ឯកឧត្តម អគ្គាធិការ ៖ នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្តាល មានតួនាទីចុះធ្វើអធិការកិច្ចនៅអង្គភាពថ្នាក់កណ្តាលចំណុះក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្តាលនេះ ជានាយកដ្ឋានបង្កើតចុងក្រោយ ដែលមានតួនាទីចុះធ្វើអធិការកិច្ចនៅអង្គភាពថ្នាក់កណ្តាលចំណុះក្រសួងមហាផ្ទៃ ដែលត្រូវទាមទារមានសមត្ថភាព ចំណេះដឹងខ្ពស់ ហេតុនេះក្រៅពីការងារអនុវត្តជាក់ស្តែង ត្រូវខិតខំស្រាវជ្រាវស្វែងរកសិក្សាបន្ថែម ទាំងចំណេះដឹង និង ជំនាញ ។

ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ មានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារនាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្តាល នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ដោយមានការចូលរួមពី ប្រធាននាយករដ្ឋបាលសរុប ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងនាយរងការិយាល័យទាំងអស់ នៃនាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្តាល។

ឯកឧត្តម អ៉ីវ លាង បន្តថា ចំពោះការធ្វើអធិការកិច្ច ត្រូវទាមទារពិនិត្យវាយតម្លៃស៊ីជម្រៅច្បាស់លាស់ ផ្អែកលើភស្តុតាង និងគោលការណ៍ច្បាប់ មិនមែនផ្អែកភាពស្រលាញ់ ឬស្អប់ ឬទៅយកតែតាមរបាយការណ៍របស់អង្គភាពរងអធិការកិច្ចនោះដែរ គឺត្រូវពិនិត្យពីប្រតិបត្តិការការងារផ្ទាល់របស់អង្គភាពនោះ ម្យ៉ាងចៀសវាងមានប្រតិអធិការកិច្ចណាមួយមកវិញ តែអង្គភាពអគ្គាធិការដ្ឋាន សូមស្វាគមន៍ និងរីករាយចំពោះប្រតិកម្ម ឬការតវ៉ាណាមួយចំពោះលទ្ធផលរបស់ខ្លួន ។

ឯកឧត្តម អគ្គាធិការ បានគូសបញ្ជាក់ថា អគ្គាធិការដ្ឋាន ជាអង្គភាពបណ្តុំចំណេះដឹង ដោយសារជាអ្នកត្រួតពិនិត្យការអនុវត្តតួនាទីគ្រប់អង្គភាពថ្នាក់កណ្តាល និងក្រោមជាតិ ចំណុះឱ្យក្រសួងមហាផៃ្ទ ដែលត្រូវស្វែងយល់ ត្រូវដឹងពីតួនាទីភារកិច្ចគ្រប់អង្គភាពទាំងនោះឱ្យបានច្បាស់ ទើបអាចត្រួតពិនិត្យអង្គភាពនោះបាន។ ដូច្នេះហើយ មន្ត្រីអគ្គាធិការដ្ឋាន ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ទន្ទឹមនឹងត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ និងអាចទៅបម្រើការងារនៅអង្គភាពណាមួយក៏បាន។ នេះហើយជាអ្វីដែល ឯកឧត្តម ចង់បានគឺពេលមន្ត្រីអគ្គាធិការដ្ឋាន ទទួលបានមុខតំណែងថ្មីនៅអង្គភាពណាមួយ គឺជាមន្ត្រីពោរពេញដោយសមត្ថភាព ដែលជាធនធានដ៏ល្អប្រសើរមួយសម្រាប់អង្គភាពនោះ ការផ្លាស់ប្តូរកន្លែងធ្វើការ ជារឿងធម្មតានៃជីវិតមន្ត្រីរាជការ តែជាមន្ត្រីប្រកបដោយសីលធម៌ ថ្លៃថ្នូរ តម្កល់ប្រយោជន៍អង្គភាពជាធំ បម្រើប្រទេសជាតិ និងប្រជាជនដោយស្មោះត្រង់ នោះទើបជារឿងសំខាន់ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner