សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រទី៥ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលសញ្ញាបត្រ បណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភ្នំពេញ ដែលពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងចំថ្ងៃខួបកំណើតរបស់ សម្តេចតេជោ គម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ។ សម្តេចតេជោ បានប្រសូតនៅថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ១៩៥២។
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយរូបរបស់កម្ពុជា បានលះបង់អស់កម្លាំងកាយចិត្ត និងបញ្ញាញាណ ជាមួយទឹកចិត្ត ឆន្ទៈមនសិកាស្នេហាជាតិ និងប្រជាជនយ៉ាងជ្រាលជ្រៅ ក្នុងការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា។ កម្ពុជា ជាប្រទេសដែលបានរងការយាយី និងបំផ្លាញខ្ទេចខ្ទីព្រោះតែភ្លើងសង្គ្រាម។
ក្នុងនាមជាមេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ និងប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨៥មក សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ និងប្តូរផ្តាច់យ៉ាងខ្លាំងក្លាបំផុត។
ឯកឧត្តម បណ្ឌិតសភាចារ្យ បានបន្តថា ក្រោមកិច្ចប្រឹងប្រែងដោយមិនខ្លាចនឿយហត់ និងឥតសន្សំសំចៃកម្លាំងកាយចិត្ត និងបញ្ញាញាណ សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាដែលរុំព័ទ្ធដោយផ្សែងនៃភ្លើងសង្គ្រាម រុំព័ទ្ធដោយភាពក្រីក្រ ក្លាយទៅជាប្រទេសមួយមានសុខសន្តិភាព មានការអភិវឌ្ឍ និងទទួលបានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាការទទួលស្គាល់ចំពោះស្នាដៃដ៏ចំណានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជាឱ្យមានភាពចម្រើនលូតលាស់ ប្រជាពលរដ្ឋរស់នៅក្នុងវិបុលភាព។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ គឺជាការផ្តល់តម្លៃយ៉ាងខ្ពស់ខ្ពស់បំផុតចំពោះមគ្គុទ្ទេសក៍ឯករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងភាពជាអ្នកដឹកនាំ និងជាអ្នកកសាងអភិវឌ្ឍន៍ដ៏អស្ចារ្យមួយរបស់សង្គមកម្ពុជា។
នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ជូនសម្តេចនាពេលនេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចជាអ្នករៀនសូត្រមួយជីវិត ដរាបណានៅមានជីវិត គឺសម្តេចរៀនជារៀងរហូតតែម្តង។ សម្តេចតេជោបានថ្លែងអំណរគុណជំពោះឧត្តមភរិយាដែលតែងតែគាំទ្រ និងផ្តល់កម្លាំងចិត្តដល់សម្ដេចជានិច្ច ។ សម្តេចក៏បានថ្លែងនូវការកោតសរសើរកូនៗ ដែលតែងតែស្តាប់ដំបូន្មានរបស់សម្តេចជាឪពុក ធ្វើឱ្យសម្តេចក្លាយទៅជាឪពុកដ៏ល្អ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណ ដល់ព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលបានប្រទានពរដល់សម្តេច ក្នុងឱកាសខួបកំណើតសម្តេចនាថ្ងៃនេះ និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលបានផ្ញើសារជូនពរសម្តេចផងដែរ។ សម្ដេចតេជោ បានធ្វើការអរគុណ ដល់សត្រូវរបស់សម្ដេច ដែលធ្វើឱ្យសម្ដេចខិតខំសិក្សារៀនសូត្រពីរបៀបការពារសន្ដិភាព ស្ថិរភាព សេដ្ឋកិច្ចកម្ពុជា រហូតត្រូវបានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទទួលស្គាល់និងផ្ដល់សញ្ញាបត្រកិត្តិយសផ្នែកអភិវឌ្ឍន៍ពីសាកលវិទ្យាល័យ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីភាពជោគជ័យចំនួន២ ដែលធ្វើឱ្យកម្ពុជា អាចរៀបចំកិច្ចប្រជុំអាស៊ានបាន បន្ទាប់ពីកិច្ចប្រជុំនេះ មិនអាចធ្វើបានដោយពេញលេញ២ឆ្នាំមកហើយ នោះគឺកត្តាសន្ដិភាព និងការគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អរបស់កម្ពុជា ដែលនាំឱ្យថ្នាក់មន្ត្រីជាន់ខ្ពស់របស់ប្រទេសអាស៊ាន និងប្រទេសជាមិត្ត អាចធ្វើដំណើរមកចូលរួមកិច្ចប្រជុំ និងកម្សាន្តបានយ៉ាងល្អ គ្មានបញ្ហាកើតឡើង។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការកាន់តំណែងជាប្រធានអាស៊ាន ឆ្នាំ២០២២ គឺមិនមែនជារឿងងាយស្រួលនោះទេ ព្រោះមានបញ្ហាជាច្រើន ដែលមិនធ្លាប់មានពីមុនមកដែលត្រូវដោះស្រាយ។ សម្ដេចបានមានប្រសាសន៍ថា សូម្បីតែការរៀបចំកៅអីសម្រាប់រដ្ឋមន្ត្រីការបរទេសប្រទេសនីមួយៗអង្គុយ ក៏ត្រូវគិតគូរឱ្យបានច្បាស់លាស់ ដោយសារប្រទេសទាំងនោះ កំពុងមានបញ្ហាប្រឈមដាក់គ្នា។ សម្ដេចបន្ថែមថា កុំថាឡើយការរៀបកៅអី ការចេញសេចក្ដីថ្លែងការណ៍ ក៏មិនងាយស្រួលដែរ តែសម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជា នៅតែមានសមត្ថភាពសម្របសម្រួល។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់មូលហេតុសំខាន់ៗ ៤ចំណុច ដែលកម្ពុជាប្តូរផ្តាច់ចូលអាស៊ាន ដែលចំណុចទី១-គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង (មិនលូកដៃចូលក្នុងបញ្ហាផ្ទៃក្នុងរបស់ប្រទេសសមា ជិកអាស៊ានដូចគ្នា)។ ទី២-ស្មារតីសហគមន៍ (កម្ពុជាគោរពតាមកុងសង់ស៊ីស ជាគោលការមិនធ្វើរំលងគ្នា មិន ថា ប្រទេស អ្នក មាន ប្រសទេអ្នកក្រ តូច ធំ គឺស្មើគ្នាទាំងអស់) ។ ទី៣-កម្ពុជាទទួលបានផលប្រយោជន៍ច្រើនពីសមាហរណកម្មអាស៊ាន តាមរយៈការទទួលបាន នូវការ បណ្ដុះ បណ្ដាលធនធានមនុស្ស និងតាមរយៈដៃគូពាណិជ្ជកម្មនានា ដែលបាន ជួយកាត់បន្ថយគម្លាតក្រីក្រ នៅក្នុងប្រទេសនីមួយៗយ៉ាងមានប្រសិទ្ឋភាពទៀតផង។ ទី៤-ជាច្រកទ្វារចេញចូលការទូតដែលមានទំហំធំធេងសម្រាប់កម្ពុជា ដែលយើងត្រូវការពង្រឹង កិច្ចសហប្រតិបត្តិការឲ្យបានកាន់តែច្រើន។ សម្ដេច ថា ប្រសិនបើកម្ពុជា មិនបានចូលជាប្រធានអាស៊ានទេ សួរថា តើមេដឹកនាំធំៗនៅតាមបណ្តាប្រទេសនានា មកកម្ពុជា ដើម្បីអ្វីនៅពេលនេះ ។ សម្ដេចតេជោ ដែលជាប្រធានអាស៊ានឆ្នាំ២០២២ ក៏បានធ្វើការសុំអភ័យទោសពីប្រជាពលរដ្ឋចំពោះបញ្ហាបិទផ្លូវញឹកញាប់នៅប៉ុន្មានថ្ងៃនេះ ដោយសារមានការប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលការនេះ គឺធ្វើដើម្បីមុខមាត់ជាតិតែប៉ុណ្ណោះ ។
សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ទៀតថា នៅថ្ងៃទី០៦សីហា រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងចុះហត្ថលេខា ផ្តល់ជំនួយដល់កម្ពុជា ដើម្បីបន្តការអភិវឌ្ឍន៍កំពង់ផែព្រះសីហនុ ឱ្យមានជម្រៅទឹកកាន់តែជ្រៅ ដែលអាចឱ្យនាវាធំៗដឹកចេញ-ចូលផ្ទាល់តែម្តង និងអាចផ្ទុកទំងន់បានដល់ ១២០០០ពាន់តោន។ ជាមួយគ្នានេះ សម្តេច បានលើកឡើងថា សម្តេចនឹងចូលរួមបុណ្យសពលោក Shinzo Abe នៅថ្ងៃទី ២៧ កញ្ញា ឆ្នាំ២០២២ខាងមុខនេះផងដែរ ។
នៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារទៅកាន់មនុស្សដែលថា សម្ដេចល្ងង់ មិនចេះធ្វើនយោបាយ ឱ្យមើលពីខ្លួនឯងវិញ ដែលអោយសម្ដេចប្រើបានក្នុងការកែប្រែរដ្ឋធម្មនុញ្ញពី ២ភាគ៣ មក៥០ភាគរយ បូក១ កាលពីឆ្នាំ២០០៦ ។ កាលពីឆ្នាំ២០០៦ មេដឹកនាំគណបក្សសមរង្ស៊ី លោក សម រង្ស៊ី បានស្នើសុំទៅកាន់សភា ដើម្បីរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កែប្រែការបង្កើតរដ្ឋាភិបាលពី ២ភាគ៣ មក៥០ភាគរយបូក១វិញ។ ការនេះសម្ដេច បានទម្លាយថា ការធ្វើវិសោធនកម្មនេះ គឺដោយសារការបើកភ្លើងខៀវពីសម្ដេច។
សម្ដេចបានចោទសួរថា៖ ប៉ុន្មានថ្ងៃនេះ គេថាខ្ញុំល្ងង់ តែបើល្ងង់មិនមែន ខ្ញុំធ្វើជានាយករដ្ឋមន្រ្តីជាង៤៣ឆ្នាំ ប៉ុលពតដួលរលំ តែ ហ៊ុន សែន នៅក្នុងអំណាចជាង៤០ឆ្នាំ ខ្ញុំនិយាយតាមមួយបែបទៅចុះបើ ហ៊ុន សែន ល្ងង់ហើយ តើអ្នកដែលហ៊ុន សែន ប្រើបានគឺជាស្អី? ខ្ញុំប្រើក្បាលអ្នកឯងឱ្យជួយកែរដ្ឋធម្មនុញ្ញនោះជាស្អីទៅ? បើមិនមែនហ៊ុន សែន ជាអ្នកប្រើក៏មិនលោកឯងហ៊ានស្នើដែរ?។ ដោយសារមានការជាប់គាំងក្នុងការបង្កើតរាជរដ្ឋាភិបាល សមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្ស សម រង្ស៊ី បានចាប់ដៃគ្នាកែប្រែរូបមន្តបង្កើតរដ្ឋាភិបាលពី ២ភាគ៣ ទៅ ៥០%+១ កាលពីឆ្នាំ២០០៦ ដែលធ្វើឱ្យគណបក្សដែលឈ្នះលើ៥០ភាគរយបូក១នៃសមាជិកសភាអាចបង្កើតរាជរដ្ឋាភិបាលដោយគ្មានភាពប្រទាំងប្រទើសចាប់ពីពេលនោះមក។
ថ្លែងទាក់ទងនឹងជំងឺអុតស្វា សម្ដេចតេជោ បានណែរនាំឱ្យលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល យកវ៉ាក់សាំងអុតស្វា ដែលជាវ៉ាក់សាំងតេស្តរបស់រុស្ស៊ី យកទៅពិសោធន៍។ សម្ដេចថា ជំងឺអុតស្វា ហាក់មានការពិបាកព្យាបាលជាងជំងឺកូវីដ-១៩ ទៅទៀត ខណៈអ្នកជំងឺអុតស្វា ជនជាតិនីហ្សេរីយ៉ា នៅតែធ្វើតេស្តឃើញវិជ្ជមាននៃជំងឺនេះដដែល។ បើតាមសម្ដេចតេជោ ប្រទេសរុស្ស៊ី បានផ្ញើវ៉ាក់សាំង សម្រាប់ធ្វើតេស្តចំនួន៥០០តេស្ត មកកាន់ប្រទេសកម្ពុជា។ សម្ដេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជំងឺអុតស្វានេះផងដែរ ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីការដាក់ទណ្ឌកម្មដល់រុស្ស៊ី ដែលបង្កើតវិបត្តិសកល និងមិនមែនជាជម្រើសល្អនោះទេ។ សម្តេច បានរំលឹកពីការជំនួបរវាងសម្តេចជាមួយបណ្តារដ្ឋមន្ត្រីការបរទេសនានា ជាពិសេស ប្រទេសមហាអំណាចដូចជា៖ សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ជាដើមនោះ សម្តេច តែងតែលើកឡើងឱ្យមានការពិចារណាឡើងវិញ ពីការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី។ សម្ដេច ក៏បានប្រកាសថា ពេលនេះអឺរ៉ុប ចាប់ផ្តើមប្រើប្រាស់ធ្យូងថ្មឡើងវិញ ឆ្លើយតបទៅនឹងវិបត្តិថាមពល ហើយកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ ដែលសន្យាឈប់ផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្ម ក៏លែងមានន័យអ្វីទៀតដែរ ៕ ដោយ វណ្ណលុក


















