រថយន្តទំនើបឡង់គ្រីស័រ បើកបុករះរថយន្ត២គ្រឿងពីក្រោយ រុញទៅបុកឡាំប្រឺតានឹងម៉ូតូចតលើចិញ្ចើមផ្លូវរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ មួយគ្រឿង និងទំនងជាស្រវឹងស្រាផងនោះ ក៏ជ្រុលចង្កូតទៅបុករះពីក្រោយរថយន្ត ២គ្រឿង រុញផ្ទប់ទៅបុកឡាំប្រឺតាមួយគ្រឿង និងម៉ូតូមួយគ្រឿង ដែលចតចោលនៅលើដងផ្លូវ ទល់មុខហាងផឹកស៊ីមួយកន្លែងបណ្តាលឲ្យរងការខូចខាត សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០០៣ ចំណុចមុខភោជនីយដ្ឋានកែវព្រិលភ្នំពេញថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក តូយូតាព្រូស២គ្រឿង មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ផ្លាកលេខសៀមរាប 5484 និងមួយគ្រឿងទៀតពណ៌ប្រផេះពាក់ផ្លាកលេខ ភ្នំពេញ 2BO-3554 រួមទាំងម៉ូតូឌ្រីមសង់ និងឡាំប្រឺតាមួយគ្រឿងទៀត បានយកមកចតចោលនៅលើដងផ្លូវលេខ១០០៣ មុខហាងផឹកស៊ីមួយកន្លែងយីហាឈ្មោះ កែវព្រិលភ្នំពេញថ្មី រួចម្ចាស់នាំគ្នាចូលទៅផឹកស៊ីនៅក្នុងហាង លុះមកដល់ម៉ោងកើតហេតុស្រាប់តែ គេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AY-9334 បើកបរតាមបណ្តោយផ្លូវលេខ១០០៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុសង្ស័យថាងោកមួយភាំង ក៏ជ្រុលចង្កូយទៅបុករះពីក្រោយរថយន្ត២គ្រឿង កង់បីឥណ្ឌាមួយគ្រឿង និងម៉ូតូឌ្រីមសង់មួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានអ្នករងរបួស ដោយរងការខូចខាតតែរថយន្តម៉ូតូនិងកង់បីតែប៉ុណ្ណោះ។

ក្រោយកើតហេតុ ដោយភាគីរថយន្តបង្កឈប់ទទួលខុសត្រូវ ដោយព្រមសងទៅលើរថយន្តដែលខូចខាត រួមទាំងឡាំប្រឺតា និងម៉ូតូ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner