រុស្ស៊ីចោទសហរដ្ឋអាមេរិកថា មានជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងសង្គ្រាមអ៊ុយក្រែន

ម៉ូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយលោក Vadim Skibitsky ជាអ្នកតំណាងនៃអគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់របស់ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ថា សហរដ្ឋអាមេរិកទំនងជាមានជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Telegraph ដែលបានចេញផ្សាយនៅថ្ងៃចន្ទសប្តាហ៍នេះ លោក Skibitsky បានបដិសេធមិនឆ្លើយសំណួរអំពីផ្កាយរណបណាដែលត្រូវបានប្រើ ដើម្បីបញ្ជាក់គោលដៅដល់ប្រព័ន្ធមីស៊ីល HIMARS ដែលផលិតដោយសហរដ្ឋអាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានទទួលស្គាល់ថា ពួកគេបានពិគ្រោះយោបល់ជាមួយអាមេរិក មុនពេលចាប់ផ្តើមការវាយប្រហារ ហើយថា ទីក្រុងវ៉ាស៊ីនតោនមានអំណាចវេតូលើការសម្រេចចិត្ត។

ទន្ទឹមគ្នា លោកស្រី Zakharova បានអះអាងនៅថ្ងៃអង្គារសប្តាហ៍នេះថា គ្មានការបញ្ជាក់ផ្សេងទៀតអំពីការជាប់ពាក់ព័ន្ធដោយផ្ទាល់របស់សហរដ្ឋអាមេរិក ក្នុងអរិភាពនៅលើទឹកដីរបស់អ៊ុយក្រែននោះទេ ពីព្រោះអាមេរិកមិនគ្រាន់តែបំពាក់អាវុធ និងផ្តល់ការបណ្តុះបណ្តាលដល់កងទ័ពអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែសំខាន់គឺការប្រើប្រាស់អាវុធដោយខ្លួនឯង។

លោកស្រី Zakharova បានសង្កត់ធ្ងន់ថា ពួកគេ (អាមេរិក) បានចូលរួមយ៉ាងពេញលេញ… ឥឡូវនេះ អ្នកតំណាងអ៊ុយក្រែនកំពុងនិយាយអំពីការចូលរួមផ្នែកយោធារបស់ពួកគេ មិនត្រឹមតែតាមរយៈការផ្គត់ផ្គង់អាវុធប៉ុណ្ណោះទេ ប៉ុន្តែក៏តាមរយៈការគ្រប់គ្រងបុគ្គលិកនៅក្នុងជួរ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន, ការណែនាំដោយផ្ទាល់ និងការជម្រើសគោលដៅជាដើម។ លោកស្រីថា ការរំពឹងទុក កំពុងបន្តអំពីការជាប់ពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកនៅក្នុងជម្លោះនេះ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner