប្រមូលដកចេញពីដែន ជម្រកសត្វព្រៃលំផាត់ដោយមន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍ ក្រោម កិច្ចគាំទ្រពីអង្គការ NatureLife Cambodia ខណៈដែល មន្ត្រីឧទ្យានុរក្សបានអន្តរាគមន៍ករណីឧក្រិដ្ឋកម្មសត្វព្រៃចំនួន ១៣ ករណីដាច់ដោយឡែកពីគ្នា។ នេះបង្ហាញថា អន្ទាក់នៅតែជាការគំរាម កំហែងចម្បងដល់សត្វព្រៃរបស់យើង។ យើង សូមទទូចដល់ អាជ្ញាធរ ពាក់ព័ន្ធឲ្យបង្ក្រាបការជួញដូរសាច់សត្វព្រ ខុសច្បាប់ នៅ តាម ទីផ្សារ និង ភោជនីយដ្ឋាននានា។ យើងរួមគ្នាការពារសត្វព្រៃរបស់យើង!»។

លោកស្រី ហ៊ូ កល្យាណ នាយិកាអង្គការរីខូហ្វប្រចាំប្រទេសកម្ពុជា បាន លើកឡើងថា៖ «មនុស្សគឺជាផ្នែកនៃបញ្ហា ហើយក៏ជាផ្នែកនៃ ដំណោះស្រាយចំពោះបញ្ហាដែលយើងឃើញសព្វថ្ងៃនេះទាក់ទងនឹងការជួញដូរសត្វព្រៃខុសច្បាប់»។ លោកស្រីបានបន្តថា៖ «ការផ្លាស់ប្តូរការ ប្រព្រឹត្តរបស់ពួកគេដើម្បីបញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ អាចធ្វើ ទៅបានអាស្រ័យលើការពង្រឹងសិទ្ធិអំណាចគ្រប់គ្រងធនធានធម្មជាតិរបស់ពួកគេ ដើម្បីឱ្យពួកគេអាចទទួលបានអត្ថប្រយោជន៍ពីគំនិតផ្តួច ផ្តើមនានាដូចជា ការធ្វើកសិរុក្ខកម្មដើម្បីបង្កើនប្រាក់ចំណូលរបស់ ខ្លួនជាដើម»។

លោក ទុយ សេរីវឌ្ឍនា នាយ កកម្មវិធីនៃអង្គការ Wild Earth Allies Cambodia បានមានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាត្រូវបាន គេ ស្គាល់ថា ជាប្រទេសសម្បូរទៅដោយជីវចម្រុះច្រើននៅក្នុង ចំណោម ប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍។ ជីវចម្រុះមួយចំនួននៅ ក្នុងប្រទេស កម្ពុជា ត្រូវទទួលរងសម្ពាធពីការគំរាមកំហែងផ្សេងៗ។ ក្នុងចំណោម នោះ អន្ទាក់ត្រូវបានគេកំណត់ថាជាការគំរាមកំហែងដ៏ធ្ងន់ បំផុតមួយ ចំពោះ សត្វព្រៃ ដែលកំពុងដើរតួនាទីជាប្រភេទយ៉ាងសំខាន់នៅក្នុង ប្រព័ន្ធអេកូឡូស៊ី។ ក្នុងនាមអង្គការ Wild Earth Allies Cambodia ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការអន្ទាក់សូន្យ និង អំពាវនាវ ឱ្យប្រជាជនកម្ពុជាបញ្ឈប់ការបរបាញ់ និងជួញដូរសត្វ ព្រៃ តទៅទៀត»។

គួរបញ្ជាក់ថាយុទ្ធនាការអន្ទាក់សូន្យត្រូវបានប្រកាសបើកជាផ្លូវការកាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ មានគោលដៅលុបបំបាត់ រាល់ការ ដាក់ អន្ទាក់គ្រប់ប្រភេទ តាមរយៈការលើកកម្ពស់ការយល់ ដឹង សាធារណៈ ការលើកទឹកចិត្តឲ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួម និង ការ រៀបចំដាក់ចេញនូវវិធីសាស្រ្តនានាដើម្បីឆ្លើយតបចំពោះគោលដៅអភិរក្សជីវចម្រុះរបស់ប្រទេសកម្ពុជា។ យុទ្ធនាការនេះត្រូវបានប្រារព្ធប្រកាសបើករួចហើយក្នុងខេត្តស្ទឹងត្រែង ព្រះវិហារ និងក្រចេះ ហើយកំពុងត្រូវបានប្រកាសបើកក្នុង ខេត្តមណ្ឌលគិរី រួចនឹងឈានទៅប្រកាសបើកក្នុងខេត្តកំពង់ធំ និងខេត្តរតនគិរីជាបន្តបន្ទាប់ ដោយការបិទបញ្ចប់ត្រូវបានគ្រោង សម្រាប់ខែតុលា ឆ្នាំ២០២២ ខាងមុខ៕ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner