រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានអបអរសាទរកម្ពុជាសម្រាប់ភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ 

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Bilawal Bhutto Zardari រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៩ រៀបចំដោយកម្ពុជា។

ឯកឧត្ដមរដ្ឋមន្ត្រី Bilawal Bhutto Zardari បានអបអរសាទរកម្ពុជាចំពោះភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ ឯកឧត្ដមរដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ដោយក្តីរីករាយចំពោះទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការធ្វើការយ៉ាងជិតស្និទ្ធបន្ថែមទៀតដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ជាពិសេសលើវិស័យនយោបាយ    និងសេដ្ឋកិច្ច   ខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបលើកទី៧០   នៃទំនាក់ទំនងការទូតនៅឆ្នាំនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេស Bilawal Bhutto Zardari បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់។ ក្នុងគោលដៅនេះ ឯកឧត្តមរដ្ឋមន្ត្រី Bilawal Bhutto Zardari បានអញ្ជើញឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅបំពេញទស្សនកិច្ច នៅប៉ាគីស្ថាន ក្នុងពេលវេលាមួយសមស្រប។

ក្រសួងការបរទេសនៃប្រទសទាំងពីរ បានឯកភាពជំរុញឱ្យមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីជាចំណុចចាប់ផ្តើមសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសការជំរុញពាណិជ្ជកម្ម ការបង្កើតទំនាក់ទំនងរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ និងការផ្សារភ្ជាប់រវាងប្រជាជននិងប្រជាជន៕

ដោយ៖ពលជ័យ

ads banner