ឯកឧត្តម ហ៊ុន ម៉ានិត ត្រូវបានតែងតាំងជា អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ នៃស្រុកចំការលើ និងស្រុកស្ទឹងត្រង់ ព្រមទាំងផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការតែងតាំង ឯកឧត្តម ហ៊ុន ម៉ានិត ជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ដែលរៀបចំធ្វើនៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាស្រុកចំការលើ និងស្រុកស្ទឹងត្រង់ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។

បន្ទាប់ពីឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម ឡើងអានលទ្ធផលសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រួចមក ឯកឧត្តម ហ៊ុន ម៉ានិត បានប្តេជ្ញាចិត្តក្នុងនាមជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាមថា នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពគោរពគោលការណ៏ និងមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដោយឥតងាករេ និងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដោះស្រាយរាល់ការលំបាក និងភាពថ្នាំងថ្នាក់និងសំណូមពររបស់ប្រជាពលរដ្ឋ ជម្រុញការអភិវឌ្ឍន៍នៅគ្រប់មូលដ្ឋាន សំដៅលើកកម្ពស់ជីវភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ក្នុងនាមសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋខេត្តកំពង់ចាម ដែលតែងតែផ្តល់ការគាំទ្រសម្តេចតេជោ ហ៊ុន សែន និងតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាច្រើនអាណត្តិកន្លងមក ទាំងការបោះឆ្នោតជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសថ្មីៗនេះគឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបងប្អូនបានបោះឆ្នោតជូនបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជា មានឱកាសបន្តបំពេញកាតព្វកិច្ចក្នុងការបម្រើប្រជាជនឱ្យកាន់តែមានជីវភាពសម្បូរសប្បាយ និងដឹកនាំអភិវឌ្ឍឃុំ សង្កាត់បន្តទៀត និងសូមអរគុណដល់សមាជិក សមាជិកាគណបក្សក្រុង ស្រុកទាំងអស់ ព្រមទាំងក្រុមការងារថ្នាក់កណ្តាល និងថ្នាក់ខេត្ត ដែលបានខិតខំប្រឹងប្រែងក្នុងការបម្រើ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងសមាជិកសមាជិកាគណបក្សយើងនៅមូលដ្ឋានជាប់ជាប្រចាំ និងបានចំណាយធនធានថវិកា និងសម្ភារៈ ដើម្បីរួមចំណែកអភិវឌ្ឍមូលដ្ឋាន ដោះស្រាយការលំបាករបស់ប្រជាជន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា ខួបទី៧១ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា ដែលប្រារព្ធធ្វើថ្មីៗនេះ គឺក្នុងបរិយាកាសល្អប្រសើរពោរពេញដោយក្តីរីករាយ, រីករាយទី១. ចំពោះជោគជ័យនៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ និងសង្ឃឹមថានឹងទទួលបានជ័យជំនះក្នុងការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧, និងទី២. ផ្សារភ្ជាប់ទៅនឹងខួបលើកទី៤៥ នៃការតស៊ូរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត, រំដោះប្រទេស និងប្រជាជនកម្ពុជា ពីការកាប់សម្លាប់ដ៏រង្គាល នៃរបបយង់ឃ្នងនេះ។ ដូចនេះ យើងត្រូវការពារសន្តិភាពឲ្យបានគង់វង្សទោះក្នុងតម្លៃណាក៏ដោយ។ ដើម្បីរក្សាប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាឆ្នាំ២០២៣ ”ខាងមុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍ចំនួន ១៦ចំនុច ដល់ក្រុមការងារថ្នាក់កណ្តាល និងថ្នាក់ខេត្តចុះជួយក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីយកទៅអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព៕ ប្រភព ៖ គណៈរដ្ឋមន្ត្រី+សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner