ប្រធានាធិបតីតៃវ៉ាន់អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខកាន់តែជិតស្និទ្ធជាមួយជប៉ុន
តៃប៉ិ៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីនវិន បានបង្ហាញក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខរវាងតៃវ៉ាន់-ជប៉ុន នឹងប្រព្រឹត្តទៅតាមវិធីសាស្រ្តធម្មតាៗបន្ថែមទៀត។
លោកស្រី ត្សៃ បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញ នៅក្នុងវេទិកាមួយស្តីពីទំនាក់ទំនងរបស់តៃវ៉ាន់ជាមួយជប៉ុនសម្រាប់រយៈពេល៥០ឆ្នាំខាងមុខ ខណៈដែលឆ្នាំនេះជាខួបពាក់កណ្តាលសតវត្សរ៍ ចាប់តាំងពីទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរត្រូវបានកាត់ផ្តាច់។
វេទិកានេះត្រូវបានរៀបចំឡើងដោយមូលនិធិដែលធ្វើការដើម្បីការពារកេរ្តិ៍ដំណែលរបស់អតីតប្រធានាធិបតីតៃវ៉ាន់លោក លី តេងហួយ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសជប៉ុន។ លោកស្រី ត្សៃ បន្តថា ទំនាក់ទំនងរវាងតៃវ៉ាន់ និងជប៉ុនបានឈានចូលដំណាក់កាលថ្មីមួយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយលោកស្រីបានពណ៌នាទំនាក់ទំនងទាំងនេះថា ជាមិត្តភាពជាងពេលណាៗទាំងអស់។
លោកស្រី ត្សៃ បានថ្លែងអំណរគុណចំពោះជប៉ុនដែលបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់នៅក្នុងកិច្ចប្រជុំអន្តរជាតិផ្សេងៗ។
លោកស្រីបានពណ៌នាអំពីខ្សែតភ្ជាប់តៃវ៉ាន់ និងជប៉ុនថា ជាខ្សែការពារក្នុងតំបន់ដ៏សំខាន់ ហើយបានសង្កត់ធ្ងន់ថា តៃវ៉ាន់ និងជប៉ុនគួរតែពង្រឹងកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅ ដើម្បីធានាសន្តិភាព និងស្ថិរភាពនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
យ៉ាងណាមិញ លោកស្រី ត្សៃ មិនបាននិយាយពីវិធីសាស្រ្តនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងនោះទេ ប៉ុន្តែលោកស្រីត្រូវបានគេរំពឹងថា នឹងជំរុញការផ្លាស់ប្តូររវាងក្រសួងការពារជាតិទាំងពីរ និងរវាងយោធាតៃវ៉ាន់ និងកងកម្លាំងស្វ័យការពាររបស់ជប៉ុន៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា


