អាជ្ញាធរខេត្តកំពង់ធំ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល រឹបអូសឧបករណ៍នេសាទខុសច្បាប់ បានជាច្រើនប្រភេទយកមកបំផ្លាញចោល

ខេត្តកំពង់ធំ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានដាក់បទបញ្ជាដល់ខណ្ឌរដ្ឋបាលជលផលខេត្ត ឲ្យសហការរួមគ្នាជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និងកម្លាំងមូលដ្ឋាន បន្តចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅក្នុងដងទន្លេសាប ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត និងធ្វើការរឹតបន្តឹងដល់អ្នកនេសាទ ដែលបាននេសាទត្រីហួសដែនកំណត់ និងមានលក្ខណៈទ្រង់ទ្រាយធំ ផ្ទុយពីច្បាប់កំណត់។

ប្រតិបត្តិការនោះ បានធ្វើឡើងកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ដឹកនាំដោយ ស្នងការរងនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាប ចាប់ពីចំណុចមាត់ព្រែកខ្វែងក្របី ដល់រាំងជ្រុំ ស្ថិតក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ចំណែក មួយក្រុមទៀត ដឹកនាំដោយ លោកវីរសេនីយ៍ត្រី ម៉េង ភក្តី ស្នងការរងនគរបាលខេត្តកំពង់ធំ ដែលជាក្រុមការងារប្រចាំការ អនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

មន្ត្រីប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ បឹងទន្លេសាប បានប្រាប់ឲ្យដឹងថា ការចុះបង្ក្រាបបទល្មើសនេសាទ ដែលបានធ្វើឡើងកាលពីថ្ងៃទី១សីហាម្សិលមិញនោះ សមត្ថកិច្ចចម្រុះបានធ្វើការបង្ក្រាបនៅលើទីតាំងចំនួន ២ ដែលក្រុមអ្នកនេសាទ ធ្វើការនេសាទហួសដែនកំណត់ និងការប្រើឧបករណ៍នេសាទ ដែលមានលក្ខណៈទ្រង់ទ្រាយធំ ផ្ទុយពីច្បាប់កំណត់។

មន្ត្រីដដែលបានបន្តថា ទីតាំងទី១ កម្លាំងសមត្ថកិច្ចបានធ្វើការរុះរើ របាំងសាច់អួនក្រឡាញឹក ១របាំង មានប្រវែង ៣០០ម៉ែត្រ របាំងស្បៃមុង ១៥របាំង មានប្រវែង ៧៥០ម៉ែត្រ ឡុក ៣២គ្រឿង លប/លូ ៣០មាត់ បង្គោលឈើ ៧០០ដើម និងបានចាក់លែងកូនត្រីចំម្រុះ ៣០គីឡូក្រាម ចូលក្នុងបឹងទន្លេសាប ដើម្បីបន្តនិរន្តរភាពត្រីឲ្យសំបូរបែបឡើងវិញ ។ ទីតាំងទី២ កម្លាំងប្រចាំការអនុវត្តបទបញ្ជា បានចុះរុះរើ និងកាប់បំផ្លាញសាច់អួន ដែលជាឧបករណ៍នេសាទខុសច្បាប់ នូវរបាំងស្បៃមុង ២របាំង ប្រវែង ៤០០ម៉ែត្រ លូសាច់ស្បៃមុង ៨មាត់ ឡុកសាច់ស្បៃមុង ៤គ្រឿង បង្គោលឈើ ២៥០ដើម និងបានលែងកូនត្រីចូលបឹងធម្មជាតិ ១៥គីឡូក្រាមផងដែរ។

លោកបានបញ្ជាក់ថា ប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទទាំង ២ទីតាំងខាងលើនោះ កម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើការរឹបអូសឧបករណ៍នេសាទខុសច្បាប់ បានជាច្រើនប្រភេទ ក្នុងនោះ របាំងសាច់អួន និងរបាំងស្បៃមុង មានចំនួន ១៨របាំង មានប្រវែង ១ពាន់ ៤៥០ម៉ែត្រ រួមទាំងឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទទៀត និងបានលែងកូនត្រីចម្រុះ សរុប ៤៥គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិ ដើម្បីធ្វើឲ្យត្រីសំបូរបែបឡើងវិញ៕ ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner