សម្ដេចតេជោ ហ៊ុន សែន រម្លឹកពីវេទិកាតាមភ្លឺស្រែ ដើម្បីមានស្បៀងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជន និងផ្ដាំដល់មន្ត្រីឱ្យរត់ទៅរកការងារ ជាជាងឱ្យការងាររត់មករកយើង
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរំលឹកពីវេទិកាតាមភ្លឺស្រែ ជាមួយនឹងប្រជាជន ដែលសម្ដេចធ្លាប់ធ្វើកាលពីអំឡុងឆ្នាំ១៩៩០ ដើម្បីមានស្បៀងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជន នឹងបានផ្ដាំទៅមន្ត្រី ឱ្យចេះរត់រកការងារ ជាជាងឱ្យការងាររត់មករក។ សម្ដេចតេជោ បានលើកឡើងដូចនេះ តាមរយៈការបង្ហោះនៅលើទំព័រហ្វេសបុករបស់សម្ដេច នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។
សម្ដេចតេជោ បានលើកឡើងថា ដើម្បីមានស្បៀងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជន យើងត្រូវធ្វើវេទិការតាមភ្លឺស្រែជាមួយប្រជាជន។ ពេលនោះការពិភាក្សាផ្តោតសំខាន់លើការដោះស្រាយទឹក ការប្រើប្រាស់ពូជ ការប្រើប្រាស់ដី ជី ថ្នាំសម្លាប់សត្វល្អិត ការបែងចែកតំបន់ដាំដុះ ការចិញ្ចឹមត្រី និងសត្វ។ល។
សម្ដេច បានបន្ថែមទៀតថា ការឆ្លងឆ្លើយរវាងប្រជាជននិងនាយករដ្ឋមន្ត្រីបានធ្វើឱយវេទិការមានជោគជ័យដែលយើងបានដោះស្រាយសំណូមពររបស់ប្រជាជនមិនត្រឹមតែវិស័យកសិកម្មប៉ុណ្ណោះទេតែយើងបានដោះស្រាយសាលារៀន ផ្លូវ ស្ពាន ស្រះទឹក អណ្តូងទឹកវត្តអារាម។ល។បានយ៉ាងច្រើនទៀតផង។
សម្ដេចថា៖ ពីប្រទេសដែលខ្វះស្រូវប្រម៉ាន១លានតោននាទសវត្សរ៍១៩៩០ និងដើមឆ្នាំ២០០០ ពេលនេះ យើងសល់ស្រូវជាង៦លានតោនជាមួយដំណាំកសិកម្មផ្សេងទៀត មានការរីកចម្រើនយ៉ាងខ្លាំងដែលធ្វើឱយយើងដោះស្រាយបានតម្រូវការក្នុងស្រុកនិងការនាំចេញផងដែរ។ វេទិការតាមវាលស្រែធ្វើមិនតិចជាង១០ដងនោះទេដែលមាននៅខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានរម្លឹកពីកូនស្រីច្បងរបស់សម្ដេច ដែលមានទម្លាប់ដើរតាមសម្ដេច តាំងពីតូច និងថាធ្លាប់ទៅតាមសម្ដេចបានប៉ុន្មានកន្លែងដែរក្នុងវេទិការតាមភ្លឺស្រែនេះ។ សម្ដេចបន្តថា៖ ស្តាប់ប្រជាជននិយាយ ទទួលដោះស្រាយសំណូមពរសមហេតុ សមផលរបស់ប្រជាជន ទើបយើងរៀបចំគោលនយោបាយបានត្រឹមត្រូវ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា ត្រូវធ្វើមន្ត្រីជើងពីរ មិនត្រូវធ្វើមន្ត្រីជើង ១០នោះឡើយ និងត្រូវរត់ទៅរកការងារធ្វើ កុំរង់ចាំការងាររត់មករកយើង៕ ដោយ វណ្ណលុក (ប្រភពពីទំព័រហ្វេសបុករបស់សម្ដេចតេជោ)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-02_11-57-58-644x1024.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-02_11-58-00.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-02_11-57-57-434x1024.jpg)