លោក ពូទីន ថា គ្មានអ្នកណាឈ្នះក្នុងសង្គ្រាមនុយក្លេអ៊ែរទេ
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងនៅក្នុងការស្វាគមន៍ចំពោះកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ថា មិនអាចមានអ្នកឈ្នះនៅក្នុងសង្គ្រាមនុយក្លេអ៊ែរនោះទេ។
លោក ពូទីន បានបន្តនិយាយនៅក្នុងសាររបស់គាត់ ដែលចេញផ្សាយដោយវិមានក្រឹមឡាំងនៅថ្ងៃចន្ទសប្តាហ៍នេះថា រុស្ស៊ីជឿជាក់ថា សង្រ្គាមបែបនេះមិនគួរត្រូវបានកើតឡើងនោះទេ ហើយថា រុស្ស៊ីក្នុងនាមជាភាគីនៃសន្ធិសញ្ញា NPT បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសារលិខិត និងស្មារតីនៃសន្ធិសញ្ញានេះ។
ទន្ទឹមគ្នា រុស្ស៊ីក៏បានបំពេញកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងទ្វេភាគីជាមួយសហរដ្ឋអាមេរិក ស្តីពីការកាត់បន្ថយ និងកម្រិតអាវុធដែលពាក់ព័ន្ធផងដែរ។
ជាមួយគ្នានេះ លោក ពូទីន បាននិយាយថា លោកសង្ឃឹមថា កិច្ចប្រជុំ NPT នឹងបញ្ជាក់ពីការត្រៀមខ្លួនរបស់រដ្ឋសមាជិកទាំងអស់ ក្នុងការអនុវត្តតាមយ៉ាងតឹងរ៉ឹងនូវការប្តេជ្ញាចិត្តរបស់ពួកគេ និងរួមចំណែកក្នុងការលើកកម្ពស់ការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ សន្តិភាព សន្តិសុខ និងស្ថិរភាពពិភពលោក។
ទោះបីជាយ៉ាងណា សុន្ទរកថារបស់លោក ពូទីន ខាងលើនេះ មិនបាននិយាយអំពីសកម្មភាពដែលហាក់ដូចជាញុះញង់ ដែលរុស្ស៊ីបានប្រព្រឹត្តក្នុងពេលប៉ុន្មានខែថ្មីៗនេះទេ។
ជាក់ស្តែងកាលពីដើមឆ្នាំនេះ លោក ពូទីន បានបញ្ជាកងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ី ឱ្យមានការប្រុងជើងការក្នុងកម្រិតខ្ពស់ ដោយលោកបាននិយាយថា ខ្លួនបានធ្វើការសម្រេចចិត្តបែបនេះ ដោយផ្អែកលើសេចក្តីថ្លែងការណ៍ឈ្លានពានប្រឆាំងនឹងរុស្ស៊ីពីសំណាក់បណ្តាប្រទេសអង្គការណាតូ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-02_13-58-19-1024x682.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-02_13-58-15-1024x644.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-02_13-58-17-1024x681.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-02_13-58-18-1024x576.jpg)