កសិករនៅជីផាត៖ មុខរបរដាំត្រសក់ទទួលបានផលលឿន និងលក់បានប្រាក់កម្រៃច្រើន

ខេត្តកោះកុង ៖ ក្រៅពីរបរកសិកម្មចិញ្ចឹមសត្វ និងដាំដើមឈើហូបផ្លែ កសិករវ័យចំណាស់មួយគ្រួសារសព្វថ្ងៃរស់នៅសហគមន៍អេកូទេសចរណ៍ជីផាត ខេត្តកោះកុង បានដាំដំណាំត្រសក់ផ្អរទទួលបានទិន្នផលខ្ពស់ ហើយប្រាក់កម្រៃក៏ខ្ពស់ សម្រាប់ជួយទ្រទ្រង់ជីវភាពគ្រួសារ។

ក្នុងជីភាពគ្រួសារជាកសិករ លោក គង់ ទាវ សព្វថ្ងៃរស់នៅ ភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ក្រៅពីដាំដំណាំហូបផ្លែច្រើនមុខ និងចិញ្ចឹមសត្វនោះ បានប្រាប់ឱ្យដឹងថា គាត់បានដាំត្រសក់ផ្អរសម្រាប់លក់ទីផ្សារក៏បានផ្តល់នូវផលកម្រៃខ្ពស់មិនចាញ់ដំណាំដទៃទៀតដែរ ។ ក្នុងផ្ទៃដីត្រឹមតែជាង ២០ម៉ែត្រគុណនឹង ១០០ម៉ែត្រគាត់អាចរកចំណូលក្នុងមួយរដូវៗចាប់ពី ៤លានទៅ ៧លានរៀលទៅតាមទិន្នផលល្អឬមិនល្អ។

លោកបានប្រាប់ថា”ការបណ្តុះកូនត្រសក់ត្រឹមតែ ៩ថ្ងៃ ហើយដកយកមកដាំបាន២៨-២៩ថ្ងៃ ត្រសក់ចេញផ្លែ បានលក់បណ្តើរៗហើយ ហើយយើងអាចបេះលក់បានស្ទើររៀងរាល់ថ្ងៃ។និយាយទៅត្រសក់ងាយដាំ ហើយស្រួលរកលុយណាស់វាហុចផលមិនឱ្យយើងពិបាកចិត្តទេ”។

បុរសរូបនេះបានឱ្យដឹងបន្ថែមថា ចំពោះវិធីសាស្រ្តដាំត្រសក់នេះ លោកបានរៀនវគ្គបណ្តុះបណ្តាលពីអង្គការសង្គមស៊ីវិលដែលចុះមកបង្រៀន ធ្វើឱ្យលោកមានជំនាញច្បាស់លាស់ក្នុងការដាំ ហើយឃើញទិន្នផលនោះហុចខ្ពស់គួរសម ។ ក្នុងចំណោមវិធីសាស្រ្តដាំត្រសក់នេះលោកតែងតែដាំកូនត្រសក់ក្នុងបំពង់ជ័រកាត់ខ្លីៗ ប៉ុន្តែនៅពេលកូនត្រសក់ដុះលូតវែងឃើញថា អាចរស់ហើយលោកនឹងដកយកបំពង់នោះចេញវិញ ។ សម្រាប់បំពង់នេះដែរការពារកុំឱ្យស្រម៉ោចឬសត្វល្អិតស៊ីកូនត្រសក់ដែលនៅដើមខ្ចីៗនៅឡើយ ហើយនៅពេលដើមវាធំពុំមានសត្វល្អិតណាមករំខានទៀតឡើយ។

បុរសវ័យ៦៣ឆ្នាំរូបនេះបានប្រាប់ឱ្យដឹងបន្ថែមថា ត្រសក់របស់លោកលក់លើទីផ្សារបានក្នុងមួយគីឡូក្រាមចាប់ពី ១២០០-១៥០០រៀលតាមផ្លែល្អ និងមិនល្អ ។ សម្រាប់ក្នុងការដាំត្រសក់នេះដែរគឹលោកបានដាំតាមបែបលក្ខណៈធម្មជាតិដោយពុំមានសារជាតិគីមីលាយឡំសូម្បីតែបន្តិចទេ។

លោក គង់ ទាវ បានឱ្យដឹងដែរថា ក្នុងរយៈពេលចាប់ផ្តើមដាំត្រសក់ ៣-៤ឆ្នាំមកនេះឃើញថា ថវិការបានពីលក់ត្រសក់គឺអាចផ្គត់ផ្គង់ឱ្យចៅទៅរៀន និងចាយវាយប្រចាំថ្ងៃខ្លួនឯងមិនពិបាកឡើយ ។ និយាយរួមគ្រាន់ចំណូលបានពីត្រសក់មួយមុខគត់គឺគាត់អាចចាយវាយគ្រប់គ្រាន់សម្រាប់គ្រួសារ ២នាក់ប្តីប្រពន្ធ និងថែមទាំងឱ្យចៅទៅរៀនមិនពិបាក។

ជាមួយគ្នានេះលោកបានផ្តាំផ្ញើ ឱ្យកសិករដែលមានដីទំនេរបើចង់បានប្រាក់កាសចាយវាយប្រចាំថ្ងៃសូមនាំគ្នាដាំបន្លែបង្កា និងដំណាំហូបផ្លែ ពីព្រោះថា ជាប្រភពចំណូលប្រចាំថ្ងៃ ដូចរូបគាត់បើទោះបីឈានចូលវ័យចំណាស់ហើយក៏មិនខ្វះហូបចុកទេ ផ្ទុយមកវិញបើគាត់គ្មានដំណាំនេះពិតជាជួបការលំបាកជាក់ជាពុំខាន។

ទាក់ទិនក្នុងរឿងនេះដែរ លោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាតបានឱ្យដឹងថា ប្រជាសហគមន៍របស់លោកស្ទើរ ៨០ភាគរយហើយដែលពឹងអាស្រ័យលើរបរកសិកម្មនិងវិស័យទេសចរណ៍។

លោកថា បច្ចុប្បន្នប្រជាសហគមន៍បាននាំគ្នាដាំដំណាំហូបផ្លែកាន់តែច្រើនឡើងក្នុងនេះដូចជា ទុរេន សាម៉ាវ ដែលអាចរកចំណូលបានខ្ពស់ជាងដំណាំដទៃទៀត ។ សម្រាប់ជីវភាពប្រជាសហគមន៍មានការល្អប្រសើរជាងមុនច្រើន ។ ក្រៅពីនេះប្រជាសហគមន៍ស្ទើរទាំងអស់ក៏បានយល់ដឹងពីការចូលរួមអភិរក្សព្រៃឈើ និងសត្វព្រៃ ពីព្រោះវាជាប្រភព យ៉ាងសំខាន់លើវិស័យទេសចរណ៍ដែលពួកគាត់ត្រូវពឹងអាស្រ័យរកចំណូលទាំងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner