សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យប្រធានមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យលោក Kim Jung Nam ប្រធានមូលនិធិចែករំលែកសង្រ្គោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកប្រធានមូលនិធិដឹកនាំគណៈប្រតិភូ មកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការស្វាគមន៍ចំពោះលោកប្រធានមូលនិធិ និងគណៈប្រតិភូ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមូលនិធិចែករំលែកសង្រ្គោះជីវិតសកល ជាមួយនឹងប្រជាជនកម្ពុជា និងជាមូលដ្ឋានដល់ការរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ដើម្បីគុណប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត ។

ក្នុងនាមគណៈប្រតិភូ លោក Kim Jung Nam បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបគណៈប្រតិភូនាពេលនេះ។ ក្នុងអំឡុងពេលដែលគណៈប្រតិភូស្នាក់នៅប្រទេសកម្ពុជានាពេលនេះ បានមើលឃើញអំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជាយ៉ាងឆាប់រហ័ស។ នៅពេលត្រឡប់ទៅមាតុប្រទេសវិញ គណៈប្រតិភូនឹងខិតខំធ្វើយ៉ាងណារៀបចំផ្តល់ជំនួយឲ្យប្រទេសកម្ពុជាបានកាន់តែច្រើនឡើងថែមទៀត។

លោក Kim Jung Nam បានបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចព្រមព្រៀងផ្តល់មនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជា រយៈពេល ៤ឆ្នាំនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់មូលនិធិចែករំលែកសង្រ្គោះអាយុជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ចំពោះសកម្មភាពការងារមនុស្សធម៌ក្នុងពិភពលោក ដែលបានចូលរួមចំណែកដោះ- ស្រាយបញ្ហាខ្វះខាតក្នុងវិស័យសុខាភិបាល ប្រព័ន្ធវេជ្ជសាស្ត្រ និងការអប់រំផ្នែកវេជ្ជសាស្រ្តដល់បណ្តាប្រទេស កំពុងអភិវឌ្ឍន៍ក្នុងពិភពលោក។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិចែករំលែកសង្រ្គោះអាយុ ជីវិតសកល ដែលបានផ្តល់ជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នូវសម្ភារវេជ្ជសាស្រ្តលើកទី១ចំនួន ២៣មុខ សម្រាប់សង្រ្គោះជីវិតប្រជាជនកម្ពុជាដែលកំពុងជួបការលំបាក និងឧបករណ៍វេជ្ជសាស្រ្ត សំខាន់ៗមួយចំនួនដល់មន្ទីរពេទ្យផងដែរ។ កាយវិការដ៏សប្បុរសរបស់មូលនិធិចែករំលែកសង្រ្គោះជីវិតសកល ពិតជាបានរួមចំណែកជួយលើកកម្ពស់សុខមាលភាពរបស់ប្រជាជនកម្ពុជា និងផ្តល់កាលានុវត្តភាពឱ្យកម្ពុជាបើកដំណើរការពេញលេញនូវសង្គម-សេដ្ឋកិច្ចឡើងវិញតាមគន្លងប្រក្រតីភាពថ្មី។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយចំពោះគម្រោងជំនួយរបស់មូលនិធិចែករំលែកសង្រ្គោះអាយុជីវិតសកលសម្រាប់ការសាងសង់មជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ ដែលជាតម្រូវការចាំបាច់ និងជាក់ស្តែងរបស់ប្រជាជនកម្ពុជា។ សម្តេ ចបានស្នើឲ្យការពិភាក្សានេះ ឈានទៅដល់ការអនុវត្តគម្រោងឲ្យបានជោគជ័យឆាប់ៗនាពេលខាងមុខ។
សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់អំពីចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេស សភា និងប្រជាជន នៃប្រទេសទាំងពីរ ដែលមានការរីកចម្រើនឥតឈប់ឈរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច បទពិសោធន៍ វប្បធម៌ ប្រពៃណី និងលើវិស័យជាច្រើនទៀត។

សម្តេចប្រធានព្រឹទ្ធសភា បានអបអរសាទរដល់ការចុះអនុស្សរណៈយោគយល់គ្នារវាងព្រឹទ្ធសភា កម្ពុជា និងមូលនិធិចែករំលែកសង្រ្គោះអាយុជីវិតសកលនៃសាធារណរដ្ឋកូរ៉េ នាថ្ងៃនេះ ដែលតាមរយៈអនុស្ស-រណៈយោគយល់គ្នានេះ មូលនិធិចែករំលែកសង្រ្គោះអាយុជីវិតសកល និងបន្តកិច្ចសហប្រតិបត្តិការវិស័យ សុខាភិបាល និងការងារសប្បុរសធម៌ជាមួយនឹងព្រឹទ្ធសភាកម្ពុជាក្នុងរយៈពេល ៤ឆ្នាំ ដែលគិតជាទឹកប្រាក់ចំនួន ១០លានដុល្លារអាមេរិក។

សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរជូនគណៈប្រតិភូ មានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងឱកាសស្នាក់នៅប្រទេសកម្ពុជា ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner