កសិករចិញ្ចឹមក្របីអាចជួយបង្កើនចំណូលគ្រួសារខ្ពស់ក្នុងតំបន់ជួរភ្នំក្រវាញ

ខេត្តកោះកុង ៖ មុខរបរចិញ្ចឹមក្របីហាក់ដូចជាបុរាណ ប៉ុន្តែសម័យនេះបើអ្នកមានក្របី គេហៅថា អ្នកមានទ្រព្យធនរួចស្រេចទៅហើយ ដោយសារ មុខរបរនេះមានតម្រូវការទីផ្សារខ្ពស់ និងផ្តល់ចំណូលយ៉ាងសំខាន់ សម្រាប់ជួយបង្កើនជីវភាពគ្រួសារ និងសហគមន៍ ។

ប្រជាពលរដ្ឋនៅក្នុងតំបន់ជួរភ្នំក្រវាញ មានប្រពៃណីចិញ្ចឹមក្របីសម្រាប់ការអូសទាញ ឥឡូវប្តូរមកចិញ្ចឹមដើម្បីរកចំណូលបន្ថែមពីការងារកសិកម្ម ហើយមានអ្នកខ្លះអាចរកចំណូលខ្ទង់ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ។

លោក គង់ ទាវ ជាសមាជិកសហគមន៍អេកូទេសចរណ៍ជីផាត សព្វថ្ងៃរស់នៅ ភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង គឺជាអ្នកចិញ្ចឹមក្របីមួយរូប។ គាត់បានចាប់ផ្តើមចិញ្ចឹមពីឆ្នាំ១៩៩៣មក មានតែ ១ក្បាល ហើយ បច្ចុប្បន្នគាត់មានក្របីចំនួន ២០ក្បាល ។

បុរសវ័យ ៦៣ឆ្នាំរូបនេះ បានប្រាប់ឱ្យដឹងដែរថា ក្របីជាសត្វងាយចិញ្ចឹម មិនពិបាករកស្មៅដោយសារអាចចិញ្ចឹមលែងនៅតាមបឹង វាលស្មៅតាមជើងភ្នំ និងក្បែរផ្ទះបាន។ ក្របីពេលលក់ចេញ មានទីផ្សារជានិច្ច ហើយតម្លៃខ្ពស់។ ដោយសារតែអំណោយផលបែបនេះហើយធ្វើឱ្យរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគាត់បានលក់ក្របីជាបន្តបន្ទាប់ សង់ផ្ទះបានមួយខ្នង និងទិញម៉ូតូបាន១គ្រឿង សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃបានទៀតផង។ ក្រៅពីនេះថវិកាដែលបានមកពីការចិញ្ចឹមក្របីរបស់គាត់កន្លងមក បានជួយឲ្យគាត់មានលទ្ធភាពរៀបចំអាពាហ័ពិពាហ៍ឱ្យកូនប្រុសស្រី បានថែមទៀត។

តាមពិតទៅ លោក គង់ ទាវ ធ្លាប់ពឹងអាស្រ័យលើធនធានធម្មជាតិ ដូចជាកាប់ព្រៃ បាញ់សត្វ ប៉ុន្តែលោកបានផ្លាស់ប្តូរជីវភាពលំបាកពីមុននោះ មកពឹងផ្អែកលើការដាំដុះដំណាំ ផ្តល់សេវាកម្មទេចរណ៍ធម្មជាតិ និងការចិញ្ចឹមក្របី។ មុខរបរចីញ្ចឹមក្របី បានជួយឲ្យគាត់មិនបាច់ខ្ចីបុលគេធ្វើដើមទុន ហើយអាចរកចំណូលពីការលក់ក្របីបានក្នុងមួយឆ្នាំៗ បានប្រមាណ ១ម៉ឺនដុល្លារ។ ក្របីឈ្មោលវ័យជំទង់មួយក្បាល លក់ចេញក្នុងតម្លៃចាប់ពី ៦០០ដល់ជិត ១០០០ដុល្លារ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋនៅតាមសហគមន៍ បានចាប់ផ្តើមមុខរបរចិញ្ចឹមក្របីនៅប្រទេសកម្ពុជា។ អ្នកខ្លះ អាចចិញ្ចឹមក្របី២ឬ៣ក្បាលឡើងទៅ រហូតដល់រាប់សិបក្បាល ហើយអ្នកខ្លះអាចបង្កើតជាកសិដ្ឋានចិញ្ចឹមក្របីបែបទ្រង់ទ្រាយធំជាបន្តបន្ទាប់។ ក្របីផ្តល់ផលប្រយោជន៍ បន្តពូជជាកូនមួយឆ្នាំម្តង និងអាចលក់បានក្នុងតម្លៃថ្លៃ សម្រាប់អ្នកយកទៅចិញ្ចឹមបន្ត (ក្របីញី) និងសម្រាប់ផ្គត់ផ្គង់ផលិតផលសាច់នៅលើទីផ្សារ (ក្របីឈ្មោល)។

ក្រសួងបរិស្ថាន បានផ្តល់ជម្រើសជូនប្រជាពលរដ្ឋនៅតាមសហគមន៍ ក្នុងការចិញ្ចឹមសត្វ យកសាច់ដូចជាគោ ក្របី ជាដើម ព្រោះការចិញ្ចឹមក្នុងព្រៃសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ចំណាយពេលវេលាតិច ហើយទទួលបានផលច្រើន។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កន្លងមកបានចាត់ទុកថា ការចិញ្ចឹមសត្វ មិនត្រឹមតែចូលរួមការពារបរិស្ថាននិងព្រៃឈើទេ គឺបានចូលរួមចលនាដល់សហគមន៍មូលដ្ឋាន មានចំណូលខ្ពស់ មានជីវភាពធូរធារ និងចូលរួមកាន់តែសកម្មក្នុងការការពារ និងអភិរក្សធនធានធម្មជាតិដែលយើងមាន។

សូមបញ្ជាក់ថា ឆ្លើយតបនឹងតម្រូវការរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍មូលដ្ឋាន ក្រសួងនិងអង្គការWA កំពុងសិក្សាបង្កើតកម្មវិធីចិញ្ចឹម ដល់សហគមន៍នៅតាមតំបន់ការពារធម្មជាតិនៅតំបន់ជួរភ្នំក្រវាញ ដែលក្នុងនោះគ្រួសារប្រជាពលរដ្ឋនៅតាមសហគមន៍មានចំណែកចូលរួមទទួលផលពី ផលសត្វទៅចិញ្ចឹម និងចែករំលែកដល់សមាជិកសហគមន៍ផ្សេងទៀត ដើម្បីពង្រឹងជីវភាពជាបន្តបន្ទាប់ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner