នាយករដ្ឋមន្រ្តីជប៉ុនទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីចូលរួមកិច្ចប្រជុំការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ
វ៉ាស៊ីនតោន៖ នាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ហ្វូមីអូ បានធ្វើដំណើរទៅដល់ទីក្រុងញូយ៉ក សហរដ្ឋអាមេរិកហើយ កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ដើម្បីចូលរួមកិច្ចប្រជុំ នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT)។
កិច្ចប្រជុំខាងលើ នឹងចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ចំពេលដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែនបានបង្កើនការភ័យខ្លាចនៃជម្លោះនុយក្លេអ៊ែរ។
លោក គីស៊ីដា នឹងក្លាយជានាយករដ្ឋមន្ត្រីជប៉ុនដំបូងគេដែលចូលរួមក្នុងសន្និសីទត្រួតពិនិត្យ NPT។ មុនពេលចាកចេញពីប្រទេស លោក គីស៊ីដា បាននិយាយថា ដោយសារការបែកបាក់គ្នានៅក្នុងសហគមន៍អន្តរជាតិ ជុំវិញការរំសាយអាវុធនុយក្លេអ៊ែរ និងការគំរាមកំហែងនុយក្លេអ៊ែរដែលបង្កឡើងដោយរុស្ស៊ីនោះ ខ្ញុំពិតជាមានការព្រួយបារម្ភ ខណៈពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរកំពុងធ្លាក់ចុះទំនុកចិត្តយ៉ាងខ្លាំង។
លោក គីស៊ីដា ត្រូវបានគេរំពឹងថា នឹងជំរុញឱ្យមហាអំណាចនុយក្លេអ៊ែរមានតម្លាភាពបន្ថែមទៀត អំពីសមត្ថភាពនុយក្លេអ៊ែររបស់ពួកគេ។
ជាងនេះទៅទៀត មេដឹកនាំជប៉ុនរូបនេះក៏ទំនងជានឹងប្រកាសពីការចាប់ផ្តើមមូលនិធិរបស់អង្គការសហប្រជាជាតិ ដើម្បីជួយក្មេងៗជំនាន់ក្រោយទៅទស្សនាទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី ដែលទីក្រុងទាំងពីរនេះរបស់ប្រទេសជប៉ុន ធ្លាប់ទទួលរងការវាយប្រហារដោយគ្រាប់បែកបរមាណូកាលពី ៧៧ឆ្នាំមុន៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា





