ជប៉ុនរកឃើញអ្នកឆ្លងជំងឺអុតស្វាទី៣

តូក្យូ៖ អាជ្ញាធរសុខាភិបាលជប៉ុនបានបញ្ជាក់ពីករណីឆ្លងទីបី នៃជំងឺអុតស្វា។ មន្ត្រីនៅក្រសួងសុខាភិបាលជប៉ុនបាននិយាយថា មេរោគនេះត្រូវបានរកឃើញនៅក្នុងខ្លួនបុរសម្នាក់អាយុ២០ឆ្នាំ ដែលជាកម្លាំងរបស់មូលដ្ឋានទ័ពអាកាស Yokota របស់សហរដ្ឋអាមេរិកក្នុងទីក្រុងតូក្យូ។

មន្រ្តីដដែលបាននិយាយថា បុរសនោះបានទៅពិនិត្យសុខភាពនៅស្ថាប័នវេជ្ជសាស្ត្រនៅឯមូលដ្ឋានកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីមានរោគសញ្ញាមួយចំនួន រួមមានឈឺក្បាល ឈឺខ្លួន និងកន្ទួលលើស្បែក។

រដ្ឋាភិបាលទីក្រុងតូក្យូ បានបញ្ជាក់ថា លោកបានឆ្លងជំងឺអុតស្វាកាលពីថ្ងៃសុក្រសប្តាហ៍នេះ។ បច្ចុប្បន្ន បុរសនោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅមូលដ្ឋានខាងលើ។ មន្រ្តីបានបញ្ជាក់ថា បុរសនោះមិនមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសនាពេលថ្មីៗនេះទេ ប៉ុន្តែបានទាក់ទងជាមួយមនុស្សម្នាក់ដែលមកពីបរទេស មុនពេលមានរោគសញ្ញា។ ក្រសួងសុខាភិបាលកំពុងធ្វើការជាមួយរដ្ឋាភិបាលក្នុងតំបន់ និងយោធាអាមេរិក ដើម្បីតាមដានមធ្យោបាយចម្លង និងកំណត់ថាតើមាននរណាម្នាក់ផ្សេងទៀត ដែលបានទាក់ទងជិតស្និទ្ធជាមួយបុរសនោះឬអត់។

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ករណីឆ្លងជំងឺអុតស្វាចំនួន ២៦,៨៦៤ ត្រូវបានរាយការណ៍នៅក្នុងប្រទេស និងតំបន់ចំនួន ៨៨។ ភាគច្រើនគឺនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ខណៈដែល WHO បានប្រកាសអាសន្នជំងឺអុតស្វាជាអន្តរជាតិកាលពីខែមុន៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner