ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ យើងបេ្តជ្ញាមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះដោយសារគ្រាប់មីន និងបន្តធ្វើការរំដោះឱ្យអស់ផ្ទៃដីដែលមានមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ស្មារតីរួបរួមសាមគ្គីគ្នា យើងនឹងបន្តប្រែក្លាយផ្ទៃដីដែលមានហានិភ័យឱ្យទៅជាផ្ទៃបង្កបង្កើនផល ផ្តល់នូវការអភិវឌ្ឍ និងផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមដល់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយមានការចូលរួមពីអាជ្ញាធរមីនកម្ពុជា (CMAA) និងការគាំទ្រពីកងយោធពលខេមរភូមិន្ទ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីចូលរួមក្នុងសកម្មភាពសម្អាតមីននៅកម្ពុជា និងឆ្ពោះទៅកម្ពុជាសូន្យមីនក្នុងឆ្នាំ២០២៥។ យើងបេ្តជ្ញាមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះដោយសារគ្រាប់មីន និងបន្តធ្វើការរំដោះឱ្យអស់ផ្ទៃដីដែលមានមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។

ការបញ្ជាក់របស់ឯកឧត្តម បានធ្វើឡើងក្នុងពិធីរាត្រីស្រមោសរដើម្បី ប្រមូលថវិការសម្រាប់ ជួយដល់ការដោះមីននៅកម្ពុជា ”MBCC CHARITY GALA DINNER” សហការរៀបចំដោយសភាពាណិជ្ជកម្មម៉ាទ្បេស៊ី ប្រចាំ កម្ពុជា(MBCC) និងអាជ្ញាធរមីនកម្ពុជា(CMAA) នៅណាហ្គាវើល រាជធានីភ្នំពេញ កាលពីនារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។

ថ្លែងក្នុងឱកាសដែលប្រកបដោយភាពអធិកអធម និងរីករាយនោះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា តាមរយៈនយោបាយឈ្នះ ឈ្នះ កម្ពុជាបានវិវឌ្ឍប្រែក្លាយពីប្រទេសដែលជោគជាំដោយស្លាកស្នាមសង្គ្រាម ទៅជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ចឆាប់រហ័ស ហើយជោគជ័យនេះសម្រេច ទៅបានដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រោមចក្ខុវិស័យដ៏ឈ្លាសវៃរបស់សម្តេចតេជោ ព្រមជាមួយនឹងការចូលរួមយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។ មកទល់ពេលនេះ កម្ពុជាមានសុខសន្តិភាពពេញលេញ មិនមានការស្លាប់បាត់បង់ជីវិតដោយសារសង្គ្រាម តែកាកសំណល់សង្គ្រាម និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតែជាឃាតករលាក់មុខតាម យាយី ឆក់ យកអាយុជីវិត អវយវៈ និងឱកាសរបស់ប្រជាពលរដ្ឋពីការចូលរួមពេញលេញក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ច។

ជាចុងក្រោយ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសភាពាណិជ្ចកម្ម និងធុរជនម៉ាទ្បេស៊ី នៅកម្ពុជា ចំពោះទឹកចិត្តសប្បុរសធម៌ មនុស្សធម៌ ក្នុងការចូលរួមគាំទ្រដល់សកម្មភាពសម្អាតមីននៅកម្ពុជា។

គួរបញ្ជាក់ថា ចាប់តាំពីឆ្នាំ១៩៩២ មកដល់ខែឧសភា ឆ្នាំ២០២២ ប្រទេសកម្ពុជាបានរំដោះដីដែលមានមីនទំហំ ២.៤១០,២៥ គីទ្បូម៉ែត្រការ៉េ សម្រាប់ប្រើប្រាស់ជាដីកសិកម្ម និងបានរកឃើញនិងបំផ្លាញចោលនូវមីនប្រឆាំងមនុស្សចំនួន ១.១៤០.៧៩៤ គ្រាប់ និងមីនប្រឆាំងរថក្រោះចំនួន ២៦.០៤៣ គ្រាប់ ព្រមទាំងសំណល់ជាតិផ្ទុះក្រោយសង្គ្រាមចំនួន៣.០០៣.៨៣៥ គ្រាប់ផ្សេងទៀត ដោយផ្តល់អត្ថប្រយោជន៏ដល់ពលរដ្ឋចំនួន ៧.៣៦៣.៣៤៤ នាក់ សើ្មនឹង ៣.៣៦៤.៣៨៧ គ្រួសារ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner