អតីតយុទ្ធជនពិការនៅស្រុកតាំងគោកបានទទួលផ្ទះថ្មី ជាខ្នងផ្ទះទី២០៥ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងអាជ្ញាធរដែនដី បានចុះប្រគល់មួយផ្ទះខ្នង ដែលជាខ្នងផ្ទះលើកទី២០៥ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាមរយៈ ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជននៅ ភូមិត្រដក់ពង ឃុំពង្រ ស្រុក តាំងគោក ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ។
ឈ្មោះ លោក ជុំ យីម ជាអតីតយុទ្ធជន ជាពិការដោយសារសង្គ្រាម អាយុ ៥៥ឆ្នាំ មានភរិយានិងកូន នៅក្នុងបន្ទុកចំនួន៥នាក់ មានជីវភាពលំបាកខ្វះខាត ពុំមានលទ្ធភាពការសាងសង់ផ្ទះរស់នៅបានសមរម្យ ដោយមើលឃើញពីការលំបាកនេះ ក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សុំការសម្រេចសាងសង់ផ្ទះថ្មី ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែករនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ អតីតយុទ្ធជននិងប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំពង្រ ដើម្បីផ្តល់ឳកាសឲ្យបុគ្គលដែល គិតថា និងអាចដឹកនាំអភិវឌ្ឍន៍ភូមិ ឃុំ នៅក្នុងមូលដ្ឋានបាន ធ្វើឲ្យលទ្ធផលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងសំណូមពរដល់បងប្អូនអតីតយុទ្ធជននិងប្រជាពលរដ្ឋទាំងអស់ សូមខិតខំប្រឹងប្រែងប្រកបមុខរបររកស៊ី ទទួលទានចិញ្ចឹមជីវិត ដោយសុច្ចរិតទៀងត្រង់និង ចូលរួមក្នុងការអនុវត្តន៍ នូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពនៅក្នុងមូលដ្ឋាន ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយ របស់ឯកឧត្តមឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភមាន អង្ករ ៥០គីឡូក្រាម មី ២កេស ទឹកត្រីទឹកស៊ីអ៊ីវ ២យួរ និងថវិកាមួយផងដែរ
អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុទ្ធជន បានអំណរគុណសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ ប៊ុន រដ្ឋា




