អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) ស្រុកចំការលើ

ស្រុកចំការលើ ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) នៅស្រុកចំការលើ ។

ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា សិក្ខាសាលាសមាហរណកម្ម នាពេលនេះ ជាសូចនាករ មួយបង្ហាញពីការចូលរួមក្នុងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ។ ការវិវត្ត នៃកិច្ចដំណើរការកំណែ ទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមរយ: គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ប្រកបដោយការជឿជាក់យ៉ាងខ្លាំង ចំពោះ តួនាទីដ៏មានសារៈសំខាន់ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមមូលដ្ឋាន សំដៅលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ និងចូលរួមចំណែកការបន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព ។

ផ្តើមចេញពីឆន្ទៈ និងជំនឿជឿជាក់នេះ ក្នុងអំឡុងជិត២ទសវត្សរ៍កន្លងមក រាជរដ្ឋាភិបាលបានជំរុញ និងគាំទ្រយ៉ាងសកម្មដល់ការរៀបចំ និងការអនុវត្តកម្មវិធីកំណែទម្រង់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។ ក្នុងន័យនេះ រដ្ឋបាលឃុំ បានក្លាយទៅជា រដ្ឋបាលថ្នាក់មូលដ្ឋាន ដែលមានមុខងារសំខាន់ ក្នុងការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច នៅតាមមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ច របស់ខ្លួន ។

យ៉ាងណាមិញ ដោយផ្អែកតាមផែនការអភិវឌ្ឍន៍របស់រដ្ឋបាលឃុំ ដែលត្រូវចាប់ផ្តើមរៀបចំ និងអនុវត្តនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ÷ ការសាងសង់ផ្លូវលំ ស្ពាន អណ្តូងទឹក ប្រឡាយទឹក អគារសាលារៀន និងគម្រោងផ្តល់សេវាផ្សេងៗទៀតពាក់ព័ន្ធ នឹងការផ្តល់សេវាសាធារណៈ ការផ្សព្វផ្សាយព័ត៌មាន អំពីបញ្ហាសុខភាព និងអនាម័យតាមជនបទ ការផ្សព្វផ្សាយចំណេះដឹងអំពីបញ្ហាយេនឌ័រ ការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ដោយប្រើប្រាស់មូលនិធិឃុំ និងធនធានពីប្រភពផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពនានា របស់ប្រជាជន នៅតាមមូលដ្ឋាន ។

តាមរយៈ ដំណើរការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥) របស់រដ្ឋបាល ស្រុក និងឃុំ សង្កេតឃើញថា សំណើគម្រោងកម្មវិធីវិនិយោគ របស់រដ្ឋបាលស្រុកចំការលើ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ធនធានធម្មជាតិ បរិស្ថាន និងផ្នែករដ្ឋបាល សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសំណើគម្រោងវិនិយោគឃុំ ដែលជាតម្រូវការជាអាទិភាពកំពុងស្វែងរកថវិកាគាំទ្រ សម្រាប់អនុវត្តឆ្នាំ២០២៣ ។ ដូចនេះ ទាមទារឲ្យមានការចូលរួម គាំទ្រពីមន្ទីរ អង្គភាព អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន រួមគ្នាដោះស្រាយបញ្ហាដែលកើតមាន នៅមូលដ្ឋាន ៕ លី ពៅ

ads banner