ខ្លាធំ បានបាត់ដានពីប្រទេសកម្ពុជាជាង ១០ឆ្នាំមកហើយ ខណៈអង្គការ WWF បង្ហាញពីសារៈសំខាន់នៃការស្តារឡើងវិញនៃសត្វខ្លាធំ

ខេត្តមណ្ឌលគិរី៖ រូបភាពចុងក្រោយបំផុតរបស់សត្វខ្លាធំត្រូវគេថតបាន នៅ ឆ្នាំ២០០៧ នៅតំបន់ទេសភាព ខ្ពង់រាប ភាគខាងកើតនៃប្រទេសកម្ពុជា ប៉ុន្តែចាប់តាំងពីពេលនោះមកពុំមាន ភស្តុតាង ណាមួយដែលបង្ហាញថាមានសត្វ ខ្លាធំ នៅក្នុងប្រទេសកម្ពុជាទៀតទេ បើទោះជាមានកិច្ចខិតខំ ប្រឹងប្រែង ស្វែងរកវាយ៉ាងណាក៏ដោយ។

គួរបញ្ជាក់ថា ក្នុងទិវាសត្វខ្លាធំ ពិភពលោក កាលពីថ្មីៗមកនេះអង្គការ WWF បានចេញសេចក្តីប្រកាសរបស់ខ្លួនថា ការស្តារសត្ខខ្លាធំឡើងវិញនៅកម្ពុជាមកក្នុងដែនជម្រកដែលវារស់នៅគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា។

អង្គការមួយនេះបានចាត់ទុកថា ការស្តារខ្លាធំឡើងវិញនៅកម្ពុជាគឺជាគោលដៅអភិរក្សរយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយក្រសួងបរិស្ថាន អង្គការWWFក៏ដូចជាដៃគូពាក់ព័ន្ធ។ព្រមជាមួយគ្នាគេក៏ត្រូវការស្តារប្រភេទសត្វរំពារដែលជាចំណីរបស់សត្ខខ្លាធំដែរ។ការរៀបចំឱ្យមានលក្ខខណ្ឌអេកូឡូស៊ីនិងទីជម្រកសមស្របដើម្បីគាំទ្រការអនុវត្តផែនការស្តារសត្វខ្លាធំនាពេលអនាគត។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានក្នុងពិធីបើក”យុទ្ធនាការអន្ទាក់សូន្យ”ដែលបានរៀបចំឡើងនៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០២២បានថ្លែងថា”នាកន្លងមកកម្ពុជាបានបាត់បង់ពូជ សត្វរមាស គោព្រៃ និងពេលនេះកំពុងសង្ស័យថា អាចបាត់បង់ខ្លាធំបន្ថែមទៀតពីព្រោះថា រយៈពេលជាង ១០ឆ្នាំហើយបានបាត់បង់ភស្ថុតាងថា វានៅតែមានវត្តមាននៅកម្ពុជា”។

ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងបញ្ជាក់បន្ថែមថា នាកន្លងមកការបាត់បង់សត្វព្រៃផ្តើមចេញមកច្រើនបំផុតពីការប្រើអន្ទាក់។អន្ទាក់គឺជាឃាតករលាក់មុខដែល ឆក់យកជីវិតសត្វព្រៃ និងកំពុងតែ បំផ្លិចបំផ្លាញជីវិត សត្វព្រៃ របស់ប្រទេសកម្ពុជា ក៏ដូចជា សត្វព្រៃ ដែលមានការយកចិត្តទុកដាក់ខ្ពស់ របស់ ពិភពលោកទាំងមូល ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងដោយបញ្ជាក់ថា”ដើម្បីថែរក្សាសត្វដ៏កម្រៗនិងមានតម្លៃបំផុតទាំងនេះយើង ត្រូវបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ទាំងអស់ពីព្រោះយើងដឹងថា សត្វខ្លាំធំ ជាសត្វ នៅលើគេទាំងអស់ និង ស៊ីសាច់សត្វជាអាហារ។សត្វខ្លាធំរស់នៅក្នុងព្រៃបានទាល់តែមាន សត្វ ជាអាហាររបស់វាមាន គ្រប់គ្រាន់នៅក្នុងព្រៃ។ ប្រជាពលរដ្ឋបើចង់ចូលរួម អភិរក្ស សត្វខ្លាធំ គឺ ឈប់ពិសាសាច់សត្វព្រៃ គ្រប់ ប្រភេទ ។ ពិតណាស់អន្ទាក់គឺធ្វើឡើងដោយ វិធីសាមញ្ញបំផុត ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់។ អន្ទាក់ ដែល ធ្វើឡើងដោយខ្សែលួស ដូចជា ហ្វ្រាំងកង់ និងងាយស្រួលក្នុងការដាក់ ហើយបានបង្កើតជាបញ្ហាយ៉ាងច្រើននៅក្នុងព្រៃនៃប្រទេសកម្ពុជា” ។

ឯកឧត្តម រដ្ឋលេខាធិការបានពន្យល់ទាក់ទិនទៅនឹងការបាត់បង់ សត្វខ្លាធំនេះដែរ ដោយសារតែផ្តើមចេញមកពី ប្រទេសកម្ពុជា មានសង្គ្រាម ដែលបង្កឱ្យមានសំឡេងគ្រាប់កាំភ្លើងរំខានការរស់នៅរបស់វា ទើបវារត់គេចចេញពីទីជម្រកទៅកាន់កន្លែងផ្សេងដែលមានភាពស្ងប់ស្ងាត់គ្មានការរំខាន ពីព្រោះ សត្វ ខ្លាធំ ចូលចិត្តរស់នៅដោយមានសេរីភាព គ្មានការរំខាន ពីសំឡេងចំឡែកៗ ដែលវាមិនធ្លាប់ឮ។ទោះជាយ៉ាងណា រូបភាព សត្វ ខ្លាធំ ដែលថតបានចុងក្រោយគឺនៅឆ្នាំ ២០០៧ នៅតំបន់ទេសភាព ខ្ពង់រាប ភាគខាងកើត នៃប្រទេសកម្ពុជា។ ចាប់តាំងពីពេលនោះមកពុំមាន ភស្តុតាង ណាមួយបង្ហាញថា មាន សត្វ ខ្លាធំ នៅក្នុងប្រទេសកម្ពុជាទៀតទេ។

លោក សេង ទៀក នាយក អង្គការ មូលនិធិ សកល ដើម្បីអភិរក្សធនធានធម្មជាតិប្រចាំប្រទេសកម្ពុជា ឬហៅថា WWFថ្លែងថា កម្ពុជា ជាប្រទេស មួយ ក្នុងចំណោម ប្រទេសចំនួន ១៣ ដែល មាន សត្វ ខ្លាធំ ហើយ រាជរដ្ឋាភិបាល កម្ពុជា បានប្តេជ្ញាចិត្ត បង្កើនទ្វេដងចំនួន សត្វខ្លាធំ ទូទាំងពិភពលោក ដោយ បានអនុម័តលើផែនការ សកម្មភាព សង្គ្រោះ សត្វ ខ្លាធំ នៅកម្ពុជា ដែល ផ្តោតលើការនាំយក សត្វ ខ្លាធំ ចូលទៅក្នុង តំបន់ វាលទំនាប ភាគខាងកើត នៃ ប្រទេសកម្ពុជា ។

លោក សេង ទៀក មានប្រសាសន៍ថា «សត្វ ខ្លាធំ គឺជា សត្វ ដ៏ អស្ចារ្យ និងមានភាពទាក់ទាញ ហើយវា ត្រូវបានចាត់ទុកជាសម្បត្តិ បេតិកភណ្ឌជាតិ។ នេះ គឺជាពេលវេលាដែលត្រឹមត្រូវបំផុតដែលយើងទាំងអស់គ្នារួមគ្នាដើម្បី អភិរក្សសត្វខ្លាធំនេះ»។

នាយក អង្គការ មូលនិធិសកល ដើម្បីអភិរក្ស ធនធានធម្មជាតិ ប្រចាំប្រទេសកម្ពុជាបញ្ជាក់បន្ថែមថា”ប្រយោជន៍មួយរបស់សត្វខ្លាធំ ក្នុងចំណោមអត្ថប្រយោជន៍ផ្សេងៗទៀតនោះ គឺសត្វខ្លាធំអាចបង្កើនចំណូលថវិកាជាតិ តាមរយៈទេសចរណ៍ទស្សនាសត្វខ្លា ។ វាអាចរកចំណូលខ្ពស់បំផុតបើប្រៀបធៀបនឹងការរកចំណូលពីសត្វដទៃទៀតពីព្រោះថា អ្នកទេសចរគេចូលចិត្តមើលវាណាស់”។

ជាមួយគ្នា លោក បានអំពាវនាវឱ្យមានការចូលរួមពីគ្រប់ស្រទាប់ទាំងអស់ដើម្បីអភិរក្ស សត្វខ្លាធំ ហើយក៏សូមអំពាវនាវ ដល់អតិថិជនទាំងអស់ឱ្យបញ្ឈប់ការជួញដូរ សត្វខ្លាធំ និងសាច់សត្វព្រៃ ជាបន្ទាន់ និងសូមឱ្យរាជរដ្ឋាភិបាលជួយបង្ក្រាបប្រកបដោយប្រសិទ្ធភាពលើអ្នកដែលដាក់អន្ទ្រាក់ នៅក្នុង ព្រៃការពារ និង បង្កើន ការពិន័យ ដល់អ្នកដែលដាក់អន្ទាក់ក្នុងព្រៃការពារ ផងដែរ ៕ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner