ព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញដោយសំឡេង៥៧លើ៥៧សំឡេង

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ត្រូវបានព្រឹទ្ធសភាអនុម័តដោយសំឡេងគាំទ្រ ៥៧សំឡេងលើ៥៧សំឡេង។ ការអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញនេះបានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៤ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះត្រូវបានធ្វើឡើងនៅក្នុងគោលបំណងសំខាន់ចំនួនពីរ ទី១.ធានាឲ្យស្ថាប័នកំពូលរបស់ជាតិ ពិសេសស្ថាប័ននីតិប្រតិបត្តិដែលមានបេសកកម្មដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តភាពនៃគ្រប់កាលៈទេសៈ និងទី២.ធានាការពារនិងថែរក្សាឲ្យបាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថេរភាពនយោបាយរបស់ប្រទេសជាតិ នៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងសម្រាប់ជាឧត្តមប្រយោជន៍ជាតិ សេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជាទាំងមូល។

ឯកឧត្តម ម៉ម ប៊ុននាង បានបញ្ជាក់ថា “ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនេះ គឺធ្វើឡើងយ៉ាងត្រឹមត្រូវស្របតាមគោលការណ៍ និងនីតិវិធីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ដែលជារបបដឹកនាំប្រទេសតាមបែបរបបសភានិយម ព្រមទាំងជាការលើកកម្ពស់នូវគោលការណ៍និងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលប្រជាជនកម្ពុជាបង្ហាញឆន្ទៈ និងប្រើសិទ្ធិអំណាចរបស់ខ្លួនតាមរយៈការបោះឆ្នោត ស្របតាមគោលការណ៍ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ និងបទដ្ឋានគតិយុត្តជាធរមានរបស់ជាតិ”។

អ្នកនាំពាក្យព្រឹទ្ធសភាបានអះអាងថា “ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនេះ ក៏ដូចជាការធ្វើវិសោធនកម្មទាំង៩លើកកន្លងទៅ គឺសុទ្ធតែបានធ្វើឡើងដើម្បីការពារឧត្តមប្រយោជន៍របស់ជាតិ ជាពិសេសការបំពេញចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងការធានាឲ្យស្ថាប័នរបស់រដ្ឋមានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូនមិនជាប់គាំង និងធានាបាននៅនិរន្តភាពនៃគ្រប់កាលៈទេសៈទាំងអស់”។

សូមបញ្ជាក់ថា សម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា បានធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្ម មាត្រា ១៩ថ្មី (មួយ) មាត្រា ៨៩ មាត្រា ៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា ១១៩ថ្មី ( មួយ ) និង មាត្រា ១២៥ ថ្មី នៃ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជា និង មាត្រា ៣ថ្មី និង មាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតី នៃ ស្ថាប័នជាតិ ក្នុងសំឡេង១០៥លើ១០៦ សំឡេង៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា

ads banner