ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញ ពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង បង្កផលប៉ះពាល់ខូចខាតស្រូវរបស់ប្រជាពលរដ្ឋជាង ៤០០ហិកតា

ខេត្តកំពង់ធំ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និង ឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ធំ រួមជាមួយមន្ទីរស្ថាប័នពាក់ព័ន្ឋ អញ្ជើញចូលរួម ពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង ដែលបង្កផលប៉ះពាល់ជន់លិចខូចខាតស្រូវរបស់ប្រជាពលរដ្ឋជាង៤០០ហិកតា នៅឃុំត្បែង និងឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១បានថ្លែងថា ទឹកជំនន់លិចលង់ស្រូវរបស់ប្រជាកសិករនាពេលនេះ តាមការពិនិត្យជាក់ស្តែង ក្នុងចំណោមស្រូវជាង ២០០០ហិតានេះ ឃើញមានស្រូវប្រមាណជា ៥០ភាគរយប៉ុណ្ណោះ ព្រោះទីតាំងខាងលើនេះវាមិនស្រូវ ១០០ភាគរយនោះទេ គឺមានស្រូវ ស្មោង ស្រង៉ែ លាយឡំគ្នា ដូច្នេះសូមឱ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវស្រង់បច្ចុប្បន្នភាពឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ថា តើប្រជាកសិករយើងអាចមានលទ្ធភាព បន្តធ្វើស្រូវប្រាំង ក្នុងខែវិច្ឆិកា និងខែធ្នូបានដែរទេ សូមស្រង់យកឈ្មោះពួកគាត់ដើម្បីរៀបចំពាក្យ ក្នុងការស្នើសុំពីស្បៀងរបស់រដ្ឋ ហើយចែកជូនស្រូវពូជឱ្យគាត់តាមលទ្ធភាពជាក់ស្តែង ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា ក្រោយពីបានពិនិត្យជាក់ស្តែង គឺសង្កេតឃើញថា ទឹកជំនន់ទាំងនេះគឺមិនអាចមានសភាពស្រក់ទេ គឺមានតែឡើងរហូត ព្រោះវាជារដូវវស្សាហើយ យោងតាមរបាយការណ៍ខេត្តកំពង់ធំ នាពេលនេះគឺស្រូវវស្សាឆ្នាំនេះរងការប៉ះពាល់សរុបទូទាំងខេត្តជិត ១ម៉ឺនហិតា។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ឆ្នាំនេះស្រូវមានតម្លៃទាប ត្រឹមតែ ៧០០រៀល ទៅ៨០០រៀលប៉ុណ្ណោះ ក្នុង ១គីឡូក្រាម ប្រជាកសិករយើងគ្មានប្រាក់ចំណេញទេ គឺមានតែខាតដើម ខាតចុង គឺនិយាយជារួមទៅគឺប្រជាកសិករយើងមិនបានចំណេញសោះ នេះហើយវាមានការលំបាក ដូច្នេះមានតែ ការទាមទារដើម្បីស្នើសុំទៅរាជរដ្ឋាភិបាលពិចារណាទៅលើការនាំចេញអង្ករ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់ថា ឆ្នាំនេះមូលហេតុដែលប្រជាកសិករយើងបន្ថយការផលិតស្រូវ គឺមានមូលហេតុ ដូច្នេះថា កត្តាតម្លៃប្រេង តម្លៃជីកសិកម្ម តម្លៃភ្ជួររាស់ តម្លៃដឹកជញ្ជូន កត្តាឡើងថ្លៃនេះហើយ បានធ្វើឱ្យប្រជាកសិករយើងបន្ថយការផលិតស្រូវ ព្រោះតែតម្លៃដើមថ្លៃ គ្មានទទួលការចំណេញ ដូច្នេះពួកគាត់បន្ថយការផលិតតែម្តង ថយចុះរហូតដល់៧ម៉ឺនហិតា បើប្រៀបធៀបឆ្នាំមុនៗ ក្នុងខេត្តកំពង់ធំ ។

ក្នុងនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានឱ្យអាជ្ញាធរ កម្លាំងប្រដាប់អាវុធ ក្នុងខេត្តទាំងអស់សូមត្រៀមខ្លួនអោយជាស្រាច ប្រសិនស្រូវរបស់ប្រជាកសិកររូបណាម្នាក់មិនអាចយកម៉ាស៊ីនច្រូតកាត់មិនបានទេ គឺសូមត្រៀមខ្លួនចុះច្រូតកាត់ ជូនពួកគាត់អោយទាន់ពេលវេលា ៕ ដោយ ប៊ុន រដ្ឋា

ads banner