យន្តហោះដឹកអ្នកដំណើរ១៦៤នាក់ រអិលចេញពីផ្លូវរត់នៅឈៀងរ៉ៃ
ឈៀងរ៉ៃ៖ យន្តហោះ ប៊ូអ៊ីង (Boeing ) 737-800 របស់ក្រុមហ៊ុនមួយបានរអិលធ្លាក់ពីលើផ្លូវរត់ ខណៈចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Mae Fah Luang ក្នុងខេត្តឈៀងរ៉ៃ ភាគខាងជើង ក្នុងពេលភ្លៀងកំពុងធ្លាក់ខ្លាំង។
យោងតាមសេចក្តីប្រកាសដែលចេញដោយក្រុមហ៊ុនអាកាសចរណ៍កាលពីថ្ងៃសៅរ៍ ជើងហោះហើរ Nok Air DD108 (ដុនមឿង-ឈៀងរ៉ៃ) ដែលមានអ្នកដំណើរ ១៦៤នាក់ និងបុគ្គលិកលើយន្តហោះ ៦នាក់ បានចាកចេញពីអាកាសយានដ្ឋានដុនមឿង នៅម៉ោង 8.03 យប់ ហើយមកដល់អាកាសយានដ្ឋាន Mae Fah Luang នៅម៉ោង 09:06 យប់។
ខណៈពេលកំពុងចុះចត យន្តហោះបានរអិលចេញពីផ្លូវរត់ ដោយសារតែភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែអ្នកបើកយន្តហោះបានគ្រប់គ្រងការនាំយន្តហោះទៅបញ្ឈប់ដោយសុវត្ថិភាព។
អ្នកដំណើរ និងសមាជិកនាវិកទាំងអស់ត្រូវបានផ្លាស់ប្តូរទៅកាន់អគារអ្នកដំណើរដោយសុវត្ថិភាព។
គ្មាននរណាម្នាក់រងរបួស ឬ បាត់បង់ជីវិតទេ ខណៈការស៊ើបអង្កេតកំពុងដំណើរការលើហេតុការណ៍នេះ៕ ប្រភពពីបាងងកកប៉ុស្តិ៍ , ប្រែសម្រួលដោយ៖ សារ៉ាត