រដ្ឋមន្រ្តីការបរទេសអាមេរិក ថ្លែងអំណរគុណដល់កិច្ចប្រឹងប្រែងរបស់កម្ពុជា ចំពោះភាពដឹកនាំជាប្រធានអាស៊ាន

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម Antony J. Blinken រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក បានគោរពថ្លែងអំណរគុណកម្ពុជា ចំពោះភាពដឹកនាំជាប្រធានអាស៊ាន, ការផ្ដល់ដីឱ្យសហរដ្ឋអាមេរិក សង់ស្ថានទូត, ការធ្វើដំណើរទៅប្រជុំដោយជោគជ័យនៅទីក្រុងវ៉ាសីនតោន, ការអនុញ្ញាតឱ្យកប៉ាល់ Westerdam ចូលចត ដែលនៅក្នុងនោះមានជនជាតិអាមេរិកចំនួន ៦០០នាក់, ការបោះឆ្នោតគាំទ្រសេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ លើបញ្ហារុស្ស៊ីឈ្លានពានអ៊ុយក្រែន, ការរុករកអធិធាតុទាហានអាមេរិកបាត់ខ្លួនក្នុងសម័យសង្គ្រាម, កិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក្នុងការស្វែងរកដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ។

ឯកឧត្តម Blinken បានគោរពជម្រាបជូនសម្ដេចតេជោថា ទិសដៅរបស់សហរដ្ឋអាមេរិក គឺមានទំនាក់ទំនងជាវិជ្ជមានជាមួយកម្ពុជា ឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ដូចជា៖ ទីផ្សារនាំចេញ និងជំនួយសម្រាប់ការអភិវឌ្ឍ។ល។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយ និងស្វាគមន៍ឯកឧត្តម Antony Blinken ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងកិច្ចប្រជុំពាក់ព័ន្ធ។ សម្តេចតេជោ បានសម្ដែងនូវការរីករាយជាមួយលទ្ធផលនៃជំនួបកំពូលអាស៊ាន-អាមេរិក កាលពីខែឧសភា ឆ្នាំ២០២២ និងជំនួបជាមួយសមាជិកព្រឹទ្ធសភា និងធុរជនអាមេរិកកន្លងទៅ នៅរដ្ឋធានីវ៉ាស៊ីនតោន។

សម្ដេចបានមានប្រសាសន៍ថា ការអនុញ្ញាតឱ្យកប៉ាល់ Westerdam ចូលចតនោះ ជាការងារមនុស្សធម៌ ប្រសិនបើកម្ពុជា មិនអនុញ្ញាតឱ្យចូលចត នោះប្រជាជននៅលើកប៉ាល់ ត្រូវដាច់ស្បៀង ដាច់ទឹក នឹងឈានទៅដល់មានគ្រោះមហន្តរាយដល់អាយុជីវិត ព្រោះមិនមានប្រទេសណាអនុញ្ញាតឱ្យចូលចតក្រៅពីកម្ពុជានោះទេ។

ចំពោះករណីបោះឆ្នោតគាំទ្រសេចកីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ លើបញ្ហារុស្ស៊ីឈ្លានពានអ៊ុយក្រែននោះ ជាគោលការណ៍ដែលកម្ពុជា ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ និងបទដ្ឋានដែលទទួលស្គាល់ពាក់ព័ន្ធនឹងការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាពរបស់ប្រទេសសមាជិកអង្គការសហប្រជាជាតិទាំងអស់ ។ កម្ពុជា អំពាវនាវឱ្យមានបទឈប់បាញ់គ្នា ចរចាដោយសន្តិវិធី និងការអត់ធ្មត់ជាទីបំផុត ។

ជាមួយគ្នានោះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្នើឱ្យមានការពិនិត្យឡើងវិញ អំពីការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ដែលទណ្ឌកម្មនេះ មិនប៉ះពាល់ត្រឹមតែរុស្ស៊ីនោះទេ ប៉ុន្តែប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកក្នុងនោះ រួមទាំងកម្ពុជាផងដែរ។

ពាក់ព័ន្ធទៅនឹងការស្វែងរកអធិធាតុទាហានអាមេរិក បាត់ខ្លួន នៅក្នុងអំឡុងពេលសង្គ្រាមនោះ កម្ពុជា បានធ្វើការជាមួយសហរដ្ឋអាមេរិកជាច្រើនឆ្នាំមក ហើយកម្ពុជា នៅតែបន្តសហការលើបញ្ហាការងារមនុស្សធម៌នេះ ។ កម្ពុជា មានការសោកស្ដាយ និងភ្ញាក់ផ្អើលចំពោះការអនុវត្តទោសប្រហារជីវិតសកម្មជន ៤រូបថ្មីៗនេះ នៅប្រទេសមីយ៉ាន់ម៉ា។ កម្ពុជា ក៏បានធ្វើប្រតិកម្មតាមរយៈការចេញសេចកីថ្លែងការណ៍ប្រធានអាស៊ាន នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២។ ទោះជាយ៉ាងនេះក៏ដោយ កម្ពុជា នៅតែប្ដេជ្ញាចិត្តខិតខំជួយឲ្យប្រទេសមីយ៉ាន់ម៉ា វិលទៅរកភាពប្រក្រតី និងដំណើរការតាមមាគ៌ាប្រជាធិបតេយ្យឡើងវិញ ។

ជាទីបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលដរាបរៀងមកជួយដល់កម្ពុជា ទាំងការងារមនុស្សធម៌ការបញ្ជូនវ៉ាក់សាំង ជួយដល់កម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ការជួយដល់ការងារវប្បធម៌ និងបេតិកភណ្ឌ តាមរយៈការបញ្ជូនវត្ថុបុរាណមកកម្ពុជាវិញ និងការជួយដល់កម្ពុជា លើវិស័យដទៃទៀត រួមទាំងវិស័យអប់រំ វិស័យបរិស្ថានជាដើម។ល។

សូមបញ្ជាក់ថា ឯកឧត្តម Antony J. Blinken រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក បានដឹកនាំគណៈប្រតិភូ មកដល់ប្រទេសព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោងជាង ៩យប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner