រុស្ស៊ីថា សហរដ្ឋអាមេរិក និងណាតូជាការគំរាមកំហែងចម្បង ចំពោះសន្តិសុខដែនសមុទ្រជាតិ
ម៉ូស្គូ៖ ដំណើរស្វែងរករបស់សហរដ្ឋអាមេរិកសម្រាប់ការត្រួតត្រានៃមហាសមុទ្រពិភពលោក និងការពង្រីកឥទ្ធិពលរបស់អង្គការណាតូ គឺជាការគំរាមកំហែងចម្បងចំពោះសន្តិសុខដែនសមុទ្ររបស់រុស្ស៊ី។ នេះបើយោងតាមគោលលទ្ធិកងទ័ពជើងទឹករុស្ស៊ីថ្មីដែលបានអនុម័តនៅថ្ងៃអាទិត្យសប្តាហ៍មុននេះ។
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិស្តីពីការអនុម័តលើគោលលទ្ធិកងទ័ពជើងទឹកនៃសហព័ន្ធរុស្ស៊ី និងបទបញ្ជាប្រតិបត្តិស្តីពីការអនុម័តបទប្បញ្ញត្តិ នៃកងទ័ពជើងទឹករុស្ស៊ី នៅមុនថ្ងៃប្រារព្ធពិធីដង្ហែក្បួននាវាកងទ័ពជើងទឹកដ៏សំខាន់។
គោលលទ្ធិដែលមាន ៥៥ទំព័របានចែងថា បញ្ហាប្រឈម និងការគំរាមកំហែងចម្បងចំពោះសន្តិសុខជាតិនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់រុស្ស៊ី គឺ “ផ្លូវយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកឆ្ពោះទៅរកការត្រួតត្រានៅក្នុងមហាសមុទ្រពិភពលោក និងឥទ្ធិពលជាសកលរបស់ខ្លួនលើដំណើរការអន្តរជាតិ។ បន្ថែមលើនេះ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់អង្គការណាតូទៅកាន់ព្រំដែនរុស្ស៊ី និងការកើនឡើងនៃសមយុទ្ធរបស់ប្លុកយោធានេះនៅក្នុងតំបន់ដែលនៅជាប់នឹងដែនទឹករបស់ប្រទេសរុស្ស៊ី ក៏ត្រូវបានចាត់ទុកថា ជាការគំរាមកំហែងដ៏សំខាន់ចំពោះសន្តិសុខជាតិរបស់រុស្ស៊ីផងដែរ។
គួរបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Yury Borisov បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាដែនសមុទ្រកាលពីខែឧសភាកន្លងទៅថា គោលលទ្ធិដែនសមុទ្រឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៅក្នុងស្ថានភាពភូមិសាស្ត្រនយោបាយ និងយោធាក្នុងពិភពលោក ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា




