បុរសម្នាក់ស្រវឹងបើកម៉ូតូកង់បីទៅប៉ះរថយន្តក្រឡាប់ខ្លួនឯង និងសងថ្លៃខូចខាតទៅភាគីរថយន្តបញ្ចប់រឿង
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេសម្គាល់ឃើញថា ស្រវឹងឡើងទន់ ខ្លួនបានបើកម៉ូតូកង់បីជ្រុលប៉ះជាមួយរថយន្ត បណ្ដាលឲ្យក្រឡាប់ ខ្លួនឯងនិងបង្កការខូចខាតដល់រថយន្ត។ ករណីនេះកើតឡើង កាលពី ម៉ោងជាង៨ យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្សារ នាគមាស តាមបណ្ដោយផ្លូវ២៣០ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបម៉ាកប៉ឺហ្សូ( PEUGEOT )ពណ៌ខ្មៅ ពាក់ ផ្លាក លេខភ្នំពេញ 2BS-6886 បើកបរដោយបុរសម្នាក់និងស្ត្រីម្នាក់ ធ្វើដំណើរជាមួយតាមបណ្ដោយផ្លូវ២៣០ ទិសដៅពីលិចទៅកើត ក្នុងល្បឿនល្មម។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមាន បុរសម្នាក់បើកម៉ូតូកង់បី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1IK-2356 ធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នាក្នុងល្បឿនលឿន បានជ្រុល ទៅកៀរ រថយន្តខាងលើបណ្ដាលឲ្យក្រឡាប់ខ្លួនឯងតែមិនបណ្តាលឱ្យរងរបួសទេ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយឃើញ ស្ថានភាពផ្លូវមានការកក់ស្ទះចរាចរណ៍ពេក ក៏បាញ់ថ្នាំរួចលើកម៉ូតូកង់បី យកមកអែបខាង ព្រមទាំងសម្របសម្រួលដល់ភាគីទាំងពីរ ។ចុង ក្រោយម្ចាស់រថយន្តទារសំណង នៃការខូចខាតចំនួន១០០ដុល្លារ ពីម្ចាស់ម៉ូតូកង់បីដើម្បីបញ្ចប់រឿង ៕ ដោយ ៖ ជីម ភារ៉ា





