សំណុំរឿងប្លន់អ្នកលក់ឡេ៖តុលាការផ្តន្ទាទោសមេបក្សខ្មែរក្រោកនិងបក្ខពួកឱ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ពី៦-៩ ឆ្នាំ
ភ្នំពេញ៖តុលាការបានប្រកាសសាលក្រមផ្តន្ទាទោសអតីតប្រធានគណបក្សខ្មែរក្រោក និងបក្ខពួកចំនួនប្រាំមួយនាក់ទៀតដាក់ពន្ធនាគារក្នុងម្នាក់ៗ ពី ប្រាំមួយ ទៅប្រាំបួនឆ្នាំ ក្នុងករណីចូលប្លន់ផ្ទះអ្នកលក់ឡេតាមអនឡាញឈ្មោះ អ៊ាន សៀវម៉ី កាលពីចុងឆ្នាំ២០២១។ ជនជាប់ចោទទាំងប្រាំពីរនាក់ ត្រូវបានចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស បទសមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបទក្លែងឯកសារសាធារណៈតាមមាត្រា ២៩, មាត្រា ៣៥៣, មាត្រា ៣៥៧, មាត្រា ៤៩០ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ។ការប្រកាសផ្តន្ទាទោសនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែសីហានេះ។

លោកសុខ សុវណ្ណវឌ្ឍនាសាប៊ុង និងបក្ខពួកបានចូលប្លន់ផ្ទះអ្នកលក់ឡេអនឡាញឈ្មោះ អ៊ាន សៀវម៉ី នៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពី១៩ ខែធ្នូ ឆ្នាំ២០២១ ។
ប្រធានក្រុមប្រឹក្សា ជំនុំជំម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ឈុន ដាវី បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទចំនួនប្រាំពីរនាក់ មានដូចជា ៖
ទី ១. ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ សុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាមគ័ង ប្រធានគណបក្សខ្មែរក្រោក និងជាមេខ្លោងចោរប្លន់ ត្រូវផ្តន្ទាទោសរយៈពេល ០៩ឆ្នាំ។
ទី២. ឈ្មោះ សុវណ្ណ ស្រីសុរិយោពណ៌ ភេទស្រី អាយុ ២៤ ឆ្នាំ ( ត្រូវជាប្រពន្ធវិល្លាមគ័ង ) ដាក់គុក ៦ ឆ្នាំ។
ទី ៣. ឈ្មោះ អោ រ៉ាម៉ន (បើករថយន្ត) ផ្តន្ទាទោសរយៈពេល ៨ឆ្នាំ។
ទី៤. ឈ្មោះ សុវណ្ណ រ៉ានុត ផ្តន្ទាទោសរយៈពេល ៨ឆ្នាំ។
ទី៥.ឈ្មោះ កេត ម៉ាច ផ្តន្ទាទោសរយៈពេល ៨ឆ្នាំ។
ទី៦. ឈ្មោះ នេត ផៃមុនី ផ្តន្ទាទោសរយៈពេល ៨ឆ្នាំ។
ទី៧. ឈ្មោះ ថុន វឌ្ឍនៈបូរ៉ាមី ភេទស្រី ផ្តន្ទាទោសរយៈពេល ៦ ឆ្នាំ។

ប្រធានក្រុមប្រឹក្សាជំនុំជំម្រះបានបង្គាប់ឲ្យជនជាប់ចោទទាំងប្រាំពីរនាក់ ត្រូវរួមគ្នាសងថ្លៃខូចខាតចំនួន ៥០ ម៉ឺនដុល្លារ និង ថ្លៃសំណងជំងឺចិត្ត ចំនួន ២០០លានរៀលទៀត ទៅភាគីដើម និងបើកផ្លូវឲ្យប្តឹងជំទាស់ទៅតុលាការឧទ្ធរណ៍តាមនីតិវិធីច្បាប់។
តាមចម្លើយរបស់ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅសុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង ដែលជាមេខ្លោងនិងជាអ្នក រៀបចំផែនការ បានបញ្ជាក់ថា សកម្មភាពចូលប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី នេះ គឺខ្លួនរៀបផែនការមុនតែមួយថ្ងៃទេ ដោយចេញធ្វើសកម្មភាពចំនួនប្រាំនាក់ ខ្លួនជាអ្នកដឹកនាំផ្ទាល់តែម្តង មូលហេគេចខ្លួនបានត្រឹមតែមួយយប់ ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងតុដែលនាំឲ្យខ្លួនសម្រេចចិត្តប្លន់គឺដោយសារ:ទី១ គឺសព្វថ្ងៃខ្លួនខ្វះខាតលុយកាក់ទ្រទ្រង់ជីវភាពនិងបក្ស ជាក់ស្តែងរថយន្តដែលខ្លួនជិះ គឺបង់រំលោះមិនទាន់ដាច់នៅឡើយ ហើយផ្ទះដែលខ្លួន រស់នៅ គឺជួលក្នុងតម្លៃ ២៥០០ដុល្លារក្នុងមួយខែ ជំពាក់ឈ្នួលផ្ទះគេពីរខែហើយ។ ចំណែកស្នាក់ការបក្សចំនួន១៦ខេត្ត ក៏មិនមានប្រាក់បង់ឈ្នួលផ្ទះឲ្យគេ ព្រមទាំងជំពាក់បំណុលគេជុំទិសទៀតផង។
ទី២ គឺខ្លួនមានទស្សន: អ្នកក្រនិយម ជ្រិញពួកអ្នកមាន ឡាយតាម Facebook បង្អួតទ្រព្យសម្បត្តិ ដូចនេះ ក៏កើតចិត្តចង់ព្រមានដល់អ្នកមានមួយចំនួនដែលមានចរិតបែបនេះ ។

កន្លងមកពួកខ្លួនបានធ្វើសកម្មភាពប្លន់ចំនួនពីរលើក។ ទី១. នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើសកម្មភាពប្លន់ ម្ចាស់បុរីម៉នដានី នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ តែមិនបានសម្រេច ព្រោះនៅថ្ងៃធ្វើសកម្មភាព ស្រាប់តែជនរងគ្រោះមិនបាននៅក្នុងឡានដែលពួកខ្លួនបានកាក់ប្លន់ ក៏ក្លែងធ្វើជាសួរនាំក្នុងនាមសមត្ថកិច្ច ហើយពេលនោះខ្លួនមិនបានចូលរួមទេ គឺឲ្យតែកូនចៅប្រាំនាក់ អាវុធវែងមួយដើម អាវុធខ្លីពីរដើម និងក្លែងឯកសណ្ឋានសមត្ថកិច្ច ចុះទៅធ្វើសកម្មភាព។ទី២. នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ខ្លួនបានប្រើរូបភាពដូចលើកទី១ដែរ គឺក្លែងឯកសណ្ឋានសមត្ថកិច្ច និងក្លែងដីកាបង្គាប់ឲ្យនាំខ្លួន ចុះទៅធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិ នៅផ្ទះអ្នកឡេអនឡានឈ្មោះ អ៊ាន សៀវម៉ី បានសម្រេចដោយប្រមូលបានគ្រឿងពេជ្រមួយចំនួន តែរំលងបានតែមួយយប់ ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាបដល់ផ្ទះ ដោយឃាត់ខ្លួនមនុស្សបានចំនួន១២នាក់ អាវុធវែងខ្លីចំនួន០៥ដើមភ្លាមៗ និងគ្រឿងពេជ្រជាច្រើនឈុតត្រឡប់មកវិញ ក្រោយមកឆែកឃើញអាវុធមួយដើមទៀត លាក់នៅមាត់លូ សរុបដកហូតបានអាវុធប្រាំមួយដើម៕ ដោយ៖ពលជ័យ


