សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បន្តប្រគល់ផ្ទះមនុស្សធម៌ទី១១ ជូនជនចាស់ជរាទ័លលំបាក ១គ្រួសារ នៅឃុំតាអុង ស្រុកចំការលើ

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញចុះប្រគល់ផ្ទះបន្ទាប់ទី១១ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត និង សាលាគណខេត្ត ជូនជនចាស់ជរាទ័លលំបាក ១គ្រួសារ ឈ្មោះ ខៀវ ខេត អាយុ ៧២ឆ្នាំ រស់នៅ ភូមិទួលប្រាក់ ឃុំតាអុង ស្រុកចំការលើ។

គួររំលឹកថា លោកតា ខៀវ ខេត និងប្រពន្ធឈ្មោះ រិទ្ធ ហុន អាយុ ៧០ឆ្នាំ ជាជនចាស់ជរាទ័លលំបាក រស់នៅពឹងអាស្រ័យតែលើការជួយរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយ: ប័ណ្ណសមធម៌ ក្រ ២ ។ ពួកគាត់ មានកូនប្រុសស្រី ៣នាក់ បានរៀបការបែកគ្រួសារ ខណ:ពួកគេ ក៏មានជីវភាពលំបាកដូចគ្នា មិនអាចពឹងពាក់បាន ។ ច្រើនឆ្នាំមកនេះ តា ខៀវ ខេត វ័យកាន់តែចាស់ និងមានជំងឺលើសឈាមថែមទៀត រីឯ យាយ រិទ្ធ ហុន ក៏ពិការត្រគៀកខាងស្តាំ នាំឱ្យជីវភាពកាន់តែលំបាក សូម្បីជម្រកស្នាក់នៅ ក៏រស់នៅក្នុងកូនរោងដោលតូចទ្រុឌទ្រោមខ្លាំង ដែលដំបូល-ជញ្ជាំងប្រក់ បាំងស្លឹក ធ្លុះធ្លាយ ស្ទើរតែពុំអាចស្នាក់នៅបាន ពេលមានភ្លៀងម្តងៗ ។ ទោះជាយ៉ាងណា ជាង ១០ឆ្នាំមកនេះ យាយ រិទ្ធ ហុន ក៏បានចូលរួមបំពេញការងារសង្គមយ៉ាងសកម្ម ក្នុងតួនាទីជាអនុប្រធានភូមិ និងជាភ្នាក់ងារស្ម័គ្រចិត្តព្យាបាលជម្ងឺគ្រុនចាញ់ ប្រចាំភូមិទួលប្រាក់ផងដែរ។

មើលឃើញពីស្ថានភាពលំបាកនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម×៦ម) ១ខ្នង តម្លៃប្រមាណ ១០,០០០,០០០រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណ អនុសាខាស្រុក សាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកកំពង់សៀម និងសប្បុរសជន ជូន តា ខៀវ ខេត និង យាយ រិទ្ធ ហុន សម្រាប់ស្នាក់នៅជាកម្មសិទ្ធិ តទៅ។

ឯកឧត្តម អ៊ុន ចាន់ដា បានរំលឹកប្រាប់ដល់អ្នកចូលរួម និង ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាអនាម័យ សំអាតលំនៅដ្ឋាន ដុតកំទេចចោលវត្ថុដក់ទឹកនានា បំផ្លាញជម្រកមូសខ្លា សម្រាន្តក្នុងមុង ដើម្បី ការពារជម្ងឺគ្រុនឈាម និង ស្វែងយល់ អំពីរោគសញ្ញានិងការពារការឆ្លងជម្ងឺអុតស្វា ដែលពិភពលោកកំពុងចាប់អារម្មណ៍ ។ ជាមួយនោះ បុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ ត្រូវបន្តរៀនរស់ជាមួយជម្ងឺកូវីដ-១៩ ដែលចាំបាច់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល ” ៣ការពារ ៣កុំ ” និង ជំរុញការចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់គ្នា ។

ដើម្បីជួយសម្រាលជីវភាពរស់នៅ , សាខា បានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូនគ្រួសារ លោកតា ខៀវ ខេត សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២, ម៉ាស់ ២ប្រអប់ , សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល ។

ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន ១២នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ម៉ាស់ ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ ៕ លី ពៅ

ads banner