តុលាការប្រកាសសាលក្រម ផ្តន្ទាទោស អតីតប្រធានគណបក្សខ្មែរក្រោក និងបក្ខពួកចំនួន ៦នាក់ទៀតជាប់ពន្ធនាគារ ក្នុងម្នាក់ៗពី ៦ ទៅ ៩ឆ្នាំ ករណីចូលប្លន់ផ្ទះអ្នកលក់ឡេតាមអនឡាញឈ្មោះ អ៊ាន សៀវម៉ី

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ បានប្រកាសសាលក្រម និងសម្រេចផ្តន្ទាទោស ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang អតីតប្រធានគណបក្សខ្មែរក្រោក និងបក្ខពួកចំនួន ៦នាក់ទៀត ជាប់គុក ក្នុងម្នាក់ៗពី ៦ ទៅ ៩ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ប្លន់ប្រដាប់អាវុធ និងការចូលប្លន់ផ្ទះអ្នកលក់ឡេអនឡាញល្បីម្នាក់ ឈ្មោះ អ៊ាន សៀវម៉ី ប្រព្រឹត្តនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។

លោកស្រី ឈុន ដាវី ជាប្រធានក្រុមប្រឹក្សា ជំនុំជំម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ជនជាប់ចោទចំនួន ៧នាក់ មានឈ្មោះ ទី១-ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ សុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាមគ័ង ភេទ ប្រុស អាយុ ៤៤ឆ្នាំ មុខរបរ ប្រធាន គណបក្សខ្មែរក្រោក និង(ជាមេខ្លោងចោរប្លន់) មានស្រុកកំណើតនៅខេត្តព្រះត្រពាំងកម្ពុជាក្រោម មានអាសយដ្ឋាន ស្នាក់នៅបុរីប៉េងហួត ផ្ទះលេខ៨ ផ្លូវលេខ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ត្រូវជាប់គុកកំណត់ ០៩ឆ្នាំ។ ទី២-ឈ្មោះ សុវណ្ណ ស្រីសុរិយោ ព័ណ ភេទស្រី អាយុ ២៤ឆ្នាំ (ត្រូវជាប្រពន្ធវិល្លាមគ័ង) មុខរបរ លក់ដូរ ស្នាក់នៅបុរីប៉េងហួត ផ្ទះលេខ៨ ផ្លូវលេខ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តុលាការសម្រេច ដាក់គុក ៦ឆ្នាំ។ ទី៣-ឈ្មោះ អោ រ៉ាម៉ន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ អ្នកបើករថយន្ត មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ទី៤-ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្ទះលេខ៨ ផ្លូវលេខ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី៥-ឈ្មោះ កេត ម៉ាច ភេទប្រុស អាយុ ២៦ឆ្នាំ។ ទី៦-ឈ្មោះ នេត ផៃមុនី ភេទប្រុស អាយុ ៤២ឆ្នាំ។ អ្នកទាំង ០៣នាក់នេះ ត្រូវជាប់គុក ក្នុងម្នាក់ៗ រយៈពេល ៨ឆ្នាំ និងទី៧-ឈ្មោះ ថុន វឌ្ឍនៈបូរ៉ាមី ភេទស្រី អាយុ ២៧ឆ្នាំ ត្រូវជាប់គុក៦ ឆ្នាំ។

លោកស្រីចៅក្រម ឈុន ដាវី ក៏បានបង្គាប់ឱ្យជនជាប់ចោទទាំង ០៧នាក់ ត្រូវរួមគ្នា សងថ្លៃខូចខាត ចំនួន ៥០ម៉ឺនដុល្លារ និងថ្លៃ សំណងជម្ងឺចិត្ត ចំនួន ២០០លានរៀលទៀត ទៅភាគីដើមបណ្ដឹង ក្នុងរឿងក្តីនេះ។ តែបើកផ្លូវឱ្យប្តឹងជំទាស់ទៅកាន់ តុលាការឧទ្ធរណ៍ តាមនីតិវិធីច្បាប់។ លោកស្រីចៅក្រម បានបញ្ជាក់ថា ក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទទាំង ០៧នាក់ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ ពីបទ ”លួចមានស្ថានទម្ងន់ទោស បទសមគំនិត ក្នុងអំពើលួចមានស្ថានទម្ងន់ទោស បទកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត និងបទក្លែងឯកសារសាធារណៈ តាមមាត្រា ២៩, មាត្រា ៣៥៣, មាត្រា ៣៥៧, មាត្រា ៤៩០ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ”។

សូមបញ្ជាក់ដែរថា ពួកគេ ត្រូវសមត្ថកិច្ចជំនាញ ចាប់ឃាត់ខ្លួនបាន កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាន អាវុធវែងខ្លី ចំនួន ០៦ដើម ៕ ដោយ ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner