កូនភ្លោះ ខ្មែរឥស្លាម ៣នាក់ នៅស្រុកចំការលើ ទទួលបានអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម

អត្ថបទដោយ៖
លី ពៅ

ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម រួមជាមួយ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា ប្រធានក្រុមការងារឥស្សរជនឆ្នើម ថ្នាក់សាខា លោកស្រី ហេរញ្ញឹកសាខា និងលោកប្រធានគណៈកម្មាធិការអនុសាខាស្រុក បានអញ្ជើញអមដំណើរ ឯកឧត្តម សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ នាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន ៖ អង្ករ ៥០គក្រ ស្ករស ០៥គក្រ ទឹកដោះគោម្សៅ ២កេស សារ៉ុង ក្រមា ២ និងថវិកាចំនួន ៥.០០០.០០០រៀល ផ្តល់ជូន ប្អូនប្រុស យូ ហ៊ាត អាយុ ៣១ឆ្នាំ និង ភរិយាឈ្មោះ ម៉ូត ណះម៉ះ អាយុ ២៥ឆ្នាំ ជាខ្មែរឥស្លាម មានទីលំនៅ ភូមិអកម៉ូក ឃុំជយោ ស្រុកចំការលើ ដែលប្រសូតបានកូនភ្លោះ ៣នាក់ ( ស្រី ២នាក់ ) កាលពីរសៀល ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ ហើយបានសម្រាក នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម ។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ក៏បានឧបត្ថម្ភបន្ថែម នូវសម្ភារៈប្រើប្រាស់សម្រាប់ទារក ៣ឈុត មី ទឹកសុទ្ធ ទឹកដោះគោឆៅ ស្ករស និង ថវិកាចំនួន ៥០០.០០០រៀលផងដែរ ។
សូមរំលឹកផងដែរថា ទារក ទារិកាភ្លោះ ទាំង ៣នាក់ នេះ ជាកូនភ្លោះទី ៣៨៩ ដែលទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៕ លី ពៅ

ads banner