ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងថា វៀតណាម ជាទីផ្សារដ៏សំខាន់ក្នុងការទទួលកសិផលនាំចេញពីកម្ពុជា ខណៈទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ឈានដល់ជាង ១០ពាន់លានដុល្លារ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា ដោយសារទំនាក់ទំនងល្អ កម្ពុជា បានទទួលអ្នកវិនិយោគវៀតណាមដ៏ច្រើន ខណៈដែលវៀតណាម ជាទីផ្សារដ៏សំខាន់ក្នុងការទទួលកសិផលនាំចេញពីកម្ពុជា ដែលធ្វើឱ្យទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ឈានដល់ជាង ១០ពាន់លានដុល្លារ ដែលជាទំហំមួយដ៏ធំ។ ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ធ្វើឡើងក្នុងឱកាសអនុញ្ញាតឲ្យលោកជំទាវ ង្វៀន ធីថាញ់ សមាជិកាគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តវៀតណាម សមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម កម្ពុជា ចូលជួបសំដែងការគួរសម នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២ សីហា ឆ្នាំ២០២២ ។

នៅក្នុងជំនួបនេះ លោកជំទាវ ង្វៀន ធីថាញ់ បានមានប្រសាសន៍ថ្លែងនូវអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យលោកជំទាវ និងគណៈប្រតិភូទាំងអស់ អញ្ជើញចូលជួបសំដែងការគួរសម។

លោកជំទាវ ក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ហើយអ្វីដែលជាការចាប់អារម្មណ៍ គឺការអភិវឌ្ឍដ៏លឿនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងនោះអ្វីដែលជាកត្តាសំខាន់បំផុត គឺការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសកម្ពុជា។

លោកជំទាវ មានប្រសាសន៍ អបអរសាទរចំពោះទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ ដោយសារឆ្នាំ២០២២នេះ គឺជាខួបលើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ និងខួបលើកទី៤៥ ដែលការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលនឹងឈានចូលមកដល់នៅឆ្នាំ២០២៣ ។

សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះលោកជំទាវ ង្វៀន ធីថាញ់ និងគណៈប្រតិភូទាំងអស់ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ។ សម្តេចតេជោបន្តថា ប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានធ្វើការជាមួយគ្នាលើក្របខណ្ឌជាច្រើន រួមទាំងក្នុងក្របខណ្ឌរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល សភានិងសភា រហូតដល់អង្គការមហាជន។ សម្តេច បានគូសបញ្ជាក់ពីតួនាទីសំខាន់របស់អង្គការមហាជន ក្នុងការពង្រីកពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ សម្តេចតេជោ ក៏បានអបអរសាទរជូនចំពោះ លោកជំទាវ ង្វៀន ធីថាញ់ ដែលត្រូវបានតែងតាំងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា។

សម្តេចតេជោ បានបន្តថា សម្តេចបានធ្វើការជាមួយសមាគមមិត្តភាពវៀតណាម-កម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩មកម៉្លេះ គឺមានរយៈពេលជាច្រើនឆ្នាំមកហើយ ហើយអ្វីដែលសំខាន់ថែមទៀតនោះ គឺយើងត្រូវបន្តថែរក្សាតួនាទី និងទំនាក់ទំនងល្អលើនយោបាយការបរ ទេស ដែលមិត្តភាព សាមគ្គីភាពរបស់ប្រទេសទាំងពីរ គឺមិនអាចបំបែកបំបាក់បានឡើយ ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។

សម្តេចតេជោបានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនរបស់ប្រទេសវៀតណាម ហើយដែលការរីកចម្រើនរបស់វៀតណាម គឺពិតជាមានរួមចំណែកជួយដល់ការរីកចម្រើនរបស់កម្ពុជាផងដែរ។ ដោយសារទំនាក់ទំនងល្អនៃប្រទេសទាំងពីរ កម្ពុជា បានទទួលអ្នកវិនិយោគវៀតណាមដ៏ច្រើន រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត រួមទាំងវិស័យថាមពល។ វៀតណាម ជាទីផ្សារដ៏សំខាន់ ក្នុងការទទួលកសិផលនាំចេញពីកម្ពុជា។ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ឈានដល់ជាង ១០ពាន់លានដុល្លារ ដែលជាទំហំមួយដ៏ធំ។ សម្តេចតេជោ បានស្នើដល់សមាគមមិត្តភាពវៀតណាម-កម្ពុជា បន្តយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋកម្ពុជាក្រីក្រ ដែលចូលទៅសំរាកព្យាបាលជំងឺក្នុងប្រទេសវៀតណាម។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ ចំពោះការគ្រប់គ្រងកូវីដ១៩ របស់ប្រទេសវៀតណាម យ៉ាងមានប្រសិទ្ធភាព ។

ជាមួយគ្នានេះ សម្តេចបានវាយតម្លៃខ្ពស់ ចំពោះការប្រែក្លាយតំបន់ព្រំដែនដែលធ្លាប់តែជាតំបន់អសន្តិសុខ ក្លាយទៅជាតំបន់ព្រំដែន សន្តិភាព មានកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរីកចម្រើន ទេសចរណ៍ អប់រំ វប្បធម៌ ពិសេសការធ្វើដំណើរចេញចូលរកគ្នារវាងប្រជាជន នៃប្រទេសទាំងពីរ។

ទាក់ទិនទៅនិងកិច្ចសហប្រតិបត្តិការរវាង សមាគមមិត្តភាពនៃប្រទេសទាំងពីរ លោកជំទាវ ង្វៀន ធីថាញ់ មានប្រសាសន៍ជំរាបជូនសម្តេចតេជោថា សមាគមទាំងពីរបានចុះអនុស្សារណៈ នៃការយោគយល់គ្នា ដើម្បីពង្រីកសកម្មភាពដើម្បីឲ្យសមាគមនេះ បន្តសកម្មភាពច្រើនជាងមុន និងលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ពិសេសរវាងប្រជាជន និងប្រជាជន ។ លោកជំទាវ មានការសប្បាយរីករាយ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយ លោកជំទាវ ម៉ែន សំអន ក្នុងការជំរុញដំណើរការរបស់សមាគមទាំងពីរ ឱ្យកាន់តែបោះជំហានទៅមុខ ។

លោកជំទាវ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចដឹកនាំរបស់ប្រទេសកម្ពុជា ពិសេសឆ្នាំ២០២២នេះ កម្ពុជា ធ្វើជាប្រធានអាស៊ាន ដែលនឹងចូលរួមលើកកម្ពស់មុខមាត់ និងកិត្យានុភាពរបស់កម្ពុជាក្នុងតំបន់ និងពិភពលោក ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner