សម្ដេចក្រឡាហោម ស ខេង ស្នើឱ្យថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សគ្រប់ថ្នាក់ក្នុងខេត្តបាត់ដំបង បន្តការបំពេញភារកិច្ចបម្រើជាតិ បម្រើប្រជាជនឱ្យបានល្អ

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតី កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច សន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា សេចក្ដីសម្រេច សន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ដែលបានផ្សាយនាឱកាសនេះ គឺជាមូលដ្ឋានបង្អែកដើម្បីចាត់ចែងការងាររហូតដល់មានការដាក់ចេញផែនការបន្ថែមទៀត សម្រាប់ដំណើរឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា នៅឆ្នាំ២០២៣ខាងមុខនេះ ។

សម្ដេចបានរម្លឹកថា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ សម្ដេចរួមនឹងអង្គប្រជុំ ធ្លាប់បានជួបជុំគ្នាម្ដងរួចហើយ ដោយយការជួបជុំនាពេលនោះ ដើម្បីបូកសរុបបទពិសោធន៍ និងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់ខេត្តបាត់ដំបង និងដើម្បីជាការចូលរួមជាមួយគណៈកម្មាធិការកណ្ដាល ក្នុងការត្រៀមរៀបចំខ្លឹមសារបម្រើឱ្យសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សកាលពីពេលថ្មីៗនេះ។

ជាមួយនឹងប្រធានបទសំខាន់ៗជាច្រើនដែលសម្ដេចក្រឡាហោម បានថ្លែងទៅកាន់អង្គប្រជុំ សម្ដេចបានមានប្រសាសន៍ថា កម្ពុជា បាននិងកំពុងមានសុខសន្តិភាព មានស្ថេរភាពយ៉ាងរឹងមាំ ហើយសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក៏មានភាពល្អប្រសើរជាបន្តបន្ទាប់ដែលបង្កលក្ខណៈសម្បត្តិដល់ការចាត់តាំងរៀបចំការបោះឆ្នោតឃុំ សង្កាត់ កាលពីពេលថ្មីៗ ប្រកបដោយសុវត្ថិភាព និងបង្កលក្ខណៈសម្បត្តិដល់វិស័យផ្សេងៗទៀត រួមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។

សម្ដេចស្នើឱ្យថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សគ្រប់ថ្នាក់ក្នុងខេត្តបាត់ដំបង បន្តការបំពេញភារកិច្ចបម្រើជាតិ បម្រើប្រជាជនឱ្យបានល្អ ដើម្បីបន្តទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងត្រូវបន្តចិញ្ចឹមចលនាគណបក្សឱ្យបានរឹងនាំ ដើម្បីពង្រឹងកម្លាំងគាំទ្រប្រកបដោយគុណភាព។ សម្ដេចក៏បានណែនាំឱ្យបន្តជំរុញប្រជាពលរដ្ឋ ពិសេសសមាជិកបក្សដែលមិនទាន់បានចុះឈ្មោះ ឬដល់អាយុត្រូវចុះឈ្មោះ ត្រៀមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner