ឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ករណីលួចលាក់ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់
ព្រះវិហារ៖ បុរសជាជនសង្ស័យម្នាក់ ត្រូវបានរងការចាប់ឃាត់ខ្លួន ដោយកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ពីបទលួចលាក់រក្សាទុក ប្រើប្រាស់ និងចែកចាយបន្ត នូវសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង ១៤:៣០នាទីថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញ ត្រង់ចំណុច «UTM (4607701574935)» ស្ថិតនៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នេះបើយោងតាមរបាយការណ៍ហេតុរបស់កម្លាំងកងរាជអាវុធហត្ថស្រុក ដែលអង្គភាពទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ ប្រចាំខេត្តព្រះវិហារ ទទួលបាននាព្រឹកថ្ងៃអាទិត្យទី៣១ ខែកក្កដា ឆ្នាំ២០២២។
លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានឲ្យដឹងថា៖ក្រោយទទួលបានបទបញ្ជាពីឯកឧត្តមឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុហត្តខេត្ត លោកបានដឹកនាំកម្លាំងចំនួន ៥នាក់ រថយន្ត ០២ គ្រឿង ICOM ០២គ្រឿង សហការជាមួយកម្លាំងការិយាល័យទី២ កងពលតូចអន្តរាគមន៍លេខ៨ ដឹកនាំដោយលោកវរសេនីយ៍ត្រី គឹម ស៊ីវ និងកម្លាំងប្រជាការពារភូមិចំបក់សែនជ័យ ដឹកនាំដោយលោក ប៉ាន់ នីម ធ្វើការបង្រ្កាបករណីរក្សាទុក ជួញដូរ ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនខុសច្បាប់មួយកន្លែង ក្នុងភូមិសាស្ត្រខាងលើ និងបានធ្វើការឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ ដែលមានឈ្មោះ អិត ខេមរ៉ា ភេទ ប្រុស អាយុ ៣៥ឆ្នាំ រស់នៅ ភូមិចំបក់សែនជ័យ ឃុំ ស្រអែម ស្រុក ជាំក្សាន្ត ខេត្ត ព្រះវិហារ ។
លោកអនុសេនីយ៍ឯក ជុន បូរ៉ា បានបញ្ជាក់ដែរថា៖ នៅក្នុងហេតុការណ៍ឃាត់ខ្លួនបុរសជាជនសង្ស័យនេះ កម្លាំងក៏បានរកឃើញវត្ថុតាងមួយរួមមាន៖ ថ្នាំញៀន ម្សៅក្រាមសថ្ថា (ម៉ាទឹកកក) ចំនូន ១២ កញ្ចប់ ទំងន់ស្មើ ២៣,៤៨ ក្រាម, ជញ្ចឹងថ្លឹងថ្នាំញៀន ចំនូន ០១ គ្រឿង, ទូរសព្ទ័ដៃ ម៉ាក់ OPPOចំនួន ០២ គ្រឿងនិងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
លោកថា៖ បច្ចុប្បន្នជនសង្ស័យ ព្រមជាមួយនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត កំពុងរៀបចំចងក្រងសំណុំឯកសារ ធ្វើការបញ្ជូនបន្តទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីចាត់ការទៅតាមនិត្តិវិធីច្បាប់ ៕ សួន លីណា





