រដ្ឋមន្ត្រីការបរទេសជប៉ុន រង់ចាំភ្លក់រសជាតិម្ហូបខ្មែរនៅស្រុកដើមកំណើត ដូចជា «អាម៉ុក» នៅពេលមកដល់កម្ពុជា

ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបង្ហាញសាររបស់រដ្ឋមន្ត្រីការបរទេសជប៉ុន ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា នឹងធ្វើដំណើរមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅកម្ពុជា ក្នុងសប្ដាហ៍នេះ ដោយក្នុងនោះ ឯកឧត្តមលើកឡើងថា អ្វីដែលឯកឧត្តមចង់សាកល្បងនៅកម្ពុជា នោះគឺរសជាតិដើមកំណើតនៃម្ហូបខ្មែរ ។

ក្នុងសារ ផ្ញើរជូនចំពោះប្រជាជនកម្ពុជា ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា បានលើកឡើងថា លោកគឺជាអ្នកគាំទ្រម្ហូបខ្មែរម្នាក់ ជាពិសេសលោកតែងតែងទៅភោជនីយដ្ឋានខ្មែរនៅទីក្រុងតូក្យូជាញឹកញាប់ផងដែរ ដូច្នេះក្នុងពេលដែលលោកធ្វើទស្សនៈកិច្ចមកកម្ពុជានាពេលនេះ លោកនឹងរង់ចាំភ្លក់រសជាតិម្ហូបខ្មែរនៅស្រុកដើមកំណើតតែម្ដង។

ឯកឧត្តមថា៖ លោក លោកស្រី ក្មួយៗជាទីមេត្រី តើជ្រាបទេថា ខ្ញុំបានចង់សាកល្បងអ្វី ក្នុងដំណើរទស្សនកិច្ចនេះ? ខ្ញុំជាអ្នកគាំទ្រម្ហូបខ្មែរ ដែលខ្ញុំបានទៅភោជនីយដ្ឋានខ្មែរក្នុងទីក្រុងតូក្យូជាញឹកញាប់។ ពេលនេះខ្ញុំទន្ទឹងរង់ចាំភ្លក់រសជាតិដើមកំណើតនៃម្ហូបខ្មែរដូចជាអាម៉ុក។

កាលពីថ្ងៃទី៣ ខែឧសភា កម្ពុជាបានសម្ពោធនូវផ្ទះបាយអង្គរ ដែលជាផ្នែកមួយនៃការទូតអាហាររបស់ក្រសួង ដែលបានទទួលការគាំទ្រពីនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីស្នាដៃម្ហូបខ្មែរត្រូវបានអន្តរជាតិទទួលស្គាល់តាមរយៈសៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរ។

រដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើងថា៖ នាសម័យបច្ចុប្បន្ន វិស័យការទូតមានវិសាលភាពទូលំទូលាយ ហើយពិតណាស់ ម្ហូបអាហារស្ថិតនៅក្នុងចង្កោមនេះដែរ ព្រោះអាហារតំណាងឱ្យប្រពៃណី និងអរិយធម៌ដ៏យូរលង់របស់យើង។

បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្រសួងការបរទេសកម្ពុជា នឹងស្វាគមន៍បង្ហាត់បង្រៀនវិធីធ្វើម្ហូបខ្មែរ និងការរៀបចំតុបតែងជូនដល់មន្ត្រីការទូតកម្ពុជា និងសមភាគីបរទេសទាំងអស់នៅផ្ទះបាយនេះ ព្រមទាំងបង្ហាញពីឱជារសនៃម្ហូបខ្មែរដ៏ឈ្ងុយឆ្ងាញ់ ក៏ដូចជាពីវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាផងដែរ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner